Connect with us

ព័ត៌មានជាតិ

ការដ្ឋាន​សំណង់​មួយ​នៅ​ក្រុង​តាខ្មៅ តេស្ត​​សំណាក​កម្មករ​ ៨៩ នាក់ រកឃើញ​ឆ្លង​​កូវីដ ៦៩ នាក់

បានផុស

នៅ

អាជ្ញាធរក្រុងតាខ្មៅខេត្តកណ្តាលបានរកឃើញកម្មករកម្មការិនីចំនួន៦៩នាក់ នៅការដ្ឋានសំណង់មួយកន្លែងនៅសង្កាត់តាខ្មៅបានឆ្លងជំងឺកូវីដ-១៩។

បើតាមលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅបានឱ្យដឹងថា ក្នុងការដ្ឋានសំណង់នេះមានកម្មករសរុបចំនួន ៨៩នាក់ ក្នុងនោះបានឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៩នាក់ បានបញ្ជូនទៅសម្រាក និងព្យាបាលនៅមណ្ឌលរួចហើយ។ ដោយឡែកសម្រាប់បងប្អូនកម្មករកម្មការិនី ដែលបានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ទាំង២០នាក់នេះ ត្រូវបានអាជ្ញាធរសម្រេចដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងទីតាំងធ្វើសំណង់នេះផ្ទាល់តែម្ដង តាមវិធានការរបស់ក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសសាកសួរសុខទុក្ខ និងចែកអំណោយ ជូនដល់បងប្អូនកម្មករ កម្មការិនីធ្វើសំណង់ចំនួន ២០នាក់ ដែលកំពុងធ្វើចត្តាឡីស័ក លោក  គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនកម្មករ កម្មការិនីធ្វើសំណង់ទាំង២០រូប សូមមេត្តាអត់ធ្មត់ ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក សូមរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពាររបស់សម្តេចតេជោ គឺ៣កុំ និង ៣ការពារ ជាពិសេសឯកឧត្តមក៏បានជូនពរដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ សូមជួបតែសេចក្តីសុខសប្បាយ សូមកុំឲ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្ដីប្រចាំការ ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កនេះ ឲ្យមានបរិស្ថានស្អាតល្អ ត្រូវផ្គត់ផ្គង់អាហារហូបចុក ហ្គាស និងទឹក ភ្លើងអគ្គិសនីប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ត្រូវដោះស្រាយនូវរាល់សំណូមពរដែលពួកគាត់បានស្នើសុំឲ្យបានឆាប់រហ័ស ហើយនៅពេលដែលពួកគាត់មានបញ្ហាសុខភាពគួរឲ្យសង្ស័យ ត្រូវបញ្ជូនគ្រូពេទ្យជំនាញមកធ្វើការពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលាផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម