Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែមីនា, ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី និយាយថា ទីក្រុងកៀវ ត្រូវការប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដើម្បីជួយឲ្យប្រជាជនអ៊ុយក្រែន មានកូនបន្ថែម ខណៈបច្ចុប្បន្នអ៊ុយក្រែន ជាប្រទេសមានអត្រាកំណើតទាបបំផុតលើពិភពលោក។ 

ក្នុងជំនួបជាមួយសិស្សសាលានៅទីក្រុង Sumy ជិតព្រំដែនរុស្ស៊ី, លោកហ្សេលេនស្គី ត្រូវបានគេសួរថាតើ លោកមានគម្រោងផ្តល់ជំនួយហិរញ្ញវត្ថុដល់ឪពុកម្តាយថ្មីថ្មោងដែរឬទេ ស្រាប់តែប្រធានាធិបតីអ៊ុយក្រែនរូបនេះឆ្លើយថា “យើងមិនត្រឹមតែត្រូវលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ, ប៉ុន្តែតាមគំនិតខ្ញុំ វា​ហាក់​ដូច​ជា​​ថា អ្នកចង់បានកូន ក៏គិតពី​បញ្ហា​សន្តិសុខជាចម្បងដែរ”។

លោកលើកឡើងថា រដ្ឋាភិបាលគួរតែបន្ថែមទីតាំងការពារខ្លួនពីការវាយប្រហារអាកាស នៅតាមសាលារៀននិងសាលាមត្តេយ្យ ក៏ដូចជាការទទួលបានខែលការការពារដែនអាកាសពីដៃគូបរទេស និងឧបករណ៍ផលិតក្នុងស្រុកផ្សេងទៀត។

សូមបញ្ជាក់ អត្រាមានកូនសរុបរបស់អ៊ុយក្រែន បច្ចុប្បន្នគឺ ០.៧ ដែលជាកម្រិតទាបបំផុតនៅក្នុងពិភពលោក។ វិទ្យាស្ថានមួយដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល បានប្រាប់កាសែត The Times កាលពីដើមឆ្នាំថា ប្រជាសាស្រ្តរបស់ប្រទេសនេះ ត្រូវរងផលប៉ះពាល់បន្ថែមទៀតដោយសារប្រជាជនយ៉ាងច្រើន ត្រូវជម្លៀសខ្លួនទៅលោកខាងលិច និងបាត់បង់ទាហាននៅលើសមរភូមិ។

លោកស្រី Ella Libanova ប្រធានវិទ្យាស្ថានសម្រាប់ការសិក្សាប្រជាសាស្រ្តនិងសង្គម នៅបណ្ឌិតសភាវិទ្យាសាស្ត្រជាតិអ៊ុយក្រែន បាននិយាយថា “អាយុរស់ជាមធ្យមរបស់បុរស បានថយចុះពី ៦៦-៦៧ឆ្នាំ មុនពេលសង្រ្គាមមកត្រឹម ៥៧-៥៨ឆ្នាំ ហើយមានតែប្រទេសអាហ្រ្វិកចំនួនបួនប៉ុណ្ណោះដែលមានអាយុរស់ទាបជាងនេះ នោះគឺ ឆាដ នីហ្សេរីយ៉ា ឡេសូតូ និងសាធារណរដ្ឋអាហ្រ្វិកកណ្តាល”។

កាលពីខែមិថុនាឆ្នាំមុន វិទ្យាស្ថានអ៊ុយក្រែនសម្រាប់អនាគត (UIF) ក៏បានប៉ាន់ប្រមាណដែរថា មានតែប្រជាជន២៩លាននាក់ប៉ុណ្ណោះ ដែលនៅសេសសល់ក្នុងប្រទេសនេះ ពោលគឺធ្លាក់ចុះពី៥២លាននាក់ក្នុងឆ្នាំ១៩៩១ ពេលដែលអ៊ុយក្រែនប្រកាសឯករាជ្យ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ពូទីន ចេញមុខគំរាមណាតូ បើផ្តល់ F-16 ឲ្យអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម