ព័ត៌មានអន្ដរជាតិ
អាមេរិកព្រមានរុស្ស៊ីពី«សង្គ្រាមសេដ្ឋកិច្ច» ដោយដំឡើងពន្ធជាន់ ក ឥណ្ឌា
សហរដ្ឋអាមេរិក បានផ្តួចផ្តើមវិធានការដាក់ទណ្ឌកម្មយ៉ាងខ្លាំងប្រឆាំងនឹងប្រទេសឥណ្ឌា ដោយដំឡើងពន្ធគយ ៥០%លើគ្រប់មុខទំនិញទាំងអស់។ ចំណាត់ការនេះ ដែលជាអត្រាពន្ធខ្ពស់បំផុតមួយកំណត់ដោយទីក្រុងវ៉ាស៊ីនតោន គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះទំនាក់ទំនងថាមពល និងការពារជាតិកាន់តែស៊ីជម្រៅរបស់ឥណ្ឌាជាមួយរុស្ស៊ី ដែលសហរដ្ឋអាមេរិកបានចោទប្រកាន់ថាឥណ្ឌាកំពុងជួយដល់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនដោយប្រយោល។

ពន្ធគយចូលជាធរមានចាប់ពីថ្ងៃពុធទី២៧ខែសីហាឆ្នាំ២០២៥នេះ ដោយអនុវត្តចំពោះទំនិញទាំងអស់ដែលឥណ្ឌានាំចូលសហរដ្ឋអាមេរិកសម្រាប់ការប្រើប្រាស់។ យោងតាមការជូនដំណឹងរបស់ក្រសួងសន្តិសុខមាតុភូមិ ការលើកលែងនឹងត្រូវបានធ្វើឡើងសម្រាប់ការដឹកជញ្ជូនឆ្លងកាត់ ជំនួយមនុស្សធម៌ និងរបស់របរនៅក្រោមកម្មវិធីពាណិជ្ជកម្មទៅវិញទៅមកតែប៉ុណ្ណោះ។
សកម្មភាពនេះ ឆ្លុះបញ្ចាំងពីការបង្កើនការព្រមានមុនរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងបន្ទាប់ពីមានការចោទប្រកាន់ពីមន្ត្រីរដ្ឋបាលកំពូលអាមេរិកថា ឥណ្ឌាកំពុងទទួលបានផលចំណេញពីជម្លោះ។ ទីប្រឹក្សាពាណិជ្ជកម្មសេតវិមានលោក Peter Navarro នាពេលថ្មីៗនេះបានអះអាងថា ការកើនឡើងរបស់ឥណ្ឌាក្នុងការទិញប្រេងពីរុស្ស៊ីគឺ «ផ្តល់មូលនិធិដល់ម៉ាស៊ីនសង្រ្គាមរបស់ពូទីន» ដោយលើកហេតុផលថា ប្រទេសនេះដើរតួជា«កន្លែងបោសសម្អាតជាសកលសម្រាប់ប្រេងរុស្ស៊ី ដោយបម្លែងប្រេងឆៅដែលត្រូវបានហាមឃាត់ទៅជាការនាំចេញមានតម្លៃខ្ពស់ ខណៈពេលដែលផ្តល់ឲ្យទីក្រុងមូស្គូនូវប្រាក់ដុល្លារដែលខ្លួនត្រូវការ»។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessent បានកត់សម្គាល់ថា ប្រេងរុស្ស៊ីឥឡូវនេះមានចំណែករហូតដល់ ៤២% នៃការទិញសរុបរបស់ប្រទេសឥណ្ឌា ដែលជាការកើនឡើងយ៉ាងច្រើនពីតិចជាង ១% នៅមុនពេលសង្រ្គាម។ លោកបានបន្ថែមថា ចំណែកឯប្រទេសចិនវិញ មានការកើនឡើងពី ១៣% ទៅ ១៦%ប៉ុណ្ណោះ ហើយបានចោទប្រកាន់ឥណ្ឌាថា ទិញប្រេងពីរុស្ស៊ីថោក ហើយលក់ថ្លៃ ពោលគឺធ្វើជាឈ្មួញកណ្ដាលទាញផលចំណេញយ៉ាងច្រើនក្រាស់ក្រែលពីសង្រ្គាមដែលកំពុងបន្ត។
រដ្ឋាភិបាលឥណ្ឌាបានច្រានចោលការចោទប្រកាន់របស់អាមេរិក ដោយហៅវាថាជាការកំណត់គោលដៅយ៉ាងអយុត្តិធម៌។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសឥណ្ឌា បានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកនៅតែបន្តនាំចូលសារធាតុអ៊ុយរ៉ាញ៉ូម ប៉ាឡាដ្យូម និងជីពីរុស្សី ដោយសួរថាហេតុអ្វីបានជាការទិញប្រេងបញ្ចុះតម្លៃពីរុស្ស៊ីរបស់ឥណ្ឌាត្រូវបានចាត់ទុកថាជាករណីខុសគ្នា។
ផលប៉ះពាល់សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងធ្ងន់ធ្ងរ។ ក្រុមអ្នកនាំចេញ ប៉ាន់ប្រមាណថា ពន្ធអាចប៉ះពាល់ដល់ ៥៥% នៃតម្លៃទំនិញ ៨៧ពាន់លានដុល្លាររបស់ឥណ្ឌាក្នុងការនាំចេញប្រចាំឆ្នាំទៅកាន់សហរដ្ឋអាមេរិក ដោយអាចកាត់បន្ថយការនាំចេញពី ២០ ទៅ ៣០% និងផ្តល់អត្ថប្រយោជន៍ដល់ដៃគូប្រកួតប្រជែងដូចជា វៀតណាម និងបង់ក្លាដែស។ ក្រុមហ៊ុនវិភាគឯកជនមួយឈ្មោះ Capital Economics បានព្រមានថា ពន្ធគយនេះអាចកាត់បន្ថយ ០,៨%នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌានៅឆ្នាំនេះ និងឆ្នាំក្រោយ។
ការសម្រេចចិត្តលើការដំឡើងពន្ធនេះ ស្របគ្នានឹងការគំរាមកំហែងរបស់ប្រធានាធិបតី ត្រាំ អំពី«សង្រ្គាមសេដ្ឋកិច្ច»ប្រឆាំងនឹងប្រទេសរុស្ស៊ី ប្រសិនបើប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន មិនយល់ព្រមចំពោះបទឈប់បាញ់នៅអ៊ុយក្រែន។ លោក ត្រាំ បាននិយាយដោយសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់គាត់ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច«ដ៏ធ្ងន់ធ្ងរបំផុត»ថា «វានឹងមិនមែនជាសង្រ្គាមពិភពលោកទេ ប៉ុន្តែវានឹងជាសង្រ្គាមសេដ្ឋកិច្ច»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


