Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ផ្សារទំនើបអ៊ីអន១បើកដំណើរការឡើងវិញ​

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមាន​ប្រសាសន៍​នៅព្រឹកថ្ងៃទី០២ ខែធ្នូនេះ​ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យផ្សារទំនើប​អ៊ីអន១បើកដំណើរ​ការឡើងវិញហើយចាប់ពីថ្ងៃទី០២ ខែធ្នូឆ្នាំ២០២០ នេះតទៅ​ដើម្បីជួយសម្រួលដល់ការធ្វើអាជីវកម្ម​របស់​ផ្សារទំនើបមួយនេះ បន្ទាប់ពីក្រសួងបានយកសំណាកពីអ្នកពាក់ព័ន្ធក្នុងផ្សារនេះ សរុបប្រមាណ ជាង៣២០០​នាក់ រួចរាល់មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រីបានបន្តថា ការអនុញ្ញាតឲ្យផ្សារទំនើបអ៊ីអន១ បើកដំណើរការឡើងវិញនេះធ្វើឡើងទៅតាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ​នាយករដ្ឋមន្ត្រី ​តាមរយៈស្ថានទូត​ជប៉ុន​ប្រចាំនៅកម្ពុជា បានស្នើ​សុំ​ទៅរាជរដ្ឋាភិបាល បើកអាជីវកម្មឡើងវិញ។

​លោកស្រីបានបន្តទៀតថា«ដោយសារតែក្រសួងបានយកសំណាករួចរាល់និងការស្រាវជ្រាវចប់សព្វគ្រប់នោះទើបរដ្ឋាភិបាល អនុញ្ញាតដោយបើកឡើងវិញប៉ុន្តែផ្សារទំនើបនេះក៏ត្រូវតែអនុវត្តតាម​វិធានការអនា​ម័យ​សុវត្ថិភាពខ្ពស់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ផងដែរ»។

​ទន្ទឹមនេះ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុង​ប្រយ័ត្នខ្ពស់ជាប់ជា​និច្ចព្រោះ​ថា​បច្ចុប្បន្ននេះជំងឺកូវីដ១៩បានឆ្លងចូលទៅក្នុងសហគមន៍រួចហើយ​ ហើយរហូតមកដល់ពេលនេះ​ក្រសួង​នៅ​មិនទាន់ដឹងពីប្រភពចម្លងមកពីណានៅឡើយទេ។

លោកស្រីបានបន្ថែមទៀតថា ក្រុមការងារក្រសួងសុខាភិបាល ​កំពុង​ស្រាវជ្រាវរក​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រ​យោលជាមួយ​ព្រឹត្តិការណ៍​សហគមន៍​២៨វិច្ឆិកា ដើម្បីស្វែងរកប្រភពចម្លង​ឲ្យ​បាន​លឿនកុំឲ្យមានការ​រីក​រាលដាល​កាន់តែធំថែមទៀត។
​​
បើតាមក្រសួងសុខាភិបាល គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួង បានធ្វើ​តេស្ត​អ្នកប៉ះពាល់ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»សរុប ទាំងអស់បានចំនួន ៨,២១២នាក់ក្នុង​នោះសំ​ណាកចំនួន ៧,១៣១នាក់ ត្រូវបានធ្វើវិភាគរួចហើយ ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៧នាក់។ចំណែក វត្ថុសំណាកនៅសល់ចំនួន ១,០៨១នាក់ទៀត នឹងត្រូវបន្តធ្វើវិភាគ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមាន​វីរុស​កូវីដ-១៩ មានចំនួនសរុប ៣២៩នាក់ (ស្រី ៧៤នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជា​សះស្បើយ សរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៥​នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម