Connect with us

ព័ត៌មានជាតិ

ពេលទំនេរពីការងារសហគមន៍ ​អ្នកស្រី សរ រ៉េ ឆ្លៀង​ដាំបន្លែ ចិញ្ចឹមមាន់ ធ្វើត្រីឆ្អើរ​បន្ថែម​ដើម្បីជីវភាព

បានផុស

នៅ

អ្នកស្រី សរ រ៉េ រស់នៅភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ សព្វថ្ងៃជាសមាជិកសហគមន៍ផលិតកែច្នៃត្រីងៀត ឃុំវឌ្ឍនៈបាន​ឲ្យ​ដឹងថា ពេលទំនេរពីការងារនៅក្នុងសហគមន៍ អ្នកស្រីបានប្រកបរបរដាំដុះដំណាំបន្លែធម្មជាតិ ចិញ្ចឹមមាន់ និងធ្វើត្រីឆ្អើ ជាលក្ខណៈគ្រួសារ និងការងារផ្សេងៗបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

ជាសមាជិកសហគមន៍ផលិតកែច្នៃត្រីងៀត ឃុំវឌ្ឍនៈតាំងពីចាប់ផ្ដើមបង្កើតសហគមន៍នេះឡើង ក្រៅ​ពីការងារសហគមន៍អ្នកស្រី សរ រ៉េ ក៏​ប្រកបរបរធ្វើស្រែចម្កា ដាំបន្លែ ចិញ្ចឹមមាន់ និងធ្វើត្រីឆ្អើ យកទៅលក់ដូរ ដែលអាចរកប្រាក់ចំណូលទាបបំផុតក៏បានពី ៣ ទៅ ៤ម៉ឺនរៀល ក្នុងមួយថ្ងៃ នេះគិតចំពោះតែបន្លែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សរ រ៉េ បាន​ប្រាប់​ថា ការដាំបន្លែមានការលំបាកខ្លះៗក្នុងការថែទាំ ពីព្រោះការដាំតាមធ្មជាតិ ខុសពីការដាំដុះក្នុងផ្ទះសំណាញ់ ដោយពេលមានភ្លៀងខ្លាំងធ្វើឲ្យ​រលួយខូចបន្លែ និងពិបាកការពារពីពពួកសត្វល្អិតចង្រៃ។ ចំពោះការប្រើប្រាស់ជីវិញ គឺអ្នកស្រីប្រើតែជីអាចម៍មាន់ដែលមានស្រាប់ និងមិនចាំបាច់ត្រូវចំណាយលុយទិញជីមកពីផ្សារ នោះទេ។

អ្នកស្រី បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ ក្រៅពីការងារចិញ្ចឹមមាន់ ធ្វើត្រីឆ្អើរ ដាំបន្លែ ធ្វើស្រែចម្កាហើយនោះ ការងារក្នុងសហគមន៍ក៏រវល់ខ្លាំងដែរ និងមានការងារជាច្រើនទៀត ជាមួយអង្គការដៃគូដែលអាចរកបានប្រាក់ចំណូលប្រចាំថ្ងៃ ធ្វើឪ្យជីវភាពគ្រួសារអ្នកស្រី​ មានភាពប្រសើរឡើងជាងមុន។

សហគមន៍ផលិតកែច្នៃត្រីងៀតឃុំវឌ្ឍនៈ បង្កើតឡើងកាលពីចុងឆ្នាំ២០២២ ដោយមានការគាំទ្រពីអាជ្ញាធរ និងស្របសម្រួលពីខណ្ឌរដ្ឋបាលជលផលក្រចេះ និងមានការគាំទ្រថវិកាដោយអង្គការ WWF ប្រចាំនៅខេត្តក្រចេះ បានបង្កើត​ឳកាសការងារបន្ថែមដល់ ប្រជាពលរដ្ឋនៅក្នុងភូមិ បង្កើនប្រាក់ចំណូល និងបានចូលរួមទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសបានចូលរួមការពារអភិរក្សនូវធនធានជីវៈចម្រុះក្នុងទន្លេមេគង្គ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម