Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ ប្រទេស​ថៃ​កំពុង​បង្ក​ភាព​បែក​បាក់​ក្នុង​អាស៊ាន

បានផុស

នៅ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ទេសរដ្ឋមន្ត្រី កែវ រ៉េមី បាន​លើក​ឡើង​ថា​ ប្រទេស​ថៃ​កំពុង​បង្ក​ភាព​បែក​បាក់​ក្នុង​អាស៊ាន និង​បំផ្លាញ​គ្រឹះ​ស្នូល​របស់​អាស៊ាន បន្ទាប់​ពី​ប្រទេស​នេះ​ឈ្លាន​ពាន​លើ​កម្ពុជា​និង​បំពាន​លើ​ច្បាប់​អន្តរជាតិ​ជា​បន្តបន្ទាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សិទ្ធិ​មនុស្ស​ឥណ្ឌូណេស៊ី​លោក Natalius Pigai ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ២០២៥ លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី បាន​លើក​ឡើង​ថា​គោលការណ៍​ចក្ខុវិស័យ​តែ​មួយ​​ អត្តសញ្ញាណ​តែ​មួយ​ និង​សហគមន៍​តែ​មួយ​របស់​អាស៊ាន​កំពុង​តែ​បំផ្លាញ​ដោយ​ប្រទេស​ថៃ​ ដោយ​សារ​អំពើ​ឈ្លាន​ពាន​លើ​កម្ពុជា​និង​ការ​បំពាន​ការ​សន្យា​របស់​ប្រទេស​នេះ​ជា​បន្តបន្ទាប់​។

លោក​ថា៖ «ប្រទេស​ថៃ​កំពុង​បង្ក​ភាព​បែក​បាក់​ក្នុង​អាស៊ាន និង​បំផ្លាញ​គ្រឹះ​ស្នូល​របស់​អាស៊ាន​ ដែល​មាន​ចក្ខុ​វិស័យ​តែ​មួយ​អត្ត​សញ្ញាណ​តែ​មួយ និង​សហគមន៍​តែ​មួយ​។ គោលការណ៍​ទាំង​នេះ​គឺ​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​ការ​រស់​នៅ​រួម​ដោយ​សន្តិភាព​ ការ​គោរព​ច្បាប់ និង​ការ​រួប​រួម​ជាតិ​របស់​ប្រទេស​ជា​សមាជិក​ទាំង​អស់»។

​​

លោក​ទេសរដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​ ផង​ដែរ​ គឺ​ផ្តើម​ចេញពី​ចេតនា​របស់​ថៃ​ប្រើប្រាស់​ផែន​ទី​គូស​ដោយ​ខ្លួន​ឯង​បំពាន​លើ​សន្ធិសញ្ញា​បារាំង​-សៀម ឆ្នាំ​១៩០៤ និង១៩០៧។ លើស​ពី​នេះ​លោក​ក៏​បាន​បញ្ជាក់​ពី​ការ​បំពាន​របស់​ថៃ​លើ​បទ​ឈប់​បាញ់​ផង​ដែរ​ទាក់ទង​នឹង​ការ​ចាប់​ទាហាន​ខ្មែរ​ទាំង​១៨នាក់​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា​។

លោក​ កែវ រ៉េមី បាន​លើក​ឡើង​បន្ថែម​ថា​ចំពោះ​ករណី​ទាហាន​ថៃ​ជាន់​មីន​លោក​បាន​លើក​ជា​ទឡ្ហីករណ៍​មួយ​ដែល​អាច​គិត​បាន​ដោយ​ថា​កម្ពុជា​មាន​ចំការ​មីន​រាប់​សិប​ហិតា​ដែល​បន្សល់​ពី​សង្គ្រាម​ដូច្នេះ​រាល់​ពេល​ដែល​ទាហាន​ថៃ​ជាន់​មីន​តើ​ក្នុង​ទឹក​ដី​កម្ពុជា​ឬ​ថៃ​ខ្លួន​ឯង​។

លោក​ថា៖ «បើ​ទាហាន​ថៃ​ជាន់​មីន​ក្នុង​ទឹក​ដី​កម្ពុជា​ នោះ​បញ្ជាក់​ថា​ពួកគេ​បាន​លួច​ចូល​ក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​បាន​ជាន់​បី​ចាស់​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម ប៉ុន្តែ​បើ​ពួកគេ​ជាន់​មីន​ក្នុង​ដី​ថៃ​នោះ​គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​ថៃ​ខ្លួន​ឯង​មិន​ពាក់ព័ន្ធ​នឹង​កម្ពុជា​នោះ​ទេ​»

លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ជួយ​ជំរុញ​ដល់​ប្រទេស​ថៃ​ឱ្យ​គោរព​សេចក្ដីថ្លែងការណ៍​រួម​ស្ដីពី​សន្តិភាព និង​ច្បាប់​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ផងដែរ​។

​​​​​ក្នុង​ឱកាស​នោះ​លោក Natalius Pigai បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ព័ត៌មាន​ទាំង​អស់​ដែល​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​ឡើង​ ព្រម​ទាំង​បាន​កោត​សរសើរ​គណៈកម្មាធិការ​នេះ​ចំពោះ​កិច្ចការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ​។

ប្រទេស​ថៃ​បាន​បើក​ការ​ឈ្លាន​ពាន​ប្រដាប់​អាវុធ​លើ​កម្ពុជា​នៅ​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ២០២៥ និង​ត្រូវ​បញ្ចប់​វិញ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ។ ទោះ​ជា​យ៉ាងណា​បន្ទាប់​ពី​សម្រេច​បាន​បទ​ឈប់​បាញ់​ប្រទេស​នេះ​បាន​បន្ត​រុកកួន​កម្ពុជា​ជា​បន្តបន្ទាប់​ដោយ​រាយ​បន្លា​លួស​ចូល​ដី​ខ្មែរ ដេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ផ្ទះ​សំបែង បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ និង​បំពាន​ផ្លូវ​ភេទ​លើ​ពលករ​ជា​ស្ត្រី​ខ្មែរ​ថែម​ទៀត​ផង​។ ​​កម្ពុជា​បាន​ដាក់​សេចក្ដី​រាយការណ៍​ជា​បន្តបន្ទាប់​ទៅ​កាន់​ស្ថាប័ន​អន្តរជាតិ​​ និង​ទាម​ទារ​ឱ្យ​ថៃ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​សកម្មភាព​បំពាន​ច្បាប់​នេះ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម