Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ាម៉មវណ្ណឌីនាំយកអំណោយសម្តេចតេជោហ៊ុនសែនចែកជូនគ្រួសារអតីតយុទ្ធជន២០៦គ្រួសារនៅខេត្តកំពង់ធំ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន  សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន ២០៦គ្រួសារ ដែលកំពុងរស់នៅ មណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោធិបតី ថ្លុកព្រីង ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



ពិធីនេះដែលមានការចូលរួមពីលោកអភិបាលរងខេត្ត មេបញ្ជាការតំបន់សឹងរងខេត្តកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្ត ស្រុក ឃុំ អាជ្ញាធរពាក់ពាក់ និងតំណាងគ្រួសារអតីតយុទ្ធជនទាំង២០៦គ្រួសារ។



លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់សឹងរងកំពង់ធំ និងជាអនុប្រធានប្រចាំការ អ.ន.ក.ខេត្ត ឡើងធ្វើសេចក្តីរាយការណ៍ពីបច្ចុប្បន្ន និងវឌ្ឍនភាពនានានៃមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោធិបតីថ្លុកព្រីងថា មណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោធិបតីថ្លុកព្រីងនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ មានទំហំដីសរុបមានចំនួន ១៩៧៨ ហិតា និងមានគ្រួសារអតីតយុទ្ធជនមករស់នៅចំនួន ២០៦គ្រួសារ ស្នើនឹង២០៦ខ្នងផ្ទះ ក្នុងពេលបច្ចុប្បន្ននេះក្រុមការងារសមាគមកំពុងសាងសង់បន្ថែមចំនួន ៣៥ខ្នង និងកំពុងជីកស្រះទឹកទំហំ ៣០ម៉ែត្រ គុណ ៤០ម៉ែត្រ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ និងបង្កបង្កើនផល។



ថ្លែងក្នុងពិធីចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសារ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី មានប្រសាសន៍ថា អំណោយទាំងអស់ដែលនាំយកមកចែកជូនបងប្អូនអតីតយុទ្ធជនទាំងអស់នៅថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោ  ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោកនាយ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគម បានចាត់ឱ្យលោកជាតំណាងយកជូនបងប្អូនទាំង២០៦គ្រួសារនៅទីនេះ។ អ្នកឧកញ៉ាបន្តថា ដូច្ននេះពិធីនេះ គឺមិនត្រឹមតែជាការផ្តល់ជូនអំណោយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីចិត្តស្មោះត្រង់ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនទាំងអស់នៅទីនេះ។

អ្នកឧកញ៉ា ម៉ម វណ្ណឌី បានរំលឹកពីអតីតកាល ប្រទេសជាតិយើងធ្លាប់ឆ្លងកាត់ព្យុះភ្លៀងនានា ទាំងសង្គ្រាម ទាំងការ បាត់បង់ធនធានមនុស្ស និងបាត់បង់ជីវិតប្រជាជន យុទ្ធជនក្លាហានជាច្រើននាក់ក្នុងរបបប្រល័យពូជ សាសន៍ដ៏យង់ឃ្លង់។ ទម្រាំតែយើងមានថ្ងៃនេះ គឺយើងត្រូវតែដឹងគុណ និងចង់ចាំជានិច្ចនូវគុណបំណាច់របស់បងប្អូនអតីតយុទ្ធជនទាំងអស់ដែលបានរួមចំណែកក្នុងបុព្វហេតុការពារទឹកដី និងសន្តិភាព គុណមិនអាចកាត់ថ្លៃបាននៃថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក នៃនយោបាយឈ្នះឈ្នះ ដោយសម្តេចបានយកជីវិតធ្វើជាដើមទុកក្នុងការរំដោះប្រទេសចេញពីគុកឥតជញ្ជាំងរហូតនាំយកសន្តិភាពមកជូនប្រជាជនយើងគ្រប់ៗគ្នា។



អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ  ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនបងប្អូននៅថ្ងៃនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ , ត្រីខ ១យួរ, សារ៉ុង ១ ក្រមា ១ ព្រមទាំងថវិកាចំនួន ៥ម៉ឺនរៀល។



តំណាងអតីតយុទ្ធជន ទាំង២០៦ គ្រួសារបានបង្ហាញក្ដីរីករាយសប្បាយចិត្តដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងតែចុះជួបសាកសួរសុខទុក្ខ ធ្វើឱ្យពួកគាត់មានភាពកក់ក្ដៅ ព្រមទាំងបានបញ្ជាក់ពីឆន្ទៈក្នុងការបន្តគាំទ្រសម្ដេចតេជោ និងរាជរដ្ឋាភិបាលជានិច្ចនិរន្តន៍ និងបានជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម