Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ព​អ៊ីស្រាអែលប្រកាស​​​​ឈរជើង​​នៅ​ក្នុង​តំបន់​ហ្គាហ្សា លីបង់ និង​ស៊ីរី​ជាអចិន្ត្រៃយ៍

បានផុស

នៅ

កងទ័ពអ៊ីស្រាអែលនឹងនៅតែស្ថិតនៅក្នុងតំបន់ហ្គាហ្សា លីបង់ និងស៊ីរី ដោយគ្មានកំណត់ ខណៈដែលយោធាអ៊ីស្រាអែល រឹតបន្តឹងការកាន់កាប់របស់ខ្លួនលើទឹកដីជាច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី១៧ខែមេសានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាអ៊ីស្រាអែល បានចេញសេចក្ដីថ្លែងការណ៍​មួយថា «យោធាខ្លួន​នឹងនៅតែស្ថិតនៅក្នុងតំបន់ហ្គាហ្សា ដូចនៅប្រទេស​លីបង់ និងស៊ីរីជាអចិន្ត្រៃយ៍»។ យោធាក៏បាននិយាយថា ខ្លួនបានប្រែក្លាយ ៣០ភាគរយនៃ ហ្គាហ្សា ទៅជាតំបន់ការពារ (សន្តិសុខ) ហើយបានវាយប្រហារប្រហែល ១២០០ គោលដៅ​ដែលខ្លួន​ចាត់​ទុក​ថា​តំបន់​​​​គ្រប់​គ្រង​ដោយ​​ក្រុម​ហាម៉ាស ចាប់តាំងពីការចាប់ផ្តើមការវាយលុកជាថ្មីឡើងវិញនៅថ្ងៃទី១៨ខែមីនា។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស និងនាំយកឈ្លើយសឹកចំនួន៥៩នាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមនេះនៅក្នុងតំបន់ហ្គាហ្សាមកវិញ ប៉ុន្តែក្រុមហាម៉ាស់បាននិយាយថា ខ្លួននឹងមិនយល់ព្រមដោះលែងចំណាប់ខ្មាំងដោយគ្មានការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីហ្គាហ្សា និងបទឈប់បាញ់យូរអង្វែងនោះទេ។

អ៊ីស្រាអែលថា ខ្លួនត្រូវតែរក្សាការគ្រប់គ្រង «តំបន់សន្តិសុខ» ដើម្បីការពារការកើតឡើងម្តងទៀតនៃការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ របស់ហាម៉ាស ដែលបានសម្លាប់មនុស្ស ១១៣៩ នាក់ និង ២៥០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។

លើសពីនេះលោក Netanyahu ក៏បាននិយាយផងដែរថា អ៊ីស្រាអែលនឹងអនុវត្តសំណើរបស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ការតាំងទីលំនៅថ្មីរបស់ប្រជាជននៅតំបន់ហ្គាហ្សា នៅក្នុងប្រទេសផ្សេងទៀតដែលលោកហៅថាជា «ការធ្វើចំណាកស្រុកដោយស្ម័គ្រចិត្ត»។

(រូបភាព៖ AP)

ពាក់ព័ន្ធនឹងការមិនព្រមដកទ័ពចេញរបស់អ៊ីស្រាអែលនេះ ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយថា ការបន្តវត្តមានរបស់អ៊ីស្រាអែល នៅក្នុងតំបន់មួយចំនួននៃភាគខាងត្បូងលីបង់ កំពុង រារាំងការដាក់ពង្រាយកងទ័ពលីបង់។ យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែវិច្ឆិកា បានបញ្ចប់សង្គ្រាមជាងមួយឆ្នាំ ភាគីទាំងពីរគឺក្រុមហេសបូឡានិងអ៊ីស្រាអែល បានយល់ព្រមដកខ្លួនចេញពីភាគខាងត្បូងលីបង់ ហើយចាកចេញពីតំបន់ដែលត្រូវគ្រប់គ្រងដោយកងទ័ពលីបង់។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានដកទ័ពរបស់ខ្លួនចេញមួយផ្នែកប៉ុណ្ណោះពីភាគខាងត្បូងរបស់ប្រទេស ដោយទុកទ័ពយ៉ាងហោចណាស់ប្រាំទីតាំង។

ក្រសួង​សុខាភិបាល​លីបង់​ថា ការ​វាយ​ប្រហារ​ដោយ​ដ្រូន​អ៊ីស្រាអែល​ពីរ​គ្រឿង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់​បាន​សម្លាប់​មនុស្ស​ពីរ​នាក់​កាល​ពី​ថ្ងៃ​ពុធ។ សរុបការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់បានសម្លាប់ជនស៊ីវិលជាង៧០ នាក់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានក្នុងខែវិច្ឆិកា។

លើសពីនេះអ៊ីស្រាអែលក៏បានបង្កើតប៉ុស្តិ៍យោធាជាច្រើននៅក្នុងទឹកដីស៊ីរី រួមទាំងនៅលើកំពូលភ្នំ Hermon និងប្រើយន្តហោះចម្បាំងបើកការវាយប្រហាររាប់រយលើកក្រោយការទម្លាក់អតីតប្រធានាធិបតីស៊ីរីលោក Bashar al-Assad៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម