Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី គ្រោងសាងសង់ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដីពីអាកាសយាន្តដ្ឋានមរតក​តេជោ មកភ្នំពេញ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើការកែលម្អ និងស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះទឹកឲ្យកាន់តែប្រសើរថែមទៀត បើទោះបីការដោះស្រាយបញ្ហាលិចលង់នេះ មានភាពល្អប្រសើរមួយកម្រិតធំយ៉ាងណាក្តី។ បន្ថែមពីនេះ​ ដើម្បីដោះស្រាយនូវការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាដោះស្រាយបញ្ហាចរាចរណ៍ ពីអាកាសយាន្តដ្ឋានអន្តរជាតិមរតកតេជោ មកភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានគម្រោងការសាងសង់ ផ្លូវអាកាសនិងផ្លូវរថភ្លើងក្រោមដីផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៩ តុលានេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បញ្ហាប្រឡាយលូនៅរាជធានីភ្នំពេញយើងបាននិងកំពុងធ្វើការស្ដារ លូ ប្រឡាយក៏ដូចជាស្ថាបនាលូថ្មីមួយចំនួន ដើម្បីដោះស្រាយបញ្ហាលិចលង់ ដោយពេលនេះយើងដោះស្រាយបានមួយកម្រិតធំហើយ បើទោះបីមានភ្លៀងធ្លាក់ធំក្នុងកម្រិតណាក៏ដោយ ពោលគឺអាចដោះស្រាយលិចលង់បានក្នុងរយៈពេលខ្លីមិនច្រើនម៉ោងដូចកាលពីមុនទេ។

លោក ឃួង ស្រេង បានបន្តទៀតថា ការស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញជាមួយនឹងគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញរបស់រាជរដ្ឋាភិបាលក្រោមការណែនាំពីសម្ដេចបបរអធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី ធ្វើឲ្យរាជធានីភ្នំពេញ ដោះស្រាយបាននូវការលិចលង់បានមួយកម្រិតធំថែមទៀត។ ជាក់ស្ដែងនៅផ្នែកខាងជើង ឆៀងខាងលិចរាជធានីភ្នំពេញដោះស្រាយនូវការលិចលង់បានយ៉ាងល្អប្រសើរ។ ចំណែកនៅភាគខាងត្បូងឆៀងខាងកើតរាជធានីភ្នំពេញវិញ យើងក៏នឹងអាចដោះស្រាយបញ្ហាលិចលង់នេះបានល្អដែរ នៅពេលយើងតភ្ជាប់ប្រព័ន្ធលូរួចរាល់។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍វិញ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញក៏នឹងកសាងផ្លូវអាកាស ដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ តេជោចូលមកភ្នំពេញ ក្នុងនោះដែរជាគម្រោង យើងអាចស្ថាបនាផ្លូវអាកាសចាប់ពីរង្វង់មូលគួស្រូវ ហោះលើផ្លូវលេខ២១៧ មកចុះមុខមហោស្របចេនឡាផ្សារដើមគរ។ ចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញ យើងក៏មានគម្រោងសាងសង់ផងដែរ ដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោចូលមករាជធានីភ្នំពេញ និងផ្លូវចូលក្រុងផងដែរ។ លោក ឃួង ស្រេង បញ្ជាក់ថា បើការកកស្ទះចរាចរណ៍ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ កាន់តែខ្លាំង គម្រោងនៃស្ថាបនាផ្លូវអាកាស និងផ្លូវក្រោមដីអាចនឹងដំណើរការកាន់តែឆាប់។

ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងបញ្ហាការប្រមូលសំរាមនៅរាជធានីភ្នំពេញបានល្អហើយមិនកកស្ទះទៀតទេ។ លោកជំរុញឲ្យសហគ្រាសគ្រប់គ្រងសំរាមធ្វើការពិនិត្យ សិក្សាឡើងវិញហើយរកមូលហេតុ ជុំវិញប្រជាពលរដ្ឋដែលមិនព្រមបង់ថ្លៃសំរាម។ ចំពោះអ្នកដែលបានបង់ថ្លៃសំរាមជាប្រចាំហើយ រដ្ឋបាលរាជធានីភ្នំពេញរក្សាតម្លៃសំរាមដដែលមិនមានគម្រោងនៃការដំឡើងថ្លៃនោះទេ។ កន្លងមកក្រុមហ៊ុនស៊ិនទ្រីកំណត់តម្លៃសំរាមខុសឆ្គងដូចជាផ្ទះល្វែងខ្លះ១៥ដុល្លារ១ខែ។ ដូច្នេះសហគ្រាសគ្រប់គ្រងសំរាមត្រូវកាត់តម្រឹមការយកតម្លៃខុសបែបបទនេះចេញធ្វើម៉េចឱ្យសមរម្យដើម្បីជំរុញឲ្យពួកគាត់ចូលរួមក្នុងការបង់ថ្លៃសំរាមឱ្យបានទាំងអស់គ្នា។

ក្នុងកិច្ចប្រជុំនោះដែរ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរចំពោះគណៈអភិបាលរាជធានីនិងរដ្ឋបាលរាជធានីភ្នំពេញក្នុងខែកញ្ញាកន្លងមកពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបានធ្វើការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរាបរយនិងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អ។ក្នុងនោះរដ្ឋបាលរាជធានីក៏បានរៀបចំជូនដំណើរប្រជាពលរដ្ឋទៅលេងស្រុកកំណើតតាមរយះរថយន្តក្រុងសាធារណៈបានល្អហើយប្រជាពលរដ្ឋសប្បាយរីករាយដោយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញអញ្ជើញទៅជូនដំណើរដោយផ្ទាល់ថែមទៀតផង៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម