ព័ត៌មានអន្ដរជាតិ
បាតុករតួកគីរាប់ពាន់នាក់ប្រឆាំងនឹងការឃុំខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ុល ដែលជាគូប្រជែងធំរបស់លោកប្រធានាធិបតី Erdogan
ប្រជាជនតួកគីរាប់ពាន់នាក់បានបង្កើនការតវ៉ាការជុំវិញការឃុំខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ុលលោក Ekrem Imamoglu ខណៈដែលក្រុមប្រឆាំងបានស្តីបន្ទោសលើប្រធានាធិបតីលោក Tayyip Erdogan។ នេះបើយោងតាមការចេញផ្សាយយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២១ខែមីនានេះ។

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាលក្រុង, ប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុងអ៊ីស្តង់ប៊ុល, សាកលវិទ្យាល័យ និងទីសាធារណៈនានាទូទាំងប្រទេស ដែលនាំឱ្យមានការប៉ះទង្គិចគ្នាខ្លះជាមួយមន្ត្រីប៉ូលិសដែលបានដំឡើងរបាំង និងបិទផ្លូវ។
លោក Imamoglu អាយុ ៥៤ឆ្នាំ ដែលជាគូប្រជែងនយោបាយសំខាន់របស់លោកប្រធានាធិបតី Erdogan ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ លើបទចោទប្រកាន់ពីបទពុករលួយ និងជួយដល់ក្រុមភេរវករ ដែលជាទង្វើដែលក្រុមប្រឆាំងបានថ្កោលទោសថាជា «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ។
បើតាមលោកលោក Erdogan នៅក្នុងការអត្ថាធិប្បាយដំបូងរបស់គាត់ស្តីពីការឃុំខ្លួនបានច្រានចោលការរិះគន់របស់គណបក្សប្រឆាំងថាជា «ឆាកល្ខោន» និង «ល្បិចកល» រំខានដល់រដ្ឋាភិបាល។
ដោយឡែកនៅក្នុងបទសម្ភាសន៍មួយ លោក Ozgur Ozel ប្រធានគណបក្សប្រឆាំងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ (CHP) ដែលរួមមានលោក Imamoglu ជាសមាជិក បាននិយាយថា លោក Erdogan ខ្លាចប្រឈមមុខនឹងអភិបាលក្រុងក្នុងការបោះឆ្នោត ហើយចង់ «យកគាត់ចេញពីការប្រកួត» និងកាត់ទំនាក់ទំនងគណបក្សរបស់គាត់ចេញពីទីក្រុង។
លោកបានថា វិធានការណាមួយដែលរារាំងលោក Imamoglu ពីការឈរឈ្មោះជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតបន្ទាប់ នឹងពង្រឹងការគាំទ្ររបស់គណបក្សលោកកាន់តែខ្លាំង ដោយ CHP នឹងតែងតាំងលោក Imamoglu ជាបេក្ខជនរបស់ខ្លួននៅថ្ងៃអាទិត្យតាមការបោះឆ្នោតដែលបានគ្រោងទុក។ លោកក៏បានបន្ថែមថា ក្រុមមនុស្សនឹងប្រមូលផ្តុំគ្នារហូតដល់លោក Imamoglu ត្រូវបានដោះលែង។

គួរបញ្ជាក់ថា ចំណាត់ការប្រឆាំងនឹងអភិបាលក្រុងដ៏មានប្រជាប្រិយនេះ បានបង្ហាញពីការបង្រ្កាបផ្លូវច្បាប់ជាច្រើនខែលើឥស្សរជនគណបក្សប្រឆាំង ដែលរដ្ឋាភិបាលត្រូវបានគេរិះគន់ថារារាំងគណបក្សប្រឆាំងកុំឱ្យប៉ះពាល់ដល់អនាគតនៃការបោះឆ្នោតរបស់ពួកគេ និងបំបិទមាត់អ្នកប្រឆាំងរដ្ឋាភិបាល។
ការបោះឆ្នោតសកលរបស់ប្រទេសតួកគី នឹងត្រូវធ្វើឡើងម្ដងទៀតនៅឆ្នាំ២០២៨ខាងមុខ ហើយលោក Erdogan មិនមានសិទ្ធិឈរឈ្មោះទៀតទេ បន្ទាប់ពីឈ្នះឆ្នោតចំនួនពីរអាណត្តិរួចមកហើយ។ នេះបើយោងតាមរដ្ឋធម្មនុញ្ញតួកគី ដែលចែងឲ្យប្រធានាធិបតីម្នាក់អាចបម្រើបានតែពីរអាណត្តិប៉ុណ្ណោះ។
លោក Erdogan បានជាប់ឆ្នោតជាថ្មីកាលពីឆ្នាំ២០២៣ ដោយបន្តកាន់អំណាចរយៈពេល៥ឆ្នាំបន្ថែមទៀត ដែលមានន័យថាគាត់នឹងមិនមានសិទ្ធិឈរឈ្មោះម្តងទៀតនៅឆ្នាំ២០២៨ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មានចន្លោះប្រហោងមួយគឺថា ប្រសិនបើរដ្ឋាភិបាលឬគណបក្សរបស់គាត់រៀបចំការបោះឆ្នោតមុនកាលកំណត់អាណត្តិដោយមានការអនុម័តដោយសភា (ជាមួយនឹងសំឡេងភាគច្រើនបីភាគប្រាំ) នោះលោក Erdogan អាចឈរឈ្មោះបានដោយស្របច្បាប់សម្រាប់អាណត្តិទីបី៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


