Connect with us

ព័ត៌មានអន្ដរជាតិ

មីន អ៊ុងឡាំង ជំរុញឲ្យមីយ៉ាន់ម៉ាអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ

បានផុស

នៅ

ឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) ប្រធានស្តីទី និងជាប្រធានគណៈកម្មការសន្តិសុខ និងសន្តិភាពរដ្ឋ (SSPC) បាននិយាយថា មីយ៉ាន់ម៉ាត្រូវតែធ្វើការឆ្ពោះទៅរកការអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរ បញ្ញាសិប្បនិម្មិត (AI) និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធីក្នុងពេលទៅចូលរួមវេទិកា The World Atomic Week 2025 ក្នុងប្រទេសរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation ​នៅថ្ងៃទី២៧ខែកញ្ញា។

ឧត្តមសេនីយ៍ មីន អ៊ុងឡាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រមួយដែលមានចំណងជើងថា «យុវជន និងអនាគតនៃប្រទេសមីយ៉ាន់ម៉ា – វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» នៅទីក្រុងមូស្គូកាលពីថ្ងៃទី ២៥​ខែកញ្ញា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានសង្កត់ធ្ងន់លើតម្រូវការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរសម្រាប់ប្រើប្រាស់ក្នុងវិស័យថាមពល ការថែទាំសុខភាព កសិកម្ម បសុសត្វ និងឧស្សាហកម្ម ដែល​នឹង​ទាមទារ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ និង​ការ​ធ្វើ​ផែនការ​រយៈពេល​វែង។

លោក ក៏បានលើកឡើងពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងវឌ្ឍនភាពជាតិ ដោយជំរុញឱ្យយុវជនរបស់ប្រទេសមីយ៉ាន់ម៉ា បណ្តុះការគិតត្រេះរិះ ការដោះស្រាយបញ្ហា និងការច្នៃប្រឌិត។ លោកបានគូសបញ្ជាក់អំពីតួនាទីដែលកំពុងរីកចម្រើនរបស់ AI ទូទាំងពិភពលោក ហើយបាននិយាយថា មីយ៉ាន់ម៉ាត្រូវតែទទួលយកវានៅទូទាំងវិស័យនានា រួមទាំងវិស័យកសិកម្ម ការអប់រំ ការថែទាំសុខភាព និងការដឹកជញ្ជូន ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ឧត្តមសេនីយ៍ មីន អ៊ុងឡាំង និង ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀរ ពូទីន

សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីមីយ៉ាន់ម៉ា អ្នកការទូត និងនិស្សិតនៅប្រទេសរុស្ស៊ីជាច្រើននាក់។ ​វាក៏បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងមីយ៉ាន់ម៉ា និងរុស្ស៊ីផងដែរ ខណៈទីក្រុងមូស្គូបានក្លាយជាដៃគូអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ ដោយផ្តល់ការគាំទ្រផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការយោធា និងឱកាសសម្រាប់និស្សិតដើម្បីសិក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងស្ថាប័នរុស្ស៊ី.

គួរបញ្ជាក់ថា The World Atomic Week 2025 ត្រូវបានរៀបចំឡើងដោយសាជីវកម្មនុយក្លេអ៊ែររដ្ឋ ROSATOM របស់រុស្ស៊ីចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ដើម្បីប្រារព្ធខួបលើកទី ៨០ នៃឧស្សាហកម្មនុយក្លេអ៊ែររបស់រុស្ស៊ី និងលើកកម្ពស់ការប្រើប្រាស់នុយក្លេអ៊ែរដោយសន្តិវិធី។ វេទិកានេះនឹងប្រមូលផ្តុំមេដឹកនាំមកពី ១០៥ ប្រទេស រួមទាំងប្រមុខរដ្ឋ អ្នកជំនាញ សាជីវកម្ម និងប្លុកក្នុងតំបន់មកពីអាស៊ី អាហ្វ្រិក និង អាមេរិកឡាទីន ។

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម