Connect with us

ព័ត៌មានជាតិ

វិស័យ​អចលនទ្រព្យ​នៅ​ក្រុង​ព្រះសីហនុ នឹង​ងើប​ឡើង​វិញ​ឆាប់​រហ័ស ក្រោយពី​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​លេច​ជា​រូបរាង

បានផុស

នៅ

ភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងព្រះសីហនុ គឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យ ដែលបាននឹងកំពុងរងផលប៉ះពាល់ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ សម្រាប់អ្នកជំនាញអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងព្រះសីហនុដែលបាននឹងកំពុងអភិវឌ្ឍន៍ និងគ្រោងអភិវឌ្ឍន៍ នឹងក្លាយជាកត្តាលីករជំរុញវិស័យមួយនេះឱ្យវិលទៅរកស្ថានភាពមុនវិបត្តិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ន សៀប អគ្គនាយកក្រុមហ៊ុន ឃីរៀលអុីស្ទេត មានប្រសាសន៍ថា៖ «បច្ចុប្បន្ន វិស័យអចលទ្រព្យនៅក្នុងក្រុងព្រះសីហនុនៅមិនទាន់ល្អប្រសើរនៅឡើយទេ ប៉ុន្តែបើពិនិត្យមើលពីសន្ទុះគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលកំពុងតែស្ថាបនា និងគ្រោងស្ថាបនា ទីផ្សារនឹងអាចវិលទៅរកស្ថានភាពល្អប្រសើរឡើងវិញយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។»

លោក ស៊ន សៀប បានបន្តថា រយៈពេលចុងក្រោយនេះ ក្រុងព្រះសីហនុមានភាពល្អប្រសើរខាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដូចជា ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ដែលកំពុងស្ថាបនា គម្រោងផ្លូវ៣៤ខ្សែដែលស្ថាបនាជិតរួចរាល់ និងគម្រោងកំពង់ផែទឹកជ្រៅស្ដង់ដារអន្តរជាតិដែលកំពុងសិក្សាដើម្បីស្ថាបនា។

ទោះជាយ៉ាងណា នៅក្នុងបរិបទកូវីដ១៩ លោក ស៊ន សៀប បានបញ្ជាក់ថា កាលពីឆ្នាំ២០២០តម្លៃដីធ្លីនៅក្រុងព្រះសីហនុបានធ្លាក់ចុះ១០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ ដោយឡែក ទីផ្សារខុនដូរដែលផ្ដោតភាគច្រើនលើទីផ្សារខាងក្រៅនៅតែបន្តរងផលប៉ះពាល់ ដោយសារតែវិធានការបិទខ្ទប់នានា និងការរឹតត្បិតការធ្វើដំណើរជាដើម។

ថ្វីត្បិតជំងឺកូវីដ១៩បានបង្ករការរំខានដល់ការអភិវឌ្ឍសេដ្ឋកិច្ច តែហេដ្ឋារចនាសម្ព័ន្ធនៅតែបន្តដំណើរការទៅមុខ។ យោងតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុផ្លូវក្រុង៣៤ខ្សែប្រវែង៨២គីឡូម៉ែត្រនៅខេត្តព្រះសីហនុ ដែលបា​នចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ កាលពី​ថ្ងៃ​ទី​១៦ ខែវិ​ច្ឆិកា​ឆ្នាំ​២០១៩​ ស្ថាបនារួចរាល់ជិត១០០ភាគរយហើយ។ ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ សម្រេចបាន ១០០% ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១សម្រេចបាន៨៤% និងកំពុងពិនិត្យលទ្ធភាពស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣។

ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានជំរុញឲ្យក្រុមហ៊ុនសាងសង់ផ្លូវបញ្ចប់ការដ្ឋានរបស់ខ្លួន ត្រឹមខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា រហូតមកដល់ពេលនេះ គម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបានប្រហែល ៥៥%ហើយ លើផ្លូវចម្ងាយ១៨៧ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រហែលជា២ពាន់លានដុល្លារ សហរដ្ឋអាមេរិក។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត កម្ពុជានឹងលែងពឹងផ្អែកលើសិង្ហបុរី និងហុងកុងចំពោះការសុំចូលចតនាវាដឹកទំនិញធំៗ​ បន្ទាប់ពីកំពង់ផែទឹកជ្រៅចំនួនពីរទៀត​នៅក្រុងព្រះសីហនុ បញ្ចប់ការសាងសង់ជាស្ថាពរនៅពេលខាងមុខ។ បើតាមការឱ្យដឹងពី លោក ស៊ុន ចាន់ថុល កម្ពុជាអាចនឹងអនុញ្ញាតិឱ្យនាវាអាស៊ីប៉ាស៊ីហ្វិកដល់ទៅ ៩៧% ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន នៅពេលដែលកំពង់ផែទឹកជ្រៅសាងសង់ចប់នៅឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម