Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង និង​រុស្ស៊ី រង​ទណ្ឌកម្ម​ថ្មី​ពី​សហរដ្ឋ​អាមេរិក

បានផុស

នៅ

ក្រសួង​រតនាគារ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​ធ្នូ​ឆ្នាំ​២០២៤​ថា សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​​កូរ៉េខាងជើង និងរុស្ស៊ី ដោយ​ផ្តោត​សំខាន់​លើសកម្មភាពហិរញ្ញវត្ថុ និងការគាំទ្រផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាងចំពោះទីក្រុងមូស្គូ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​​ជា​វិធានការ​ចុង​​ក្រោយ​បង្អស់​មួយ​របស់​អាមេរិក ក្នុង​គោល​បំណង​បង្អាក់​ការ​គាំទ្រ​របស់​កូរ៉េ​ខាង​ជើង​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន។ វិធានការ​ថ្មី​ មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ ឧត្តមសេនីយ៍ និងមន្ត្រី​មួយ​ចំនួន​របស់​កូរ៉េ​ខាង​ជើង ព្រម​ទាំង​ក្រុមហ៊ុនដឹកជញ្ជូនប្រេងរបស់រុស្ស៊ី។

ធនាគារកូរ៉េខាងជើង និង​ក្រុមហ៊ុន​ដឹកប្រេង​រុស្ស៊ី ដែល​រង​ទណ្ឌកម្ម រួមមាន ធនាគារ Golden Triangle, ធនាគារ Korea Mandal Credit, ក្រុមហ៊ុន Vostok Trading, ក្រុមហ៊ុន DV Ink, ក្រុមហ៊ុន Novosibirskoblgaz, ក្រុមហ៊ុន Sibregiongaz និង​ក្រុមហ៊ុន Okryu Trading។

ចំណែក​ឯ​បុគ្គល​ ដែល​រង​ទណ្ឌកម្ម មាន​ដូចជា លោក Kim Yong Bok អនុ​​មេ​បញ្ជាការ​កង​ទ័ព​ប្រជាជន​កូរ៉េ, ​លោក Ri Pong Chun មេ​បញ្ជាការ​កង​កម្លាំង​ពិសេស​កូរ៉េ​ខាង​ជើង និង​ក្រុម​ឧត្តមសេនីយ៍​ដែល​ដឹក​នាំកង​កម្លាំង​កូរ៉េ​ខាង​ជើង​ទៅ​ជួយ​ច្បាំង​នៅ​​រុស្ស៊ី។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​មួយ​នៅ​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០២៤ ក្រសួងការបរទេសកូរ៉េខាងត្បូង បានដាក់បញ្ជីខ្មៅបុគ្គលចំនួន ១១​នាក់ និងអង្គភាពចំនួន ១៥​ ដែលជាប់ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធាខុសច្បាប់រវាងកូរ៉េខាងជើង និងរុស្ស៊ី។

ការ​ដាក់​ទណ្ឌកម្ម និង​ការ​ដាក់​​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​ចំនួន​១០ រួម​មាន អាមេរិក កូរ៉េ​ខាង​​ត្បូង អូស្ត្រាលី អង់គ្លេស បារាំង ជប៉ុន និង​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ ថ្កោលទោស​ទំនាក់ទំនង​យោធា​​​រវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​មូស្គូ។

សេចក្តីថ្លែងការណ៍ បាន​រៀបរាប់​ថា ការគាំទ្ររបស់កូរ៉េខាងជើងចំពោះសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គឺជា «ការ​ពង្រីកជម្លោះដ៏គ្រោះថ្នាក់» និង​ជា «ការរំលោភយ៉ាងធ្ងន់ធ្ងរ» ដល់​ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ប្រទេស​ទាំង​១០ បានជំរុញ​ឲ្យ​​កូរ៉េ​ខាង​ជើង​ដកកងទ័ពរបស់ខ្លួនចេញ​ពី​ទឹក​ដី​រុស្ស៊ី។

សូម​បញ្ជាក់​ថា ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានបង្កើនទំនាក់ទំនងការទូត និងសេដ្ឋកិច្ច​យ៉ាង​ស្អិត​​​ល្មួត​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស​ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង​កាលពីខែមិថុនា​ ដោយ​មេដឹកនាំ​ទាំង​២ បាន​ចុះ​សន្ធិ​សញ្ញាការពារ​គ្នា​ទៅវិញទៅមក។

កិច្ចសហប្រតិបត្តិការយោធានេះ បាន​បង្ក​ជា​សញ្ញា​ព្រមាន​ជា​អន្តរជាតិ ដោយ​អាមេរិក អ៊ុយក្រែន និង​កូរ៉េ​ខាង​ត្បូង បានថ្កោលទោសកូរ៉េខាងជើងចំពោះការបញ្ជូនសម្ភារៈយោធា និងកងទ័ពជាង ១០ ០០០​នាក់ទៅកាន់​រុស្ស៊ី ដើម្បីគាំទ្រសង្គ្រាម​ប្រឆាំងនឹង​ក្រុង​កៀវ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម