ក្រុមអាជីវករជាច្រើននាក់ បានពុះកព្ជ្រោលនាំគ្នារៀបចំសម្អាតតូបលក់ដូរក្នុងនិងក្រៅផ្សារដងទង់ បន្ទាប់ពីមានការដើរខ្សឹបខ្សៀវបើកខៀវពីលោក ម៉ក់ ណុច ប្រធានផ្សារដងទង់ថា បើកដំណើរការអាជីវកម្មនៅថ្ងៃទី១៦ ខែសីហានេះ។ តែអាជ្ញាធរក្រុងខេមរភូមិន្ទបដិសេធមិនអនុញ្ញាតឱ្យ។
ក្រោយមានការដើរប្រាប់តៗគ្នាក្រុមអាជីវករដែលមានតូបលក់ដូរក្នុងផ្សារពីលោក ម៉ក់ ណុច ប្រធានផ្សារដងទង់ និងគូកនរបស់ខ្លួនថា នឹងមានការបើកទ្វារដំណើរការផ្សារដងទង់ គេសង្កេតឃើញមានក្រុមអាជីវករមួយចំនួនធំហាក់មានចិត្តពុះកព្ជ្រោលនាំគ្នាមកលក់ដូរទាំងគ្មានការភ័យខ្លាចរឿងឆ្លងជំងឺកូវីដ១៩។
ក្រុមអាជីវករដែលបើកតូបលក់ដូរអះអាងថា គឺដោយសារតែមានតាមការប្រាប់តៗគ្នាពីលោក ម៉ក់ ណុច ដែលជាប្រធានផ្សារដងទង់ ហើយកូនចៅរបស់គាត់កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ម្សិលមិញថា មកលក់ដូរក្នុងផ្សារវិញបានហើយ។ អាជីករបន្ថែមថា ព្រោះតែចិត្តចង់ស្តារសេដ្ឋកិច្ចរបស់ខ្លួនវិញក្រោយអាក់ខានលក់ដូរជិត២ខែ ទើបចេះតែមកបើកតូបលក់។
អំឡុងពេលបើកតូបលក់ ហើយក្រុមអ្នកសារព័ត៌មានសម្ភាសន៍ គេឃើញមានក្រុមសមត្ថកិច្ចនគរបាល ចុះប្រាប់ឱ្យបិទតូបលក់វិញជាបន្ទាន់ព្រោះមិនទាន់មានលិខិតឯកសារសម្រេចណាមួយពីថ្នាក់ដឹកនាំខេត្តកោះកុងនោះទេ ដូច្នេះអនុវត្តវិធានការបន្ត។
ភ្លាមៗអាជីវករក៏ដាក់ចម្ងល់សួរមកក្រុមអ្នកសារព័ត៌មានឱ្យជួយពួកគាត់ ទី១ ពួកគាត់ចង់ដឹងថា តើពេលណាអាចបើកទ្វារផ្សារលក់ដូរបានទេ? ទី២ ប្រសិនមិនទាន់អាចបើកផ្សារបាន ថាតើរដ្ឋបាលក្រុងខេមរភូមិន្ទ និងខេត្តកោះកុង រកទីតាំងសមស្របណាមួយដើម្បីផ្តល់លទ្ធភាពដល់ពួកគេបានប្រកបអាជីវកម្ម គ្រាន់ស្វែងរកចំណូលខ្លះមកចិញ្ចឹមជីវភាពគ្រួសារ?
ទាក់ទិននឹងការល្មើសនឹងបទបញ្ជារបស់លោកស្រី មិថុនា ភូថង អំពីវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ជាពិសេសប្រភេទកូវីដDelta ជាថ្នូរអនុញ្ញាតឱ្យអាជីករចូលបើកតូបលក់ដូរ គឺលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ចេញមុខបកស្រាយថា កាលពីថ្ងៃទី១២ ខែសីហាកន្លងទៅ អាជ្ញាធរបើកការប្រជុំបន្ទាន់មួយរវាងលោក ទូ សាវុធ អភិបាលរងខេត្តកោះកុង និងលោក ម៉ក់ ណុច ប្រធានផ្សារដងទង់ លើការប្រមូលមតិស្នើសុំលោកស្រី មិថុនា ភូថង ពិនិត្យសម្រេចឱ្យមានការបើកផ្សារឡើងវិញ។
លោកអភិបាលក្រុងខេមភូមិន្ទនិយាយទៀតថា សំណើររបស់រដ្ឋបាលក្រុងខេមរភូមិន្ទពុំទាន់មានការសម្រេចណាមួយពីអភិបាលខេត្តទេ ហើយទំនងជាប្រធានផ្សារដងទង់ស្តាប់មិនច្បាស់ ទើបដើរប្រាប់អាជីវករអោយមកលក់ដូរថ្ងៃនេះតែម្តង។ តែឥឡូវលោកបានបញ្ជាឱ្យសមត្ថកិច្ចនគរបាលចុះណែនាំបិទតូបលក់អស់ហើយ។
ទោះបីជាលោក ឈេង សុវណ្ណ អភិបាលក្រុងខេមរភូមិន្ទ លើកឡើងដូច្នេះក៏ដោយ ក៏ការលក់ដូរបែបអនាធិបតេយ្យតាមដងផ្លូវ ឬតំបន់ហាមឃាត់បន្តលក់ដូរដដែលគ្មានខ្វាយខ្វល់នឹងជំងឺកូវីដ១៩ក្រោយមាននគរបាលចុះណែនាំបានតែបន្តិច ពេលសមត្ថកិច្ចដើរចេញសកម្មភាពលក់ដូត្រឡប់មកវិញដដែល។
កម្ពុជាថ្មី ក៏បានសុំការពន្យល់ពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងដែរជុំវិញករណីនេះ ដោយលោកស្រី សង្កត់ធ្ងន់យ៉ាងច្បាស់ថា លោកស្រីបានបញ្ជាឱ្យអភិបាលក្រុងខេរមភូមិន្ទតាមដានអនុវត្តវិធានការឱ្យល្អិតល្អន់បំផុត ចៀសវាងធ្វេសប្រហែស ករណីអាជីករណារឹងទទឹងបន្តលួចបើកលក់ដូរ ចេញលិខិតព្រមាន ហើយមិនអនុវត្តទៀតយកសេចក្តីសម្រេចពិន័យអន្តរកាលមកអនុវត្តតែម្តង។
លោកស្រីអភិបាលខេត្ត អះអាងដែរថា ក៏ប៉ុន្តែលោកអភិបាលក្រុងមិនបានយកទៅអនុវត្តតាមពីអ្វីដែលលោកស្រីដាក់គោលការណ៍ឱ្យអនុវត្ត។ រដ្ឋបាលខេត្តពិតជាយល់អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋអាជីវករអំឡុងពេលកូវីដ តែស្ថានភាពរីករាលដាលជំងឺកូវីដ ពិសេសពលករមកពីប្រទេសថៃប្រឈមនឹងការផ្ទុកមេរោគDeltaនៅតែសញ្ញាក្រហមមិនទាន់អាចទប់ស្កាត់បានល្អប្រសើរ១០០ភាគរយទេ ទើបមិនអាចអនុញ្ញាតឱ្យបើកផ្សារបាន៕
អត្តបទ ៖ សិរីវឌ្ឍនៈ