ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាក ប្រមូលមីហឹរកូរ៉េខាងត្បូង៣ប្រភេទ ក្រោយរកឃើញសារធាតុបង្កហានិភ័យដល់សុខភាព
អាជ្ញាធរចំណីអាហារនៅប្រទេសដាណឺម៉ាក បានប្រកាសប្រមូលមកវិញនូវផលិតផលមីហឹរចំនួនបីប្រភេទដែលនាំចូលពីប្រទេសកូរ៉េខាងត្បូង ដោយសារហានិភ័យដែលអាចមកពីរសជាតិដ៏ហឹររបស់មីទាំងបីប្រភេទនោះ និងស្នើឲ្យអ្នកដែលបានទិញបោះចោល ឬប្រគល់ទៅឲ្យអ្នកលក់វិញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ព័ត៌មាន AP នៅថ្ងៃទី ១៣ ខែ មិថុនានេះ។

យោងតាមរដ្ឋបាលបសុពេទ្យ និងចំណីអាហារប្រទេសដាណឺម៉ាក បានឲ្យដឹងថា ផលិតផលនេះមានផ្ទុកសារធាតុ capsaicin កម្រិតខ្ពស់ពេក ដែលជាសារធាតុសកម្មនៅក្នុងម្ទេស និងក៏ជាសារធាតុគីមីដែលអាចជាសារធាតុ neurotoxin ដែលគ្រោះថ្នាក់ដល់សុខភាព។ ខណៈកុមារ និងមនុស្សចាស់ដែលមានសុខភាពខ្សោយ មានហានិភ័យជាងគេពីការបរិភោគមីប្រភេទនេះ ដោយរោគសញ្ញាដែលអាចកើតឡើងមានដូចជា ការក្រហាយទ្រូង មិនស្រួលខ្លួន ចង្អោរ ក្អួត និងលើសសម្ពាធឈាម។ ការប្រកាសប្រមូលនេះក៏ស្របពេលក្មេងៗ និងក្មេងជំទង់ជាច្រើននៅក្នុងប្រទេសដាណឺម៉ាកបានធ្វើការប្រកួតប្រជែងបរិភោគមីរបស់កូរ៉េខាងត្បូងទាំងបីប្រភេទនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
មីហឹរទាំងបីប្រភេទនេះត្រូវបានផលិតដោយក្រុមហ៊ុន Samyang Foods ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ដែលជាក្រុមហ៊ុនធំមួយរបស់កូរ៉េខាងត្បូង និងចែកចាយទូទាំងពិភពលោក។ មីដែលត្រូវប្រមូលមកវិញមានដូចជា Buldak Samyang 3 x Spicy & Hot Chicken, Buldak Samyang 2 x Spicy & Hot Chicken និង Buldak Samyang Hot Chicken Stew ។

ពាក់ព័ន្ធបញ្ហានេះដែរ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មាន ក្រុមហ៊ុនផលិតមី Samyang បានឲ្យដឹងថា ចំណាត់ការដែលធ្វើឡើងនៅក្នុងប្រទេសដាណឺម៉ាកមិនផ្អែកលើបញ្ហាគុណភាពផលិតផលនោះទេ ប៉ុន្តែដោយសារតែអាជ្ញាធរក្នុងប្រទេសដាណឺម៉ាកគិតថាមីទាំងបីប្រភេទនេះមានរសជាតិហឹរពេក ហើយអាចបណ្តាលឱ្យមានបញ្ហាសុខភាព។ ក្រុមហ៊ុនក៏បានឲ្យដឹងដែរថា មីប្រភេទដូចគ្នានេះក៏ត្រូវបាននាំចេញទូទាំងពិភពលោក ប៉ុន្តែវាជាលើកដំបូងហើយដែលត្រូវបានបញ្ជាឱ្យប្រមូលមកវិញពីក្នុងទីផ្សារ។ ក្រុមហ៊ុនក៏បានសន្យាថានឹងសិក្សាឲ្យដិតដល់នូវបទប្បញ្ញត្តិក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងវិធានការប្រមូលមកវិញនេះ។
គួរបញ្ជាក់ថា បញ្ហាប្រឈមទាក់ទងនឹងមុខម្ហូបហឹរបានកើតមានជាច្រើនឆ្នាំមកហើយ ខណៈកាលពីខែកញ្ញា ក្មេងជំទង់ម្នាក់នៅរដ្ឋ Massachusetts ដែលមានបញ្ហាបេះដូងពីកំណើតបានស្លាប់ដោយសារការទទួលទានម្ទេសក្នុងបរិមាណច្រើន បន្ទាប់ពីបានចូលរួមក្នុងការប្រកួតប្រជែងបរិភោគនំម្ទេស tortilla ដែលមានរសជាតិហឹរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ មួយវិញទៀតនោះរបាយការណ៍ធ្វើកោសល្យវិច័យដែលទទួលបានដោយសារព័ត៌មាន Associated Press ក៏បានបង្ហាញថាសិស្សថ្នាក់ទី ១០ម្នាក់បានស្លាប់នៅថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២៣បន្ទាប់ពីបានបរិភោគបន្ទះនំម្ទេស Paqui ដែលជាផ្នែកនៃផលិតផលOne Chip Challenge៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


