Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ជិត ៩០ គ្រួសារ ក្នុងឃុំស្ទឹងត្រង់ ទទួលអំណោយសង្គ្រោះបន្ទាន់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ ម្សិលមិញ លោកស្រី បាន ស្រមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៨៧ គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រីមុំ មានប្រសាសន៍នាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ក្នុងនោះ លោកស្រី ក៏បានសម្តែងនូវការសោកស្ដាយចំពោះការខូចខាតបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ ដោយគ្រោះមហន្តរាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះ សូមកុំអស់សង្ឃឹម ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបររកស៊ី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀត។

លោកស្រី លើកឡើងថា គ្រោះថ្នាក់ធម្មជាតិ គឺតែងតែកើតមានឡើងជាយថាហេតុ ជាក់ស្តែងកាលពីរសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ មានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋរលំទាំងស្រុង ចំនួន ១២ ខ្នង (ស្មើនឹង ១២ គ្រួសារ) , របើកដំបូលផ្ទះ ចំនួន ៧៥ ខ្នង (ស្មើនឹង ៧៥ គ្រួសារ) ​នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វ នោះទេ ដូច្នេះសូមមានការប្រុងប្រយ័ត្នខ្ពស់។ បន្ថែមនោះ បើមានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅ សូមប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតឱ្យបានលឿន ដើម្បីក្រុមការងារចុះជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ បានទាន់ពេលវេលាក្នុងការចូលរួមសម្រាលការខ្វះខាតនានាជាបណ្តោះអាសន្ន។

ជាមួយនេះ លោកស្រី បាន ស្រីមុំ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ដែលងាយបង្កការគ្រោះថ្នាក់កើតឡើង និងសូមលើកទឹកចិត្តពលរដ្ឋ កុំឱ្យមានការអស់សង្ឃឹម ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបររកស៊ី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀត ហើយបើទោះបីជាអំណោយទាំងនេះ មិនអាចដោះស្រាយក្នុងជីវភាពរបស់ពួកគាត់បានយូរអង្វែងក្តី តែក៏អាចដោះស្រាយបានមួយរយៈផងដែរ ជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនានា។

គួរជម្រាបថា អំណោយសង្គ្រោះបន្ទាន់ដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ រួមមាន ៖ អង្ករ ៥០ គីឡូក្រាម , តង់កៅស៊ូ ២ (4x6m និង2x3m) , ឃីត ១ កញ្ចប់ (ទឹកត្រី និងទឹកស៊ីអ៊ីវ , ត្រី ខ , កន្ទេល មុង ភួយ , ឆ្នាំងបាយ ឆ្នាំងខ្ទះ ចានបាយ វែកបាយ វែកសម្ល ,ទឹកសុទ្ធ) និងថវិកាចំនួន ៥០ ម៉ឺនរៀល៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម