Connect with us

ព័ត៌មានជាតិ

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញឲ្យយកចិត្តទុក​ដាក់​ខ្ពស់អប់រំដល់កុមារតូចក្នុងកំឡុងពេលអាយុ៦ឆ្នាំដំបូងនៃជីវិត

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកទឹកចិត្តឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំដល់កុមារតូចក្នុងអំឡុងអាយុ៦ឆ្នាំដំបូងនៃជីវិត ព្រោះវាជាវ័យដែលកុមារត្រូវឆ្លងកាត់ការអភិវឌ្ឍន៍ប្រព័ន្ធប្រសាទយ៉ាងឆាប់រហ័ស។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការអប់រំបរិស្ថានសម្រាប់សាលាមត្ដេយ្យសិក្សានៅព្រឹកថ្ងៃទី១ ខែធ្នូនេះ នៅសាលាមធ្យមសិក្សា គរុកោសល្យមត្ដេយ្យមជ្ឈឹម រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពុត សាមិត្ដ អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា រយៈពេល៦ឆ្នាំដំបូងនៃជីវិត គឺជារយៈពេលដែលកុមារតូច ឆ្លងកាត់ការអភិវឌ្ឍន៍ប្រព័ន្ធប្រសាទយ៉ាងឆាប់រហ័ស ដែលផ្តល់នូវសមត្ថភាពជាមូលដ្ឋានរបស់កុមារទាំងនេះ គឺជាធាតុផ្សំដ៏សំខាន់ចាំបាច់ ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការរៀនសូត្រពេញមួយជីវិតរបស់កុមារ។

លោកអនុរដ្ឋលេខាធិការបានបន្តថា លើសពីនេះ បណ្ដុំនៃសរសៃប្រសាទរបស់កុមារតូច ក្នុងដំណាក់កាលនេះ មានភាពរីកចម្រើនលូតលាស់ តាមរយៈការបង្កើនការអន្តរាគមន៍ដូចជា ការអប់រំ ការការពារ ការផ្តល់ការថែសុខភាព និងអាហាររូបត្ថម្ភ និងការភ្ញោច ដែលរីកចម្រើនតាំងពីចាប់បដិសន្ធិក្នុងផ្ទៃមាតាមកម្លេះ។ ក្រៅពីនេះ ការលើកកម្ពស់ ការអភិវឌ្ឍសមត្ថភាពចិត្តសង្គម ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គឺជាកត្តាដ៏សំខាន់ណាស់ សម្រាប់វ័យដំបូងរបស់កុមារ ដែលពួកគេអាចទទួលការបណ្តុះនូវឥរិយាបទមួយ ដែលមានលក្ខណៈសម្របសម្រួល សម្រាប់ការរស់នៅក្នុងសង្គមទៅថ្ងៃអនាគត។

លោក ពុត សាមិត្ដ បានគូសបញ្ជាក់ថា ដូចនេះវគ្គបណ្តុះបណ្តាល ស្តីពីការអប់រំបរិស្ថានសម្រាប់សាលាមត្តេយ្យសិក្សារយៈពេល៥ថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ក្នុងការបញ្ជ្រាបចំណេះដឹងពីបរិស្ថានដល់លោកគ្រូអ្នកគ្រូដើម្បីផ្តល់ចំណេះដឹងបន្តដល់សិស្សរបស់ខ្លួន។ ព្រោះថា ការស្វែងយល់អំពីសារៈសំខាន់ នៃបរិស្ថានដែលយើង កំពុងរស់នៅគឺជាកត្តាចម្បង ប៉ុន្តែបើគ្មានការអប់រំឱ្យយល់ដឹងពីធម្មជាតិ ផ្សារភ្ជាប់ជាមួយជីវិតរស់នៅរបស់មនុស្ស នឹងបង្កការរំខានដល់ការអភិវឌ្ឍរបស់កុមារ។

លោក ពុត សាមិត្ដបានឲ្យដឹងទៀតថា ការអប់រំកុមារតូចឱ្យចេះថែរក្សា និងស្រឡាញ់សួនច្បារ សាលារៀន និងបរិស្ថាន ធម្មជាតិក្នុងសហគមន៍ កុមារនឹងមានអារម្មណ៍យល់ពីភាពអស្ចារ្យ នៃធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។ កុមារតូចមានការអភិវឌ្ឍតាមលំអានជាគំរូល្អ ពីមនុស្សពេញវ័យក្នុងបរិស្ថាន នៃការរស់នៅរបស់ពួកគេ តាមរយៈជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ឆន ឈាង អនុប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាល ស្ដីពី ការអប់រំបរិស្ថានសម្រាប់សាលាមត្ដេយ្យសិក្សា រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១-៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោមជំនួយឥតសំណងរបស់ក្រសួងការបរទេសជប៉ុននេះធ្វើឡើង ក្នុងគោលបំណង ដើម្បីចុះផ្សាយសកម្មភាព វគ្គបណ្តុះបណ្តាលការងារអប់រំបរិស្ថាន នៅមត្តេយ្យសិក្សា។ កម្មវិធីវគ្គបណ្តុះបណ្តាលនេះមានផ្តល់ជាទ្រឹស្តីផង និងអនុវត្តជាក់ស្តែងផង ដែលសង្ឃឹមថា សិក្ខាកាមយើងទាំងអស់គ្នា នឹងទទួលបាននូវចំណេះដឹងបច្ចេកទេស មានលក្ខណៈវិទ្យាសាស្ត្រ និងបំណិនល្អៗពីវគ្គនេះ សម្រាប់យកទៅអនុវត្តការងារតាមគោលដៅរៀងៗខ្លួន ប្រកប ដោយផលប្រយោជន៍ និងមានប្រសិទ្ធភាពជោគជ័យសម្រាប់វិស័យអប់រំកុមារតូច នៃប្រទេសជាតិ របស់យើងទាំងអស់គ្នា។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក ពុត សាមិត្ដ សូមថ្លែងអំណរគុណចំពោះក្រុមការងារបច្ចេកទេស របស់ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការនេធើ សិនធើ រីសិន (NCR)នៃប្រទេសជប៉ុន ដែលបាន សហការរៀបចំសៀវភៅរូបភាពអប់រំបរិស្ថាននៅមត្តេយ្យសិក្សា ក្រោមចំណងជើង “កម្ពុជាដ៏ស្រស់ស្អាត” នេះឡើង។

លោក ពុត សាមិត្ដ សង្ឃឹមនិងជឿជាក់ថា ខ្លឹមសារនៃសៀវភៅរូបភាពអប់រំបរិស្ថានៅមតេយ្យសិក្សាដែលមានចំណងជើង “កម្ពុជាដ៏ស្រស់ស្អាត” ជាឯកសារធនធានសម្រាប់គ្រូមត្តេយ្យសិក្សា ស្វែងយល់ពីសារៈសំខាន់នៃធនធានធម្មជាតិ និងបញ្ចូលទៅក្នុងសកម្មភាពរៀន និងបង្រៀនផ្សារភ្ជាប់កម្ម វិធីសិក្សាកម្រិតមត្តេយ្យសិក្សាប្រកបដោយប្រសិទ្ធភាព។ លោក ពុត សាមិត្ដ ក៏មានសុទិដ្ឋិនិយមថា អង្គភាពពាក់ព័ន្ធថ្នាក់ជាតិ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គ្រប់ភាគី ពាក់ព័ន្ធទាំងអស់សហការគាំទ្រ និងជំរុញការអនុវត្តសៀវភៅរូបភាពអប់រំបរិស្ថានៅមត្តេយ្យសិក្សាដ៏មានសារៈសំខាន់នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កុមារតូចនៅកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម