ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ីទើបជាប់ឆ្នោត ប្ដេជ្ញាបន្តគម្រោងរដ្ឋធានីថ្មីពីមេដឹកនាំចាស់
ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយថា លោកប្តេជ្ញាបន្ត ហើយប្រសិនបើអាចធ្វើទៅបាន បញ្ចប់គម្រោងរដ្ឋធានីថ្មីតែម្ដង ដើម្បីលុបបំបាត់ភាពមិនច្បាស់លាស់ថាតើមេដឹកនាំថ្មីនាពេលខាងមុខនឹងបោះបង់ចោលគម្រោងរាប់ពាន់លានដុល្លាររបស់អ្នកកាន់តំណែងមុនដែរឬក៏យ៉ាងណា។

ក្រោយទស្សនកិច្ចនៅរដ្ឋធានីថ្មី «នូសាន់តារ៉ា» កាលពីថ្ងៃទី១២ខែសីហា លោក Prabowo ដែលនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៨របស់ឥណ្ឌូណេស៊ីក្នុងខែតុលាខាងមុខ បានប៉ាន់ប្រមាណថា រដ្ឋធានីថ្មីនឹងអាចដាក់ដំណើរបានពេញលេញក្នុងរយៈពេល ៤ឬ៥ឆ្នាំខាងមុខ។
លោក Prabowo និងប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Joko Widodo កំពុងត្រួតពិនិត្យរដ្ឋធានីថ្មីនៅមុនថ្ងៃបុណ្យឯករាជ្យ ដែលគ្រោងនឹងប្រារព្ធឡើងនៅតំបន់នោះនៅថ្ងៃទី១៧ខែសីហា។ អ្នកសង្កេតការណ៍នយោបាយ និងអ្នកសេដ្ឋកិច្ចមួយចំនួន បានចោទសួរថាតើលោក Prabowo នឹងបន្តគម្រោងរដ្ឋធានីថ្មីដែរឬក៏អត់ ដោយសារលោកធ្លាប់ប្រកាសផ្តោតសំខាន់ក្នុងការបែងចែកថវិការដ្ឋនៅក្នុងគោលនយោបាយសុខុមាលភាពរបស់លោកនាពេលកន្លងមក។
លោក Joko Widodo បាននិងកំពុងព្យាយាមបំបាត់ការសង្ស័យលើអនាគតគម្រោងតម្លៃ ៣៥ពាន់លានដុល្លារ ចាប់តាំងពីប្រធានគម្រោងរដ្ឋធានីថ្មីបានលាលែងពីតំណែងកាលពីខែមិថុនា។ ជាមួយនឹងដំណើរការយឺតយ៉ាវ និងគ្មានការដាក់បណ្ដាក់ទុនវិនិយោគពីបរទេស លោក Joko បានបង្កើនការបើកឲ្យចូលទស្សនានៅទីតាំងផ្ទាល់ និងជំរុញគោលនយោបាយថ្មីដើម្បីកសាងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន មុនពេលអាណត្តិរបស់លោកបញ្ចប់។

នូសាន់តារ៉ា នឹងក្លាយជារដ្ឋធានីថ្មីជំនួសឲ្យរដ្ឋធានីចាកាតា នាពេលបច្ចុប្បន្ន ដែលលាតសន្ធឹងលើផ្ទៃដី ២៥៦០គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងកើតកោះ Borneo ក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត។ គម្រោងសាងសង់ បានចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ២០២២កន្លងទៅ ដោយជាជំហានដំបូង មានគម្រោងចង់ផ្លាស់មន្ត្រីរាជការចំនួន ១២ ០០០នាក់ទៅរស់នៅលើទីតាំងថ្មីនេះ នៅត្រឹមខែកញ្ញា ឆ្នាំ២០២៤ តែត្រូវបានពន្យារពេលចំនួន២លើករួចមកហើយ ខណៈរដ្ឋាភិបាលមិនអាចសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឲ្យបានទាន់ពេលវេលា។
អ្នកវិភាគនយោបាយ លោក Yohanes Sulaiman បានកត់សម្គាល់ពីភាពខកខាននៃដំណើរសាងសង់រដ្ឋធានីថ្មី ហើយនិយាយថា ការកំណត់ពេលបញ្ចប់គម្រោងបានក្លាយជា “ភាពមិនប្រាកដប្រជា”។ លោក បន្ថែមថា មានការខ្សឹបខ្សៀវនៅក្នុងរង្វង់អ្នកនយោបាយឥណ្ឌូណេស៊ី ព្រមទាំងសាធារណជនអំពីលទ្ធភាពសេដ្ឋកិច្ចនៃគម្រោងរដ្ឋធានីនូសាន់តារ៉ា។
បើយោងតាមក្រុមអ្នកវិភាគ ភាពមិនច្បាស់លាស់លើគម្រោងនេះ បានធ្វើឲ្យមានការសង្ស័យក្នុងចំណោមក្រុមអ្នកវិនិយោគ ដែលបានបង្អាក់ក្រុមហ៊ុនបរទេសពីការបណ្ដាក់ទុននៅក្នុងគម្រោង។ តួយ៉ាងដូចជា សម្ព័ន្ធក្រុមហ៊ុន SoftBank របស់ជប៉ុន បានដកទុនវិនិយោគទាំងស្រុងចេញពីគម្រោងរដ្ឋធានីនូសាន់តារ៉ា កាលពីឆ្នាំ២០២២។
បើតាមលោក Widodo ថវិកាគម្រោងចំនួន ២០% គឺជាលុយរដ្ឋ ខណៈចំណែកនៅសេសសល់បានមកពីការវិនិយោគឯកជនទាំងក្នុងនិងក្រៅប្រទេស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


