Connect with us

ព័ត៌មានជាតិ

កម្ពុជា ជួបព្យុះមួយទៀតជាព្យុះទី៩ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១២កក្កដា

បានផុស

នៅ

ព្រះរាជណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៩ ឈ្មោះ បាវី(Bavi) T2609 ចាប់បីថ្ងៃទី២ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដែលនឹងធ្វើឲ្យនៅតាមតំបន់មានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ។

តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី២កក្កដានេះ ព្យុះទី៩ ឈ្មោះ បាវី(Bavi) បានកើតឡើងដោយសារការវិវត្ដពីសម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ តាមការប្រកាសរបស់ក្រសួងធនធានទឹក ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ បាវី នេះទេ។

តាមការប្រកាសដដែល ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នឹងធ្វើឱ្យធាតុអាកាស នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៦០%។

តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៥០%។

តំបន់មាត់សមុទ្រ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៦០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

យោងលើការព្យាករ ក្រសួងធនធានទឹក អំពាវនាវសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោក​ និងផ្លូវទឹក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម