Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូនឹងឈានដល់គោលដៅចំណាយ ២% នៅឆ្នាំ​២០២៥ ខណៈ​ត្រៀម​ខ្លួន​សម្រាប់​គោលដៅថ្មី ៥%

បានផុស

នៅ

អង្គការណាតូ បានប្រកាសនៅ​ថ្ងៃព្រហស្បតិ៍​ទី​២៨​ខែ​សីហា​​ថា ប្រទេសសមាជិកទាំង​៣២​ របស់ខ្លួនកំពុងស្ថិតនៅលើផ្លូវដើម្បីសម្រេចនូវគោលដៅចំណាយលើវិស័យការពាររបស់សម្ព័ន្ធភាពចំនួន ២% នៃផលិតផលក្នុងស្រុកសរុប (GDP) នា​ឆ្នាំ​២០២៥នេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ​នៅពេលដែលពួកគេ​កំពុង​រៀបចំខ្លួន​សម្រាប់គោលដៅថ្មីដែលមានមហិច្ឆតាជាងនេះ​ទៅ​ទៀត។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមិទ្ធិផលនេះ ត្រូវ​បាន​ប្រកាស​បន្ទាប់ពីការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលខែមិថុនានៅទីក្រុងឡាអេ ជាកន្លែងដែលសម្ព័ន្ធមិត្តបានយល់ព្រមក្រោមសម្ពាធពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីបង្កើនការចំណាយ​យ៉ាង​ច្រើន​លើវិស័យការពារជាតិ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ គោលដៅថ្មី ៣,៥% សម្រាប់ការការពារស្នូល និង ១,៥% សម្រាប់ផ្នែកសន្តិសុខដែលពាក់ព័ន្ធដូចជាហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខតាមអ៊ីនធឺណិត នឹង​ជំនួសគោល ២% ដែល​ធ្លាប់​​បានកំណត់តាំង​ពី​ឆ្នាំ​២០១៤។

ការកើនឡើងនៃការចំណាយនេះ ត្រូវបានជំរុញ​ដោយការព្រមានជាបន្ទាន់ពីយោធាលោកខាងលិច និងទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់ដែល​ថា រុស្ស៊ីអាចត្រៀមខ្លួនដើម្បីវាយប្រហារប្រទេសណាតូក្នុងរយៈពេលពី ៣ ទៅ ៥​ឆ្នាំ​ទៀត។ គោលដៅថ្មីនេះក៏ស្របទៅនឹងបំណងប្រាថ្នារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុង​ការ​ទម្លាក់​អម្រែក​​​ខ្លះ​លើ​វិស័យការពារជាតិអឺរ៉ុបទៅ​ឲ្យ​បណ្តាប្រទេសអឺរ៉ុប​ផ្ទាល់​ជា​អ្នកចាត់ចែង​ដោយ​ខ្លួន​ឯង​​ផងដែរ។

សូម​ជម្រាប​ថា ការចំណាយលើវិស័យការពារជាតិទាំងមូលរបស់​ណាតូ ត្រូវបានព្យាករថានឹងលើសពី ១,៥ទ្រីលានដុល្លារក្នុងឆ្នាំ​២០២៥ បើ​សមាជិក​ទាំង​អស់​សម្រេចបាន​គោលដៅ ២%។ ដ្បិត​ប្រទេសមួយចំនួននៅអឺរ៉ុបមានការយឺតយ៉ាវក្នុងការបង្កើនថវិកាយោធារបស់ពួកគេ ប្រទេសដែលជាប់ព្រំដែនរុស្ស៊ី ដូចជា ប៉ូឡូញ អេស្តូនី ឡាតវី និងលីទុយអានី គ្រោងនឹងចំណាយ​ដល់ ៥% នៃ GDP របស់ពួកគេលើវិស័យការពារជាតិក្នុងរយៈពេលត្រឹម ២ ទៅ ៣​ឆ្នាំខាងមុខទៀត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម