ព័ត៌មានជាតិ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ ពេល UNTAC ចាកចេញពីកម្ពុជា មិនទាន់មានសន្តិភាពពេញលេញទេ
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបែបនេះ ខណៈលោកបានថ្លែងទៅកាន់អង្គទូតបរទេស ក៏ដូចជាអ្នកចូលរួមទាំងអស់ នៅក្នុងពិធីអបអរសាទរខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៣០ឆ្នាំបានកន្លងទៅនេះ ជារយៈពេលគ្រប់គ្រាន់សំរាប់ឱ្យកម្ពុជាអាចធ្វើការវាយតម្លៃដ៏ត្រឹមត្រូវមួយបានអំពីមេរៀនទាំងឡាយនៃដំណាក់កាលប្រវត្តិសាស្ត្ររបស់កម្ពុជាយើង។ លោកថា មិនមានការសង្ស័យណាមួយទេ ដែលថា កិច្ចព្រមព្រៀងក្រុងប៉ារីស គឺជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាយើង។ ជាលទ្ធផលនៃកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឡើងវិញ រដ្ឋាភិបាលដែលបានកើតចេញពីការបោះឆ្នោតដែលរៀបចំឡើងដោយ UNTAC (អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា) ក៏បានកាន់កាប់អាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិ។
ជាមួយគ្នានេះ រដ្ឋធម្មនុញ្ញថ្មីមួយ ដែលបានបញ្ចូលគោលការណ៍ទាំងឡាយដែលមានចែងក្នុង ឧបសម្ព័ន្ធ៥ នៃកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជានោះ ត្រូវបានអនុម័ត។ ព្រះករុណាព្រះបាទនរោត្តម សីហនុ ព្រះអង្គទ្រង់ក៏បានឡើងគ្រងរាជ្យសម្បត្តិ រីឯ UNTAC ក៏បានបញ្ចប់បេសកកម្មរបស់ខ្លួន ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ប៉ុន្តែជាមួយលទ្ធផលវិជ្ជមានជាច្រើន ដែលសំរេចបាននោះ “UNTAC បានចាកចេញពីកម្ពុជា ដោយមិនបានសំរេចបេសកកម្មរបស់ខ្លួនទាំងស្រុងនោះទេ។ សន្តិភាពពេញលេញ ដែលជាគោលដៅចម្បងបំផុតនៃកិច្ចព្រមព្រៀង មិនត្រូវបានសំរេចនោះឡើយ។ UNTAC បានចាកចេញពីកម្ពុជា ដោយបន្សល់ទុកនូវតំបន់ត្រួតត្រា២ និងរដ្ឋាភិបាល២”។
ប្រមុខការទូតបញ្ជាក់ទៀតថា ពេលនោះកម្ពុជាបានស្ថិតនៅក្នុងស្ថានភាពស្បែកខ្លា ដូចការពណ៌នារបស់សម្តេចតេជោ ដោយមានតំបន់គ្រប់គ្រងដោយខ្មែរក្រហម ហើយជំលោះប្រដាប់អាវុធ និងអសន្តិសុខនៅបន្តមាននៅក្នុងប្រទេស។ នេះក៏ដោយសារតែ “ភាគីកម្ពុជាប្រជាធិបតេយ្យ” ដែលជាភាគីមួយនៃកិច្ចព្រមព្រៀងក្រុងប៉ារីសនោះ បានបោះបង់ចោលនូវការសន្យា និងកាតព្វកិច្ចនានារបស់ខ្លួនជាភាគីហត្ថលេខី។ ប្រការនេះហើយ ដែលនាំឲ្យប៉ះពាល់ដល់លក្ខណៈ “រួម” នៃដំណោះស្រាយនយោបាយ ហើយធ្វើឱ្យគោលដៅដ៏សំខាន់មួយចំនួនរបស់កិច្ចព្រមព្រៀងមិនត្រូវបានសម្រេច។
គ្រានេះ នរណាក៏ដឹងដែរថា សម្តេច ហ៊ុន សែន ហើយសម្តេចក្នុងឋានៈជាអ្នកដឹកនាំតែម្នាក់គត់ ជាអ្នកនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី នៅចុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ។ សម្តេចជាអ្នកបានបញ្ចប់នូវចលនានយោបាយ និងយោធារបស់ខ្មែរក្រហម ដែលទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនកម្ពុជាជាង២លាននាក់ និងការបំផ្លាញដល់ឫសគល់រចនាសម្ព័ន្ធសង្គមជាតិទាំងមូល កាលពួកគេគ្រប់គ្រងអំណាច។ នយោបាយឈ្នះ-ឈ្នះ បានសម្រេចនូវគោលដៅសន្តិភាព និងការផ្សះផ្សាជាតិ ដែលស្ថិតក្នុងបេះដូង នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយដែល UNTAC មិនអាចសំរេចបាន៕
ដោយ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


