Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ខួប៩ឆ្នាំ

បានផុស

នៅ

ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញគោរពព្រះ វិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ដែលបានសោយព្រះទិវង្គតគម្រប់ខួប៩ឆ្នាំ នៅមណ្ឌលតម្កល់ព្រះបរមរូប ខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសខួបលើកទី ៩ឆ្នាំ នៃទិវាប្រារព្វពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងគណៈប្រតិភូក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអញ្ជើញថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបតម្កល់ព្រះបរមរូប ខាងកើតវិមានឯករាជ្យ និងមានថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតនឹងអញ្ជើញចូលគោរពព្រះវិញ្ញាណក្ខន្ធជាបន្តបន្ទាប់ទៀត។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ជាថ្ងៃគម្រប់ខួប៩ឆ្នាំដែលព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះម ហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” បានសោយព្រះទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។

បើទោះបីអតីតព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយព្រះទិវង្គត លាចាកឆ្ងាយពីកូនចៅ ចៅទួតរបស់ព្រះអង្គ  អស់រយៈពេលជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែមនោសញ្ចេតនា និងភក្តីភាព នៃការគោរព ស្រឡាញ់ របស់ប្រជារាស្ត្រខ្មែរជាកូន ចៅ ចៅទួត នៅតែដក់ជាប់ក្នុងបេះដូងជានិច្ច។

កូន ចៅ ចៅទួតនៅតែស្តាយស្រណោះ អាឡោះ អាល័យជានិច្ច  ចំពោះព្រះអង្គដែលមានគុណូបការៈដ៏ធំធេង ចំពោះ ប្រទេសជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានបូជាអ្វីៗគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ និង ប្រជារាស្ត្រ ជាកូន ជាចៅ ចៅទួត ដើម្បី សេចក្តីសុខក្សេមស្សាន្ត និងភាពសម្បូរុងរឿងនៃសង្គមជាតិកម្ពុជាទាំងមូល។

នៅក្នុងថ្ងៃនៃទិវាគោរពព្រះវិញ្ញណក្ខន្ធនេះ កូនចៅ ចៅទួត សូមសម្ដែងនូវកតញ្ញុតាធម៌គោរពដឹងគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុត ចំពោះព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ និងសួមឧទ្ទិសបួងសួងថ្វាយមហាព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះអង្គបានយាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថាព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១ និង២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា។ ព្រះសពរបស់អតីតព្រះមហាក្សត្រ ត្រូវបានដឹកតាមជើងយន្តហោះពិសេសពីប្រទេសចិនមកកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង៣រសៀល។

ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ រាជរដ្ឋាភិបាលកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។ នៅថ្ងៃទី១៥ ខែតុលាទៀតសោត ទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ។

គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ ដោយប្រើព្រះបរមឆាយាល័ក្ខណ៍ថ្មីមិនស្លក់ពណ៌ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប បដា ពាក្យស្លោក បានសមរម្យ និងចាត់តាំងរៀបចំ ពិធីគោរពព្រះវិញ្ញាណក្ខន្ធទ្រង់។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ព្រះអង្គ ដោយប្រើព្រះបរមឆាយាល័ក្ខណ៍ថ្មីមិនស្លក់ពណ៌ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប បដា ពាក្យស្លោក តាមបណ្តាមន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន និងបំផុសប្រជារាស្រ្តឱ្យចងទង់ជាតិគ្រប់គេហដ្ឋាន ឱ្យបានគ្រប់គ្នាផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម