Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង ព្រមាន​ត្រាំ និង​ភាគី​ទាំង​អស់​ឲ្យ​ប្រយ័ត្ន​មាត់ពី​​រឿង​គំរាម​កំហែង​​នុយក្លេអ៊ែរ

បានផុស

នៅ

វិមានក្រឹមឡាំង បានចេញការព្រមានកាលពីថ្ងៃចន្ទ​ទី​៤​ខែ​សីហា​ឆ្នាំ​២០២៥ ដោយជំរុញ​ឲ្យ​ភាគីទាំងអស់រួមទាំងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រយ័ត្ន​ពាក្យ​សម្ដី និង​អនុវត្តការអត់ធ្មត់ជាខ្លាំងនៅពេលនិយាយអំពីសមត្ថភាព និងការដាក់ពង្រាយ​នុយក្លេអ៊ែរ។

លោក Dmitry Peskov និង​លោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យលោក Dmitry Peskov បានច្រានចោលការអះអាងនាពេលថ្មីៗ​របស់លោក ត្រាំ ក្នុងការបញ្ជា​ឲ្យ​នាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកចំនួន២​គ្រឿង​ឈរ​ជើង​ក្នុង​ទីតាំងនៅជិតប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev។ លោក Peskov បានសង្កត់ធ្ងន់ថា តាម​ពិត​ទៅ នាវាមុជទឹករបស់អាមេរិក បានធ្វើការល្បាតជា​ទម្លាប់​​​​របស់​ខ្លួន​ប៉ុណ្ណោះ ជាជាង​បង្ក​ភាព​តានតឹង​ដូចវោហាសាស្ត្រនុយក្លេអ៊ែរ​របស់​លោក ត្រាំ។

លោក Peskov បាននិយាយ​ថា «ជាទូទៅ យើងមិនមានបំណងចង់​ឲ្យមានភាពចម្រូងចម្រាសបែបនេះទេ។ អ្នក​រាល់​គ្នា​គួរ​តែ​ប្រុង​ប្រយ័ត្ន​​ឲ្យ​​បាន​ខ្ពស់​ជាមួយ​នឹង​វោហាសាស្ត្រ​នុយក្លេអ៊ែរ»។

ការ​កត់សម្គាល់​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​១​ខែ​សីហា​របស់​លោក ត្រាំ ដែល​បញ្ជា​ឲ្យដាក់​ពង្រាយ​​នាវាមុជទឹកនុយក្លេអ៊ែរចំនួន២គ្រឿង​ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា សេចក្តីថ្លែងការណ៍«បង្កហេតុខ្លាំង»របស់​លោក Medvedev។ លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបន្ទោសប្រធានាធិបតីអាមេរិកថាកំពុងដើរផ្លូវខុសហើយវិធានការនេះនឹងឈានឆ្ពោះទៅរកការផ្ទុះសង្គ្រាម និងថែមទាំងគំរាមទៀតថា អាមេរិកមិនដឹងថារុស្ស៊ីមានប្រព័ន្ធនុយក្លេអ៊ែរខ្លាំងកម្រិតណានោះទេ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ភាពតានតឹងបានកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីការដាក់ឱសានវាទរបស់លោក ត្រាំ លើ​ទីក្រុងមូស្គូ ដើម្បីយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែនត្រឹមថ្ងៃទី៨ខែសីហា ឬប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមរបស់សហរដ្ឋអាមេរិក រួមទាំងពន្ធលើការនាំចេញប្រេងរបស់រុស្ស៊ីផងដែរ។

លោក ត្រាំ បាន​ឲ្យ​ដឹង​ថា បេសកជនពិសេស​អាមេរិក Steve Witkoff អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅថ្ងៃទី៦ឬ៧ខែសីហា ប៉ុន្មានថ្ងៃមុនកាលបរិច្ឆេទកំណត់ ដែលជា​ឱសានវាទរបស់​សេតវិមានសម្រាប់រុស្ស៊ី។

លោក Peskov បានប្រាប់​ថា រុស្ស៊ីចាត់ទុកដំណើរទស្សនកិច្ចរបស់លោក Witkoff ថា​«សំខាន់ ចាំបាច់ និងមានប្រយោជន៍» ហើយអ្នក​នាំ​ពាក្យ​វិមានក្រឹមឡាំង​រូប​នេះ​បានលើកឡើងពីលទ្ធភាពដែល​លោក Witkoff អាចជួបប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន សម្រាប់កិច្ចពិភាក្សាផង​ដែរ។ សូម​ជម្រាប​ថា លោក Witkoff ធ្លាប់​បានធ្វើដំណើរជាច្រើនដង​​រួច​​មក​ហើយ​ទៅកាន់ទីក្រុងមូស្គូតាមការបញ្ជារបស់លោក ត្រាំ៕

ដោយ៖ ឈាង

ចុចអាន៖ បេសកជន​ពិសេស​អាមេរិក អាច​ធ្វើ​ដំណើរទៅ​ក្រុង​មូស្គូ​ មុនដល់​ថ្ងៃ​កំណត់​ឱសានវាទរបស់​លោក ត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម