Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រកាស​ដកខ្លួនជាផ្លូវការពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF

បានផុស

នៅ

ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃចន្ទ​ទី​៤​ខែ​សីហា​ឆ្នាំ​២០២៥​ថា ខ្លួននឹងលែងគោរពតាមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដែលជាដំណាក់កាលថ្មីដ៏គ្រោះថ្នាក់ក្នុងការគ្រប់គ្រងអាវុធពិភពលោក និងបង្កើនការភ័យខ្លាចនៃការប្រកួតប្រជែងមីស៊ីល​​រវាងមហាអំណាចនុយក្លេអ៊ែរ។

ការ​តាំង​បង្ហាញ​មីស៊ីល​នៅ​ក្រុង​មូស្គូ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ពិត​ទៅ សន្ធិសញ្ញា​ឆ្នាំ​១៩៨៧​ ដែលបានលុបបំបាត់ប្រភេទ​មីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរ​និង​មានចម្ងាយពី ៥០០ ទៅ ៥ ៥០០​គីឡូម៉ែត្រ លែង​មាន​ប្រសិទ្ធភាព​ចាប់តាំងពីសហរដ្ឋអាមេរិក​ដកខ្លួននៅឆ្នាំ​២០១៩​មក​ម៉្លេះ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ កាលណោះ ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងមូស្គូថាបានរំលោភលើកិច្ចព្រមព្រៀងនេះអស់រយៈពេលជាច្រើនឆ្នាំ ដោយ​បង្កើតមីស៊ីល 9M729 ដែលត្រូវបានហាមឃាត់ ប៉ុន្តែការអះអាង​នេះ​ត្រូវ​រុស្ស៊ី​បដិសេធ។

ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា ខ្លួន«លែងចាត់ទុកខ្លួនឯងថាជាប់ពាក់ព័ន្ធនឹង»ការរឹតបន្តឹងសន្ធិសញ្ញា​ទៀតហើយ ដោយចោទ​​ប្រកាន់​ពីផែនការរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងប្រទេសអាល្លឺម៉ង់នៅឆ្នាំ​២០២៦។

ចំណាត់ការនេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា​ធ្វើឡើងបន្ទាប់​ពី​រុស្ស៊ីប្រើប្រាស់មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង Oreshnik ដែលបំពានសន្ធិសញ្ញានៅអ៊ុយក្រែន និងការត្រៀម​ដាក់ពង្រាយ​ទៅកាន់ប្រទេសបេឡារុស។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីអួតថា មីស៊ីល​ទាំងនេះអាច​បាញ់​ទៅដល់គោលដៅអឺរ៉ុប ដូចជា មូលដ្ឋានទ័ពអាកាស Ramstein របស់អាល្លឺម៉ង់ ក្នុងរយៈពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះ។

ការដួលរលំនៃសន្ធិសញ្ញា INF ប្រៀប​បាន​ដូច​ជា​ការ​ដក​ការការពារសំខាន់ៗប្រឆាំងនឹងការកើនឡើងនុយក្លេអ៊ែរយ៉ាងឆាប់រហ័សនៅអឺរ៉ុប និងអាស៊ី។ អ្នកជំនាញព្រមានថា វាអាចបង្ក​ឲ្យ​មានការប្រណាំង​ប្រជែង​សព្វាវុធថ្មីៗនៅ​លើ​ពិភពលោក។

សូម​រឭក​ថា សន្ធិសញ្ញា​ INF គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាប្រវត្តិសាស្ត្រដែលបានចុះហត្ថលេខានៅ​ឆ្នាំ​១៩៨៧ ដោយអតីត​ប្រធានាធិបតីសហរដ្ឋអាមេរិក Ronald Reagan និងអតីត​មេដឹកនាំសូវៀត Mikhail Gorbachev។ វាបានហាមប្រាមរាល់មីស៊ីល​បាលិស្ទិក និងមីស៊ីល​គ្រូស​ ដែល​បាញ់​ចេញ​ពី​ផ្ទៃ​ដី និង​មានរយៈចម្ងាយពី ៥០០ ទៅ ៥ ៥០០​គីឡូម៉ែត្រ។ សន្ធិសញ្ញានេះបាននាំ​ឲ្យ​មានការបំផ្លាញ​មីស៊ីលជាង ២ ៦០០​គ្រាប់ និងជាលើកទីមួយ ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរមួយប្រភេទ​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម