Connect with us

ព័ត៌មានជាតិ

ត្រីស និងត្រីរៀលទំនប់សាលាតាអន​ត្រូវច្រើន ពលរដ្ឋ​ចុះទូកនេសាទ​ដូចទឹកបាក់ទំនប់

បានផុស

នៅ

ក្នុងរយះពេលជិត ១ សប្តាហ៍ចុងក្រោយនេះ ត្រង់ចំណុចទំនប់ស្ទាក់ទឹកសាលាតាអន​តាម​ដងស្ទឹងសង្កែ ក្នុងភូមិសាស្ត្រឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ នៃខេត្តបាត់ដំបង មានពលរដ្ឋ​រាប់រយនាក់​មមាញឹកក្នុងការចុះ​នេសាទបង់សំណាញ់ ចំណែកនៅលើខ្នងទំនប់ហាក់ដូចជាទីផ្សារមួយអីចឹងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកភូមិបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៦ ខែធ្នូនេះថា ពួកគាត់សប្បាយចិត្ត ដែល​កា​រនេសាទត្រីនៅក្នុងរដូវកាលឆ្នាំនេះក្នុងរយះពេលខ្លី តែអាចរកចំណូលបានច្រើន​ជាងឆ្នាំមុន ដោយសារតែឆ្នាំនេះមានត្រីស​និងត្រីរៀលចុះ​ច្រើន ដែលធ្វើឲ្យពួកគាត់សម្រុកនេសាទ​ក្នុងរយះពេលជិតមួយសប្តាហ៍មកហើយ។

ក្នុងសកម្មភាពនេសាទត្រី ពលរដ្ឋ​ខ្លះដាក់មងខ្លះទៀតបង់សំណាញ់។ ការ​បោះសំណាញ់ចូលទឹកហើយអូសសំណាញ់មកវិញឃើញជាប់ត្រីរាប់សិបគីឡូក្រាមមិនគួរឲ្យជឿ បើសិនជាមិនបានឃើញផ្ទាល់ភ្នែក។

ក្រោយពីពលរដ្ឋ​ម្នាក់ៗរកបានច្រើនបែបនេះ អ្នកធ្វើដំណើរក៏សម្រុកនាំគ្នាទិញត្រីស្រស់ៗក្នុងម្នាក់ៗបានចន្លោះពី ៥ ទៅ ១០ គីឡូក្រាម ក្នុងនោះត្រីសតម្លៃ ៣ ០០០ រៀល និងត្រីរៀលលក់បានក្នុងតម្លៃ ១ គីឡូក្រាម ៥ ០០០រៀល។

ក្រៅពីលក់ស្រស់ៗ ពលរដ្ឋ​ខ្លះ​ក៏នាំគ្នាយកទៅធ្វើជាត្រីឆ្អើរ ប្រហុក ផ្អក សម្រាប់បរិភោគក្នុងគ្រួសារ។

បើតាមលោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងថា ប្រភេទត្រីស និងត្រីរៀល បានកើនឡើងរហូតដល់ ៥០ ភាគរយ បើធៀបឆ្នាំកន្លងទៅ។ ការកើនឡើងដ៏ច្រើននេះ ដោយសារតែឆ្នាំនេះភ្លៀងបានធ្លាក់ច្រើននៅដើមដៃ ធ្វើឲ្យកម្ពស់​ទឹកបានហក់ឡើងជាងឆ្នាំមុនមួយម៉ែត្រ ទើបប្រភេទត្រីសនិងត្រីរៀលនិងត្រីកំភ្លាញ​ត្រូវ​ច្រើន អាចផ្គត់ផ្គង់ពលរដ្ឋ​តាមរយះធ្វើជាប្រហុក ផ្អក និងត្រីឆ្អើរ ចូលទីផ្សារដើម្បីបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ។

លោកបន្តពន្យល់ថា ត្រីសនិងត្រីរៀលមិនមែនឡើងចេញពីបឹងទន្លេសាបនោះទេ គឺត្រីប្រភេទនេះបានឡើងមកពីតាម បណ្តាបឹង ឡូតិ៍ ឬព្រែក រនាមដែលស្ថិតនៅក្នុងឃុំដូចជា ឃុំព្រៃចាស់ ឃុំព្រែកលូង ឃុំព្រែកនរិន្ទ ឃុំពាឯក ជាដើម។

លោកបន្តថា ត្រីសដែលបានឡើងមកកកកុញ នៅទំនប់សាលាតាអនយ៉ាងច្រើននេះ គឺចាប់ផ្តើមតាំងថ្ងៃ ១០ កើត រហូតដល់ថ្ងៃ ១៥ កើត។បើសិនជាអាកាសធាតុបើកថ្ងៃល្អ រហូតដល់ថ្ងៃ ៣ ឬ ៤ រោជ ទើបអាចនឹងថយចុះទៅវិញ ។

បន្ថែមពីនេះ​សម្រាប់លោក ជួង សុភា កត្តាដែលធ្វើឲ្យប្រភេទត្រីសបានកើនឡើងច្រើននេះ គឺកើតចេញពីកត្តា ៣ សំខាន់ ក្នុងនោះមាន ទី១ ភ្លៀងចាប់ផ្តើមធ្លាក់ដើមដៃ ទី២ ទំហំទឹកហក់ឡើងជាងឆ្នាំមុនកម្ពស់ ១ ម៉ែត្រ ទី ៣ ការទប់ស្កាត់បទល្មើសបានល្អ និងបានកំណត់ទំហំឧបករណ៍នេសាទផង ដូចជាក្រឡាសាច់មងបានកំណត់ដល់ ៣ ហ៊ុន ខណះឆ្នាំមុនប្រជានេសាទបានប្រើប្រាស់ក្រឡាមង ១ ហ៊ុន​កន្លះឡើងទៅ ធ្វើឲ្យត្រីសមិនបានរួចខ្លួនពីក្រឡាមងនោះឡើយ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម