Connect with us

ព័ត៌មានជាតិ

ឧត្តសេនីយ៍ឯក ជួន ណារិន្ទ៖ ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាដៃគូដ៏សំខាន់ជាមួយស្ថាប័នរដ្ឋ

បានផុស

នៅ

ឧត្តសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាអគ្គស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាដៃគូដ៏សំខាន់ជាមួយស្ថាប័នរដ្ឋ។ លោកបានលើកឡើងដូចនេះ ក្នុងវេទិកាកិច្ចពិភាក្សាថ្នាក់ជាតិ ស្តីពី «ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ត្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា» នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាបូឌីយ៉ាណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកអគ្គស្នងការរង បានថ្លែងកោតសរសើរ ចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គក្នុងការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានបានរហ័សទាន់សភាពការណ៍ និងទូលំទូលាយ ជូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជា ពិសេសព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រ ដែលទទួលបានជោគជ័យយ៉ាងធំធេងនាពេលថ្មីៗកន្លងទៅនេះ។

លោកបានសង្កត់ធ្ងន់ថា «សមិទ្ធផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រង់ ដែលទទួលបាននាពេលកន្លងមក គឺមានការចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលនេះបានបង្ហាញពីភាពជាដៃគូ មិនអាចខ្វះបាន រវាងស្ថាប័នរដ្ឋ ជាមួយស្ថាប័នសារព័ត៌មាន»។

លោកថ្លែងបន្តថា អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកសារព័ត៌មានជាស្ត្រី គឺជាសសរស្តម្ភ សំខាន់នៃសង្គមប្រជាធិបតេយ្យ ដែលតែងតែឈរនៅជួរខាងមុខ បំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ក្នុងការបំភ្លឺការពិត និងផ្ដល់ព័ត៌មានមិនលំអៀងជូនដល់ប្រជាពលរដ្ឋ ដោយដើរទន្ទឹមជាមួយនឹងការគោរព នីតិរដ្ឋ និងសិទ្ធិសេរីភាពរបស់អ្នកដទៃ។ លើសពីនេះ អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់ សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពអំពីបញ្ហាសង្គម។

ទន្ទឹមនឹងការលើកឡើងខាងលើ លោកក៏បានសង្កេតឃើញ មានការកើនឡើងយ៉ាងខ្លាំង នូវសារព័ត៌មាន អនឡាញ និងការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម ដែលគ្មានវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតបំពុលសង្គម ញុះញង់ឱ្យកើតមានវិបត្តិនៅក្នុងសង្គម និងការប្រើប្រាស់រូបភាពធ្វើឱ្យប៉ះពាល់ដល់ វប្បធម៌ អរិយធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ ដែលបញ្ហាប្រឈមនេះ ចាំបាច់ដែលត្រូវចូលរួម ដោះស្រាយទាំងអស់គ្នា។

ដើម្បីជាមូលដ្ឋាន ក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម និងញុះញង់ឱ្យមានការបែកបាក់សាមគ្គីភាពជាតិ លោកស្នងការរង ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់អ្នកសារព័ត៌មានទាំងអស់ឱ្យ បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។

បន្ថែមពីនេះ ត្រូវផ្ដល់ព័ត៌មានពិតដល់សាធារណៈជនជាតិ-អន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងនាំព័ត៌មាន ពីប្រជាពលរដ្ឋមកកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេសបញ្ហាក្មេងទំនើង បញ្ហាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រក្សាសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គម។

ព្រមទាំងបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៍មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ ក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ចៀសវាងការផ្សព្វផ្សាយ ព័ត៌មានដែលធ្វើឱ្យខូចប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណៈជន។ ចូលរួមគាំទ្រលុបបំបាត់ការបង្ហោះផ្សព្វផ្សាយ រូបភាពអាសអាភាស ការជេរប្រមាថ និងបរិហាកេរ្តិ៍ផ្សេងៗ តាមប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌ក្នុងសង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម