ព័ត៌មានអន្ដរជាតិ
តឹងសរសៃ.ក ដាក់គ្នាមួយម៉ោងកន្លះ តើ ត្រាំ ឬ បៃដិន ជាអ្នកឈ្នះ?
សារព័ត៌មានធំៗលើពិភពលោកសុទ្ធតែអះអាងដូចៗគ្នាថា លោក ដូណាល់ ត្រាំ បានយកឈ្នះលើលោក ចូ បៃដិន ក្នុងការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមិថុនាឆ្នាំ២០២៤។

ភ្លាមៗក្រោយមនុស្សរាប់លាននាក់បានទស្សនាព្រឹត្តិការនេះ តាមរយៈបណ្តាញអ៊ីនធើណិតនិងទូរទស្សន៍, CNN ដែលជាអ្នកសម្របសម្រួលកម្មវិធី ក៏បានចេញការស្ទង់មតិដើម្បីរកអ្នកឈ្នះក្នុងការតទល់គ្នានេះ ដោយលទ្ធផលបង្ហាញថា ក្នុងចំណោមអ្នកបានទស្សនា មាន៦៧% គាំទ្រលោក ត្រាំ ចំណែកលោក បៃដិន ទទួលបានសំឡេងត្រឹម ៣៣%ប៉ុណ្ណោះ។ នេះបានន័យថា បេក្ខជនមកពីខាងគណបក្សសាធារណរដ្ឋ បានយកឈ្នះបេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ដាច់ភឹងតែម្តង។
ក្នុងការជជែកដេញដោលរយៈពេល៩០នាទី ដែលត្រូវបានរៀបចំឡើងនៅទីក្រុង Atlanta ក្នុងរដ្ឋ Georgia នេះ លោក បៃដិន ហាក់ត្រូវធ្ងន់បន្តិចហើយ ដោយលោក ត្រាំ បាននិយាយវាយប្រហារផាងៗ ជាពិសេសពាក់ព័ន្ធរឿងទោសទណ្ឌរបស់កូនប្រុសប្រធានាធិបតី សង្គ្រាមអ៊ុយក្រែន និងបញ្ហាអាយុរបស់លោក បៃដិន តែម្តង។

លោក ត្រាំ បានព្រមានកាត់ទោសលោក បៃដិន ពីបទល្មើសព្រហ្មទណ្ឌ ប្រសិនបើឈ្នះតំណែងសេតវិមាន ក្នុងការបោះឆ្នោតខែវិច្ឆិកាហើយ រិះគន់យ៉ាងចាស់ដៃទៅលើគោលនយោបាយសេដ្ឋកិច្ចនិងអន្តោប្រវេសន៍របស់លោក បៃដិន ក៏ដូចជាការឆ្លើយតបរបស់គាត់ចំពោះជម្លោះអ៊ុយក្រែន និងការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានផងដែរ។
តាមការបញ្ជាក់ពីលោក ត្រាំ, “ឥឡូវនេះ អាមេរិក លែងសូវមានគេគោរពច្រើនទៀតហើយ។ ពួកគេលែងគោរពការដឹកនាំរបស់យើងដូចមុនទៀតហើយ យើងបានក្លាយជាប្រទេសពិភពទី៣”។

មិនត្រឹមប៉ុណ្ណឹង អតីតប្រធានាធិបតីអាមេរិករូបនេះ ថែមប្រកាសថា លោកនឹងទទួលស្គាល់លទ្ធផលឆ្នោត តែក្នុងលក្ខខណ្ឌដែលការបោះឆ្នោតនោះល្អ យុត្តិធម៌និងស្របច្បាប់ប៉ុណ្ណោះ។
តាមពិតទៅ លោក ត្រាំ មិនដែលទទួលស្គាល់បរាជ័យក្រោមដៃលោក បៃដិន ក្នុងឆ្នាំ២០២០ទេ ដោយលោកតែងប្រកាសថា ការបោះឆ្នោតនោះ ត្រូវបានគេលួចយកពីខ្លួនទៅ ហើយថែមទាំងប្តឹងដល់តុលាការទៀតផង ប៉ុន្តែមិនទទួលជោគជ័យឡើយ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈការជជែកដេញដោលលើកក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ខែកញ្ញា ដោយមានការសម្របសម្រួលពីសំណាក់ទូរទស្សន៍ ABC៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខ្លឹមសារសំខាន់ៗ នៃការជជែកដេញដោលគ្នាបែកផ្សែង ៩០នាទី រវាង ត្រាំនិងបៃដិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


