Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន រំលឹកព្រឹត្តិការណ៍រដ្ឋប្រហារ១៨មីនា ១៩៧០ ដែលបានធ្វើឱ្យកម្ពុជាធ្លាក់ក្នុងសង្គ្រាម ខណៈថ្ងៃនេះជាខួប៥៦ឆ្នាំ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន រំលឹកពីព្រឹត្តិការណ៍កាលពី៥៦ឆ្នាំមុន ដែលបាននាំឱ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ បន្ទាប់ពីរដ្ឋប្រហារមួយបានកើតឡើងក្នុងការទម្លាក់ព្រះករុណាព្រះបាទសម្ដេច នរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋ ដោយក្រុម លន់ នល់ ក្រោមការគាំទ្រពីសហរដ្ឋអាម៉េរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន តាមរយៈសំណេរលើបណ្ដាញសង្គម នៅថ្ងៃពុធនេះ បានសរសេរដូច្នេះថា៖ «ថ្ងៃនេះ ជាខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោតម្ត សីហនុ ពីសំណាក់ពួក លន់ នល់ (១៨មីនា ១៩៧០-១៨មីនា ២០២៦)»។ សំណេររបស់សម្ដេចតេជោបានរំលឹកថា ព្រឹត្តិការណ៍កាលពី៥៦ឆ្នាំមុន គឺជាមូលហេតុដែលនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។

រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលលោកសេនាប្រមុខ លន់ នល់ និងបក្ខពួកបានទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីតំណែងប្រមុខរដ្ឋ ខណៈព្រះអង្គជាប់បំពេញទស្សនកិច្ចនៅឯបរទេស។ រដ្ឋប្រហារនេះបានប្តូររបបពីព្រះរាជាណាចក្រកម្ពុជាទៅជាសាធារណរដ្ឋខ្មែរ ដែលគាំទ្រដោយសហរដ្ឋអាម៉េរិក នាំឱ្យកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលពេញទំហឹង និងវិបត្តិសង្គមពេញផ្ទៃប្រទេស។

រដ្ឋប្រហារ តាមរយៈសម្លេងបោះឆ្នោតទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅក្នុងរដ្ឋសភានាពេលនោះ មិនត្រឹមបាននាំឱ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងបានរុញច្រានកម្ពុជាឱ្យធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមថែមទៀត។

រំលឹកទៅអតីតកាលដ៏ជូរចត់នោះ សម្ដេច ហ៊ុន សែន តាមរយៈសំណេរដដែលនៅថ្ងៃនេះបានពណ៌នាពីការលំបាកយ៉ាងខ្លាំងចំពោះសភាពការណ៍ពេលនោះ ដែលប្រទេសកំពុងធ្លាក់ក្នុងភ្លើងសង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ ប្រជាជនជួបទុក្ខវាទនា ក៏ប៉ុន្តែសម្ដេច បានបញ្ជាក់ថា សម្ដេចមិនរត់ចោលប្រជាជននោះទេ។ សម្ដេច ថា «យើងប្រឹងងើបឈរឡើងដើម្បីរស់ និងការស្តារ និងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ»៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម