Connect with us

ព័ត៌មានជាតិ

កម្ពុជា និង​សាធារណរដ្ឋ​ឆែក​ឯកភាព​​ជំរុញការ​ពិគ្រោះ​យោបល់ដែលអាចឈានដល់​ការ​លើក​លែង​ទិដ្ឋាការ​រវាង​ប្រទេស​ទាំង​ពីរ

បានផុស

នៅ

​កម្ពុជា និង​សាធារណរដ្ឋ​ឆែក​នឹង​រៀប​ចំ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​មួយ​នៅ​ទីក្រុង​ប្រាគ​ក្នុង​ឆ្នាំ​នេះ និង​ឯកភាព​ធ្វើ​ការ​ឈាន​ទៅ​បញ្ចប់​ឯកសារ​នានា​ដែល​នៅ​សេស​សល់​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​នោះ​ក៏​មាន​ការ​លើកលែង​ទិដ្ឋាការ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី២៧ ខែ​មេសា ក្រសួង​ការបរទេស​កម្ពុជា​ឱ្យ​ដឹង​ថា​ ការ​ឯកភាព​ត្រៀម​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់ និង​ការ​បញ្ចប់​ឯកសារ​ទាក់ទង​នឹង​ការ​លើកលែង​ទិដ្ឋាការ​នេះ​ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​រដ្ឋមន្ត្រី​កាបរទេស​កម្ពុជា​ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​សាធារណរដ្ឋ​ឆែក លោក Petr Macinka នៅ​រាជធានី​បានដា ស៊េរីបេហ្កាវ៉ាន់ ប្រទេស​ព្រុយនេ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា​ ដោយ​ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សំខាន់​ៗ​ដូច​ជា​ពាណិជ្ជកម្ម វិនិយោគ ការ​អប់រំ សុខភិបាល ទេសចរណ៍ និង​ការ​ផ្លាស់ប្ដូរ​ប្រជាជន​និង​ប្រជាជន​ ព្រមទាំង​បណ្ដុះ​បណ្ដាល​មន្ត្រី​ការទូត​វ័យ​ក្មេង​។

​​​​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​បាន​បញ្ជាក់​ថា​៖ «ភាគី​ទាំង​ពីរ​ឯកភាព​ត្រៀម​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួង​ការបរទេស​ទាំង​ពីរ​នៅ​ទីក្រុង​ប្រាគ​ក្នុង​ឆ្នាំ​នេះ និង​ឯកភាព​ធ្វើការ​ឈាន​ទៅ​បញ្ចប់​ឯកសារ​នានា​ដែល​នៅ​សេស​សល់​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ រួមមាន​ ការលើកលែងទិដ្ឋាការ វិស័យ​ទេសចរណ៍ និង​កសិកម្ម​»


​សាធារណរដ្ឋ​ឆែក​ជា​ប្រទេស​មួយ​ក្នុង​តំបន់​អឺរ៉ុប​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​ជា​យូរ​អង្វែង​មក​ហើយ​ដែល​គិត​មក​ដល់​ឆ្នាំ​២០២៦​មាន​អាយុ​កាល​៧០ឆ្នាំ​ហើយ​។ ប្រទេស​នេះ​ក៏​ជា​ប្រទេស​មួយ​ដែល​បាន​ជួយ​កម្ពុជា​ជា​បន្តបន្ទាប់​ក្រោយ​ការ​ដួលរលំ​នៃ​របប​ ប៉ុល ពត​។

ក្នុង​ជំនួប​មួយ​រវាង​រដ្ឋមន្ត្រី​ទេសចរណ៍​លោក ហួត ហាក់ និង​ឯកអគ្គរដ្ឋទូត​ឆែក​ប្រចាំ​កម្ពុជា​លោកស្រី Markéta Kolc Hájková កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ភាគី​ទាំង​ពីរ​បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍​ជា​ភារកិច្ច​រួម​គ្នា​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​សហការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​នេះ​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​។


​ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោក ធួន ស៊ីណាន យល់​ថា​ប្រសិន​ជា​កម្ពុជា​និងសាធារណរដ្ឋ​​ឆែក​អាច​ឈាន​ដល់​ការ​លើក​លែង​ទិដ្ឋាការ​នឹង​គ្នា​បាន​គឺ​ជា​រឿង​ល្អ​ដល់​វិស័យ​ទេសចរណ៍​​សម្រាប់​ប្រទេស​ទាំង​ពីរ។ លោក​ជំរុញ​ដល់​រដ្ឋាភិបាល​ធ្វើ​ការងារ​នេះ​ជា​មួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ​។

លោក​ថា៖ «យើង​គួរ​តែ​បន្ត​នូវ​សក្ដានុពល​របស់​យើង​ក្នុង​ការ​ទំនាក់ទំនង​ការ​ទូត​ក្នុង​ការ​បើក​ច្រក​ផ្ដល់​វីសា​ទៅ​វិញ​ទៅ​មក។ ព្រោះ​សព្វ​ថ្ងៃ​នេះ​ប្រជាជន​យើង​សូម្បី​តែ​ទៅ​ចិន កូរ៉េ ជប៉ុន ក៏​យើង​ប្រឈម​មុខ​ការ​លំបាក​ខ្លាំង​ណាស់​។ ទាំង​អស់​នោះ​ដែល​ខ្ញុំ​យល់​ថា​គុណ​តម្លៃ​ប៉ាសស្ព័រ​របស់​យើង​នៅ​ខាង​ក្រៅ​ហ្នឹង​គឺ​ទាប​ទៅ​ៗ ខ្ញុំ​លើក​ឧទាហរណ៍​ ចិន​ទៅ​ថៃ​ ទៅ​ម៉ាឡេ​អី គឺ​គេ​ចូល​ទៅ​បាន​ស្រួល​បំផុត​តែម្ដង​។ ឥណ្ឌូណេស៊ី​អី​គេ​អត់​ត្រូវ​ការ​វីសា​តែ​យើង​នេះ​ត្រូវ​ការ​វីសា​ដែល​ជា​រឿង​មួយ​ដែល​ខ្ញុំ​ចង់​លើក​ឡើង​តើ​ពួក​យើង​គួរ​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​វិញ​ទៅ​មក​ហ្នឹង​ឱ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​លើក​គុណ​តម្លៃ​ប៉ាសស្ព័រ​របស់​យើង​​»


ជា​ការ​កត់សម្គាល់​សាធារណរដ្ឋឆែក គឺជាសមាជិកនៃតំបន់ Schengen ចាប់តាំងពីចុងឆ្នាំ២០០៧។ ដូច្នេះ ការ​សម្រេច​បាននូវកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការនេះ មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់ការ​ធ្វើដំណើរ​ទៅ​កាន់ប្រទេសឆែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាវិជ្ជមាន និងជាក្តីសង្ឃឹមថ្មី​សម្រាប់​អ្នក​ទេសចរ​កម្ពុជា ក្នុងការធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបបានកាន់តែងាយស្រួលផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម