Connect with us

ព័ត៌មានជាតិ

កម្ពុជាបដិសេធព័ត៌មានដែលថាខ្លួនព្យាយាមដកថៃពីគណៈកម្មាធិការព្រាងសេចក្តីសម្រេចបន្ទាន់ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន

បានផុស

នៅ

ប្រតិភូសភាកម្ពុជាបានបដិសេធចំពោះការចោទថាកម្ពុជាព្យាយាមដកតួនាទីរបស់ថៃចេញពីសមាសភាពគណៈកម្មាធិការព្រាងសេចក្តីសម្រេចបន្ទាន់ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ (Cyber-scams) ក្នុងយន្តការសហភាពអន្តរសភា (IPU)។ ការចោទនេះ សភាកម្ពុជា ថា ជារឿងមិនត្រឹមត្រូវ ដែលលើកឡើងបំភ្លៃការពិត ហើយបង្កជាការភាន់ច្រលំមកលើកម្ពុជាប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកបដិសេធរបស់កម្ពុជា គឺឆ្លើយតបទៅនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Nation ដែលបានចុះផ្សាយថា ក្នុងអំឡុងកិច្ចប្រជុំសហភាពអន្តរសភា(IPU)លើកទី១៥១ នៅទីក្រុងហ្សឺណែវ កម្ពុជាបានចាត់វិធានការយុទ្ធសាស្ត្ររួមជាមួយចិន រុញច្រានតួនាទីរបស់ថៃឱ្យនៅក្រៅឆាកនៃគណៈកម្មាធិការព្រាងសេចក្តីសម្រេចបន្ទាន់ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ (Cyber-scams) និងការគំរាមកំហែងចម្រុះ ដែលជាគំនិតផ្តួចផ្តើមដឹកនាំដោយប្រទេសថៃ។

តាមខ្លឹមសាររបស់ The Nation បានសរសេរថា នៅពេលក្រុមអាស៊ី-ប៉ាស៊ីហ្វិក (APG) បានបែងចែកកៅអីចំនួនពីរ កម្ពុជាបានធ្វើការចាត់ចែងដើម្បីដាក់ចិន ជាប្រធាន និងកម្ពុជាខ្លួនឯង ជាអនុប្រធាន ដោយទម្លាក់ថៃដែលជាអ្នកផ្តួចផ្តើមសេចក្តីសម្រេចនេះឱ្យទៅជាតួនាទីប្រឹក្សាយោបល់វិញ ដោយគ្មានសិទ្ធិបោះឆ្នោត។

គណៈប្រតិភូកម្ពុជាបានសម្ដែងការហួសចិត្ត និងថា ការផ្សាយរបស់សារព័ត៌មាថៃនេះ គឺមិនចេះខ្មាស់អៀន ដែលផ្សាយព័ត៌មានបែបភូតភរកុហក និងបំភ្លៃការពិត ក្នុងគោលបំណងធ្វើឱ្យខូចខាតយ៉ាងអយុត្តិធម៌ដល់កេរ្តិ៍ឈ្មោះនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសន្តិភាព។

ចំពោះការអះអាងដែលថា គណៈប្រតិភូថៃត្រូវបានទម្លាក់ទៅតួនាទីជាទីប្រឹក្សានោះ គណៈប្រតិភូសភាកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា គឺជាការលើកឡើងមិនត្រឹមត្រូវ និងបង្កការភាន់ច្រឡំ។

ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាទីប្រារព្ធមហាសន្និបាត IPU លើកទី១៥១ អ្នកនាំពាក្យគណៈប្រតិភូសភាកម្ពុជា បានលើកឡើងថា ក្នុងនាមជាសមាជិកនៃក្រុមប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APG) កម្ពុជាត្រូវបានជ្រើសតាំងយ៉ាងត្រឹមត្រូវ តាមការព្រមព្រៀងជាឯកច្ឆន្ទពីក្រុម APG ជាសមាសភាពក្នុងគណៈកម្មាធិការតាក់តែងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត រួមជាមួយតំណាងម្នាក់ទៀតមកពីតំបន់។ ផ្ទុយទៅវិញកម្ពុជាមិនដែលព្យាយាមដកចេញ មិនអើពើ ឬរើសអើងចំពោះគណៈប្រតិភូណាមួយឡើយ មិនថា មុន ក្នុងអំឡុងពេល ឬក្រោយពេលដែលកម្ពុជាបានទទួលការតែងតាំងនោះទេ។

សេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យប្រតិភូសភាកម្ពុជា បានបញ្ជាក់ឱ្យដឹងថា សមាសភាពគណៈកម្មាធិការតាក់តែងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត រួមទាំងប្រធាន និងអ្នករាយការណ៍ គឺត្រូវបានកំណត់តាមកិច្ចពិគ្រោះយោបល់រួមរវាងក្រុមភូមិសាស្ត្រនយោបាយទាំងប្រាំមួយ ក្រោមការត្រួតពិនិត្យរបស់ប្រធាន និងលេខាធិការដ្ឋានសហភាពអន្តរសភា (IPU)។

អ្នកនាំពាក្យ បន្តថា តាមការអនុវត្តរបស់ IPU គណៈប្រតិភូម្ចាស់សំណើសេចក្តីសម្រេចចិត្ត តែងតែត្រូវបានអញ្ជើញឱ្យចូលរួមចំណែកក្នុងដំណើរការតាក់តែងខ្លឹមសារ ប៉ុន្តែតួនាទីបោះឆ្នោតផ្លូវការរបស់ខ្លួននៅក្នុងគណៈកម្មាធិការតាក់តែងគឺអាស្រ័យលើការតែងតាំងរបស់ក្រុមភូមិសាស្ត្រនយោបាយរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម