Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុង Bualoi វាយប្រហារប្រទេសវៀតណាមសម្លាប់មនុស្សម្នាក់និងបាត់ខ្លួន១២នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានCNA នៅថ្ងៃទី២៩ខែកញ្ញា ព្យុះទីហ្វុង Bualoi បានបោកបក់នៅភាគខាងជើងប្រទេសវៀតណាម ដោយនាំមកនូវខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ៗ សម្លាប់មនុស្សម្នាក់និងបាត់ខ្លួនអ្នកនេសាទ១២នាក់។

(រូបភាព៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ម្នាក់​បាន​ស្លាប់​ក្នុង​ខេត្ត Hue បន្ទាប់​ពី​ជាប់​ក្នុង​ទឹក​ជំនន់ ហើយ​អ្នក​នេសាទ ១២ នាក់​បាន​បាត់​ខ្លួនដោយសារ​ទូក ៤ គ្រឿង​បាន​លិច​នៅ​ក្នុងខេត្ត Quang Tri។ ខ្យល់ព្យុះនេះបានចុះខ្សោយពី១១៧គីឡូម៉ែត្រក្នុងមួយម៉ោងមកនៅ ៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែនៅតែខ្លាំងអាចបំផ្លាញផ្ទះសម្បែង និងកាត់ផ្ដាច់បណ្តាញអគ្គិសនីក្នុងប្រទេសវៀតណាម។

(រូបភាព៖ VN Express)

អាជ្ញាធរវៀតណាមបានជម្លៀសអ្នកស្រុកជិត៣ម៉ឺន នាក់​ ដោយ១ម៉ឺន៥ពាន់ នាក់នៅខេត្ត Ha Tinh ខណៈសាលារៀន និងមន្ទីពេទ្យត្រូវបានប្រែក្លាយទៅជាជម្រកបណ្តោះអាសន្ន។ ជើងហោះហើររាប់រយត្រូវលុបចោល ឬពន្យារពេល ខណៈដែលអាកាសយានដ្ឋានចំនួនបួននៅក្នុងតំបន់កណ្តាលប្រទេសបានបិទ។ ព្យុះទីហ្វុងនេះបានបណ្តាលឱ្យមានរលកសមុទ្ររហូតដល់ ៨ ម៉ែត្រ ហើយត្រូវបានគេរំពឹងថានឹងនាំមកនូវទឹកភ្លៀងរហូតដល់ ៥០០ មីលីម៉ែត្រ ដែលបង្កើនហានិភ័យទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដី។

(រូបភាព៖ VN Express)

គួរបញ្ជាក់ថាប្រទេសវៀតណាមមានឆ្នេរសមុទ្រវែង នៅគែមសមុទ្រចិនខាងត្បូង ងាយនឹងរងគ្រោះដោយព្យុះទីហ្វុង ដោយមានមនុស្សជាង ១០០ នាក់បានស្លាប់ ឬបាត់ខ្លួនក្នុងគ្រោះមហន្តរាយធម្មជាតិក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៥។ កាលពីឆ្នាំមុន ព្យុះទីហ្វុង Yagi ក៏បានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចចំនួន ៣.៣ ពាន់លានដុល្លារអាមេរិក និងមានមនុស្សស្លាប់រាប់រយនាក់នៅភាគខាងជើងប្រទេសវៀតណាមផងដែរ៕

(រូបភាព៖ VN Express)
(រូបភាព៖ VN Express)
(រូបភាព៖ VN Express)
(រូបភាព៖ VN Express)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម