Connect with us

ព័ត៌មានអន្ដរជាតិ

ពេលកំពុងពិភាក្សាជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង ត្រាំ ថាចង់ជួប គីម ជុងអ៊ុន ម្ដងទៀត

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយក្នុងពេលជួបជាមួយប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក Lee Jae Myung នៅសេតវិមានថាលោកសង្ឃឹមថានឹងជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ម្តងទៀតនៅឆ្នាំនេះ ដោយលើកសរសើរទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេកាលពីអតីតកាល ទោះបីជាមានការជាប់គាំងកិច្ចចរចានុយក្លេអ៊ែរក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៦ខែសីហានេះ។

លោក ដូណាល់ ត្រាំ ជួបជាមួយប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក Lee Jae Myung នៅសេតវិមាន។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយថា​ លោក គីម ជុងអ៊ុន ល្អជាមួយលោកណាស់ ហើយបានស្នើឱ្យមានកិច្ចពិភាក្សានាពេលអនាគតអាចបន្តឡើងវិញ។ ទោះយ៉ាងណាលោក Lee ដែល​ចូលចិត្ត​កិច្ចចរចា​សន្តិភាព​ជាជាង​ជម្លោះ​បាន​សរសើរ​លោក ត្រាំ ហើយ​ថែមទាំង​និយាយ​លេងសើច​អំពី​ការ​សាងសង់ «Trump Tower» នៅ​ប្រទេស​កូរ៉េខាងជើងថែមទៀត។ ប៉ុន្តែ​លោក​ Leee ក៏បាន​ព្រមាន​ផងដែរ​ថា កូរ៉េ​ខាងជើង​កំពុង​ផលិត​សព្វាវុធ​បន្ថែមទៀត​យ៉ាង​ឆាប់រហ័ស ប្រហែល១០-២០ គ្រាប់​រៀងរាល់ឆ្នាំ​។

គួរបញ្ជាក់ថាកិច្ចប្រជុំនេះបានកើតឡើងចំពេលមានការរិះគន់របស់លោក ត្រាំ ចំពោះការវាយឆ្មក់របស់ប៉ូលិសលើអតីតសម្ព័ន្ធមិត្តគឺអតីតប្រធានាធិបតី Yoon Suk Yeol។ លោកក៏បានស្នើឱ្យកូរ៉េខាងត្បូងបង់ប្រាក់បន្ថែមទៀតសម្រាប់ទាហានអាមេរិក និងបានស្នើឱ្យសហរដ្ឋអាមេរិកគួរតែកាន់កាប់ដីដែលមានមូលដ្ឋានទ័ពរបស់ខ្លួន។

(រូបភាព៖ Reuters)

បន្ទាប់ពីកិច្ចចរចានេះ ក្រុមហ៊ុនអាកាសចរណ៍ Korean Air បាននិយាយថា ខ្លួននឹងទិញយន្តហោះជាង១០០ គ្រឿងពីក្រុមហ៊ុន Boeing ដែលបង្ហាញពីការជំរុញរបស់លោក ត្រាំ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសម្ព័ន្ធមិត្ត។ លោក ត្រាំ ក៏បាននិយាយអំពីប្រវត្តិដ៏ឈឺចាប់មួយផងដែរ ដែលស្ត្រីកូរ៉េត្រូវបានបង្ខំឱ្យធ្វើជាទាសករផ្លួវភេទឲ្យទាហានជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ លើសពីនេះ ត្រាំ បានសរសើរលោក Lee សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសជប៉ុន។

(រូបភាព៖ Reuters)

សូមបញ្ជាក់ដែរថាថ្វីបើមានសុទិដ្ឋិនិយមរបស់លោក ត្រាំ លើទំនាក់ទំនងអាមេរិក- កូរ៉េខាងជើងក៏ដោយ ក៏កូរ៉េខាងជើងបានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយរុស្ស៊ីក្នុងអំឡុងសង្គ្រាមអ៊ុយក្រែន ហើយនៅតែមិនមានឆន្ទៈក្នុងការចរចាលើអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

លោក ដូណាល់ ត្រាំ ជួបជាមួយលោក គីម ជុងអ៊ុន កាលពីឆ្នាំ២០១៩។ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម