ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅរសៀលថ្ងៃនេះ ដើម្បីពិភាក្សាពីការ បើកសាលារៀនឡើងវិញ
ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកកិច្ចប្រជុំបន្ទាន់ ជាមួយប្រធានមន្ទីរអបរំ យុវជន និងកីឡា និងគណៈអភិបាលរាជធានី-ខេត្តទូទាំងប្រទេស នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីពិភាក្សា ស្តីពី ដំណើរការបើកសាលារៀនឡើងវិញ។
បើតាមលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែកញ្ញានេះថា កិច្ចប្រជុំនេះធ្វើ ឡើងតាមប្រព័ន្ធហ្សូម ក្រោមអធិបតីភាព លោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីគ្រប់ប្រធានមន្ទីរ និងអភិបាលរាជធានី-ខេត្ត ដើម្បីពិភាក្សាលើដំណើរការ បើកសាលារៀនឡើងវិញ នៅតាមតំបន់មានហានិភ័យទាប នៃជំងឺកូវីដ- ១៩។

លោកបានបន្តថា សម្រាប់នៅរាជធានីភ្នំពេញ ការបើកសាលារៀនឡើងវិញនេះ នៅមិនទាន់ដឹងថានឹងបើកនៅសង្កាត់ណានោះទេ អាស្រ័យទៅលើការសម្រេច របស់សាលារាជធានីភ្នំពេញ ថាតើគួរបើកនៅសង្កាត់ណាមួយ ក្នុងចំណោមសង្កាត់ទាំង១០៥ នៅទូទាំងរាជធានីភ្នំពេញ ព្រោះថាក្នុងចំណោមសង្កាត់ទាំងអស់ សុទ្ធតែមានករណីឆ្លងជំងឺកូវីដ-១៩ គ្រាន់តែមានសង្កាត់ខ្លះឆ្លងតិច និងច្រើនប៉ុណ្ណោះ។
ពាក់ព័ន្ធករណីនេះ លោកបានបន្តទៀតថា បន្ទាប់ពីប្រជុំ ជាមួយថ្នាក់ដឹកនាំក្រសួង នៅរសៀលនេះរួចទើបមានការពិនិត្យ និងវាយតម្លៃ លើតំបន់ណា ដែលអាចបើកសាលារៀនឡើងវិញ បាននិងតំបន់ណា ដែលនៅមិនទាន់អាចបើកបាន។
លោកបានបន្ថែមទៀតថា បន្ទាប់ពីពិនិត្យសម្រេចរួចហើយ ទើបមន្ទីរចុះស្រង់សាលា ដែលមានហានិភ័យទាប ដោយត្រូវរៀន នៅតាមសាលា ដោយឆ្លាស់គ្នា និងមានសិស្សក្រោម១៥នាក់ និងតំបន់ណា ដែលមាន ហានិភ័យខ្ពស់ គឺត្រូវឲ្យរៀនពីចម្ងាយ និងតាមអនឡាញដដែល ហើយផ្ញើរបាយការណ៍ជួនក្រសួងជាអ្នកសម្រេច។
យោងតាមសេចក្តីណែនាំ ស្តីពី ការបង្រៀន និងរៀន តាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សា សាធារណៈ និងឯក ជន នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប របស់ក្រសួងអប់រំ ចុះថ្ងៃទី៣១ សីហានេះបានឲ្យដឹងថា ការបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌ ដែលមានហានិភ័យទាប អាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្ដែង និងការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិបានការសុខាភិបាលចាំបាច់នានា គណៈអភិបាលរាជធានី-ខេត្ត ត្រូវកំណត់ភូមិសាស្ត្រ ដែលមានហាពិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រ ដែលពុំមានការឆ្លង ជំងឺកូវីដ-១៩។
ចំណែកមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវពិភាក្សា ជាមួយគណៈអភិបាលរាជធានី-ខេត្ត ដើម្បីជ្រើសរើស សាលាមត្តេយ្យសិក្សា-សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានលទ្ធភាព បើកដំណើរការឡើងវិញ វាយតម្លៃ និងជ្រើសរើសគ្រឹះស្ថានសិក្សា ដែលត្រូវបើកដំណើរការឡើងវិញ ដោយត្រូវរៀបចំយន្តការរៀន និងបង្រៀន និងត្រូវរៀបចំជាផែនការឲ្យបានច្បាស់លាស់ ដោយមានការអនុម័ត ពីអាជ្ញា ធររាជធានី-ខេត្ត រួចផ្ញើមកក្រសួង ដើម្បីបូកសរុប។
យ៉ាងណាក៏ដោយក្រសួង បានណែនាំឲ្យរាជធានី-ខេត្ត ត្រូវផ្តល់អាទិភាព ទៅលើសិស្សថ្នាក់ទី៩ និងទី១២ ឲ្យរៀននៅតាមសាលារៀន។ ប៉ុន្តែក្នុងរូបភាព ជាការរៀនតាមបណ្ដុំ ដែលមានចំនួនតិចជាង១៥នាក់ និងផ្លាស់ វេន ដើម្បីងាយស្រួលក្នុង ការបង្រៀន និងការគ្រប់គ្រង។
ចំពោះកម្រិត ថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្ដុំ មិនឲ្យលើសពី១៥នាក់ ទៅតាមស្ថានភាពជាក់ស្ដែង ដោយអាចរៀបចំ ការរៀនតាមបណ្ដុំនៅសាលារៀន និងបែងចែកវេន ឬបណ្ដុំតាមចម្រុះថ្នាក់ ឬអាចរៀបចំនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ។ ករណីបណ្ដុំមាន-សិស្សតិចពេក អាចផ្គួបកម្រិតថ្នាក់ចូលគ្នា ឬអាចផ្គួបគ្នាលើសពី ២កម្រិតថ្នាក់។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារ ជាសំឡេងបន្ទាន់មួយ ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យ សហការជាមួយបណ្តារាជធានី-ខេត្តនានា ដើម្បិពិនិត្យមើលលើការ បើកសាលារៀនឡើងវិញនៅតាមភូមិ-ឃុំ ដែលមិនមាន ការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរង់ចាំការបើកលាសារៀនព្រមគ្នា នៅទូទាំងប្រទេសនោះឡើយ។ ប៉ុន្តែក៏ត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?