Connect with us

ព័ត៌មានជាតិ

លោកឃួង ស្រេង ណែនាំ​មន្ត្រីបក្សមូលដ្ឋាន បំពេញការងារឱ្យបានទ្វេដង ត្រៀមគ្រប់ជំហាន គ្រប់វិធីសាស្ត្រ

បានផុស

នៅ

លោកឃួង ស្រេង សមាជិក​គណៈកម្មាធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យ មន្ត្រីបក្សមូលដ្ឋានទាំងអស់ ប្រឹងប្រែងបំពេញការងារបក្សឱ្យបានទ្វេដង ដោយត្រូវត្រៀមគ្រប់ជំហាន គ្រប់វិធីសាស្ត្រ ស្របទៅតាមច្បាប់ ដើម្បីយកជ័យជំនៈក្នុងការបោះឆ្នោត បើមិនបាន កើនកៅអី ក៏ត្រូវតែកើនសំឡេងដែរ នៅក្នុងការបោះឆ្នោតឆ្នាំ២០២៧ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ណែនាំ​បែប​នេះ​របស់ លោកឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់វាលវង់និងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៤ តុលាឆ្នាំ២០២៥នេះ នៅសាលាប៊ែលធីគ្រុប។

លោកឃួង ស្រេង បានលើកឡើងថា នៅ​ពេល​មានការប៉ះទង្គិចគ្នាជាមួយថៃ មានបងប្អូនប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ យកថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគ ជួយដល់​វីរកង​ទ័ព​របស់​យើង​ដែល​កំពុង​ឈរជើងការពារបូរណភាពទឹកដី​នៅ​តាមបន្ទាត់ព្រំដែនជួរមុខ។ សកម្មភាពរបស់ សប្បុរសជន ប្រជាពលរដ្ឋ ក្នុងការផ្តល់ថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគខាងលើនេះ មិនមែនមានន័យថា រាជរដ្ឋាភិបាលរបស់យើង ខ្វះខាតថវិកា និងស្បៀងអាហារសម្រាប់កងទ័ពនោះទេ តែវាជាការ បង្ហាញឱ្យឃើញពីការរួមសាមគ្គីគ្នាជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ ក្នុងស្មារតីខ្មែរជួយខ្មែរ។

ជា​មួយគ្នា​នោះ​ លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរចំពោះ មន្ត្រីគណបក្សខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនៈរហូតមក។ ជាក់ស្តែង នៅឆ្នាំ២០២២, ២០២៣,ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ រាជធានី គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈរហូតផ្លូកទឹកផ្លូកដី។

លោកឃួង ស្រេង បានបន្តទៀត​ថា មន្ត្រីគណបក្សប្រជាជនកម្ពុជា អ្វីដែលយើងត្រូវធ្វើ គឺបម្រើប្រជាពលរដ្ឋនិងដើម្បីផលប្រយោជន៍ក្មេងជំនន់ក្រោយ។ ដូច្នេះយើងត្រូវធ្វើការងាររួមគ្នា ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសជាតិជារៀងរហូត និង​សម្រេចបាន​នូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយ​ជា​ប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។

ក្នុង​ឱកាស​នោះ ទាំងចៅសង្កាត់និងមេភូមិនីមួយៗ ក៏​បាន​លើក​ឡើង​ពី​សមិទ្ធផល​របស់បក្សដែលសម្រេចបាន ជាមួយនិង​ការ​លើកឡើង​ពី​ផែនការ​សកម្មភាព​ដែល​បាន​នឹង​កំពុងអនុវត្ត ដូចជាការខិតខំកសាងសមាជិកបក្ស ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះក៏បាន លើកឡើងពីសន្តិអារម្មណ៍និងសកម្មភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយពួកគាត់ធ្វើពហិការ មិនប្រើប្រាស់របស់របរថៃ ជាមួយនិងការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះចោរសៀមនេះ ដែលឈ្លានពានទឹកដីកម្ពុជា ជាមួយនិងការធ្វើសកម្មភាពអមនុស្សធម៌ បំពារបំពាន រំលោភសិទ្ធិមនុស្ស មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់រស់នៅតាមព្រំដែន៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម