Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញបញ្ជាក់ថា កម្រិតទឹកបឹងកន្សែងទាបជាងឆ្នាំមុន ដោយសារកត្តាអាកាសធាតុ

បានផុស

នៅ

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី បានចេញសេចក្តីបំភ្លឺជុំវិញស្ថានភាពផ្ទៃទឹកបឹងកន្សែង ដែលស្រកខុសពីបណ្តាឆ្នាំកន្លងមកនៅដើមរដូវវស្សា ដោយបញ្ជាក់ថា ទ្វាទឹកបឹងកន្សែងមិនមានការលេចធ្លាយនោះទេ ហើយមូលហេតុចម្បងគឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បឹងកន្សែង ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងទេសចរណ៍ដ៏ល្បី ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាធម្មតា នៅរដូវប្រាំង ផ្ទៃទឹកបឹងតែងស្រកដោយសារអាកាសធាតុក្តៅ ខណៈនៅរដូវវស្សា កម្រិតទឹកនឹងកើនឡើងជាបន្តបន្ទាប់។ ប៉ុន្តែនៅឆ្នាំនេះ ទោះបីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃក៏ដោយ កម្រិតទឹកនៅតែមិនទាន់កើនឡើងដូចរាល់ឆ្នាំ។

យោងតាមសេចក្តីបំភ្លឺចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី បានចាត់តាំងមន្ត្រីបច្ចេកទេសចុះពិនិត្យជាក់ស្តែងនៅទ្វាទឹកបឹងកន្សែង ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។

លទ្ធផលនៃការត្រួតពិនិត្យបង្ហាញថា ជារៀងរាល់ឆ្នាំ បឹងកន្សែងមានកម្រិតទឹកពេញលេញចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ហើយចាប់ផ្តើមស្រកវិញក្រោយពីនោះ។ សម្រាប់ឆ្នាំ២០២៦នេះ កម្រិតទឹកមានកម្ពស់ទាបជាងបណ្តាឆ្នាំមុន ដោយសារការប្រែប្រួលស្ថានភាពអាកាសធាតុ។

មន្ទីរបានបញ្ជាក់បន្ថែមថា តាមការពិនិត្យជាក់ស្តែង កម្រិតទឹកក្នុងបឹងមិនទាន់ឡើងដល់បាតទ្វាទឹកនៅឡើយ ដូច្នេះមិនទាន់មានទឹកហូរឆ្លងកាត់ទ្វាទឹកទេ។ ទ្វាទឹកនៅតែស្ថិតក្នុងស្ថានភាពស្ងួត ហើយ មិនមានការលេចធ្លាយ ឬខូចខាតដូចការលើកឡើងមួយចំនួននោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម