ខេត្តពោធិ៍សាត់ រៀបចំមហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរ ថ្នាក់ខេត្ត លើកទី២
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តពោធិ៍សាត់ រៀបចំមហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរ ថ្នាក់ខេត្ត លើកទី២

បានផុស

នៅ

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ បានរៀបចំមហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរ ថ្នាក់ខេត្ត លើកទី២ លើវិញ្ញាសារ «សម្លកកូរផ្លែត្នោត និងបង្អែម/នំ ធ្វើអំពីផ្លែត្នោត» នៅលើបុរីវប្បធម៌កោះសំពៅមាស ដើម្បី​អបអរសាទរ​ព្រះរាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការរៀបចំឱ្យមានមហោស្រពខាងលើនេះឡើង គឺដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងចូលរួមក្នុងការជម្រុញផ្សព្វផ្សាយ ដល់សាធារណៈជន ជាពិសេសយុវជន បានឈ្វេងយល់ បង្កើនការស្រឡាញ់ និងបំផុសស្មារតីចូលរួមថែរក្សា ការពារ វប្បធម៌ និងប្រពៃណីជាតិ ដែលជាកេរ្តិ៍តំណែលពីដូនតា ឱ្យបានស្ថិតស្ថេរ គង់វង្ស ព្រមទាំងបង្ហាញដល់ភ្ញៀវទេសចរ បានទស្សនា នូវព្រឹត្តិការណ៍វប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ ក្នុងការអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ។

លោកប្រធានមន្ទីរបន្តថា មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារខ្មែរ មន្ទីរបានដឹកនាំបេក្ខជន បេក្ខនារីចូលរួម បានជាច្រើនលើក ច្រើនសារ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ជាក់ស្តែង៖ កាលពីឆ្នាំ២០១៥ ទទួលបានពានប្រាក់១ ផ្នែកមុខម្ហូបប្រចាំតំបន់ ឈ្មោះ «ទឹកគ្រឿងអន្លក់ខ្ចីផ្ទៃទន្លេ», កាលពីឆ្នាំ២០១៦ ទទួលបានជ័យលាភីលេខ១ ក្នុងក្របខណ្ឌទូទាំងប្រទេស លើវិញ្ញាសារ «សម្លម្ជូរគ្រឿងខ្មែរ», កាលពីឆ្នាំ២០១៧ ទទួលបានជ័យលាភីលេខ១ លើវិញ្ញាសារ «បង្អែមចេកខ្ទឹ», កាលពីឆ្នាំ២០១៨ ទទួលបានជ័យលាភីលេខ១ លើវិញ្ញាសារ «សម្លម្ជូរដើមចេក», ក្នុងឆ្នាំ២០២០ មន្ទីរបានរៀបចំមហោស្រពសិល្បៈដំណាំស្ល ថ្នាក់ខេត្ត លើកទី១ លើវិញ្ញាសារ «ហហ្មុក ម្ហូបពិសេសប្រចាំតំបន់ និងបង្អែមនំផ្លែអាយ»។ ដោយឡែកក្នុងឆ្នាំ២០២១នេះ មន្ទីរបានរៀបចំមហោស្រពសិល្បៈម្ហូបអាហារខ្មែរ ថ្នាក់ខេត្ត លើកទី២ លើវិញ្ញាសារ «សម្លកកូរផ្លែត្នោត និងបង្អែម/នំ ធ្វើអំពីផ្លែត្នោត»។

លោកប្រធានមន្ទីរបន្ថែមថា ដើម្បីរក្សាបាននូវសុក្រឹត្យភាព យុត្តិធម៌ និងតម្លាភាព មន្ទីរបានអញ្ជើញគណៈមេប្រយោគ ដាក់ពិន្ទចំនួន៥រូប មកចូលរួម ហើយនៅឆ្នាំក្រោយៗទៀត មន្ទីរនឹងប្រារព្វមហោស្រពសិល្បៈដណ្តាំស្ល ថ្នាក់ខេត្ត លើកទី៣បន្តទៀត ដើម្បីមានឱកាសជ្រើសរើសយកបេក្ខជន បេក្ខនារីឆ្នើម ទៅដណ្តើមយកជ័យលាភី នៅថ្នាក់ជាតិជាក់ជាពុំខាន។

ក្នុងឱកាសបើកមហោស្រព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងងនូវការកោតសរសើរ ចំពោះស្មារតីខិតខំប្រឹងប្រែង លើការងារជំនាញរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានលើកឡើង ប្រកបដោយអត្ថន័យខ្លឹមសារដ៏មានសារៈសំខាន់។

លោកអភិបាលខេត្តបានឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទាំងអស់ ចាប់អារម្មណ៍បន្ថែម លើការងារអភិរក្សមរតក បេតិកភណ្ឌរបស់យើង និយាយជារួមនឹងនិយាយ​ដោយឡែក សម្រាប់ទឹកដីនៃខេត្តពោធិ៍សាត់។ ចំពោះការស្រាវជ្រាវ ទាក់ទងនឹងប្រវត្តិទីតាំងនីមួយៗ ត្រូវចុះសិក្សាចងក្រង និងផ្សព្វផ្សាយច្បាប់ ស្ដីពីកិច្ចការពារបេតិកភណ្ឌ ច្បាប់ចម្លាក់ និងច្បាប់ភាពយន្ត ឱ្យបានទូលំទូលាយដល់មហាជន និងពង្រឹងការងារសិល្បៈក្នុងខេត្តឱ្យបានរឹងមាំ។ ជាពិសេសត្រូវចាប់អារម្មណ៍ទៅលើទំនៀមទម្លាប់ប្រពៃណី ដែលមានហើយ រួមទាំងប្រពៃណីរបស់ជនជាតិដើមភាគតិច ត្រូវបំផុសឱ្យមានការថែរក្សា និងអភិរក្ស។ សំខាន់ជាងនេះទៅទៀត គឺសូមឱ្យមន្រ្ដីវប្បធម៌ទាំងអស់ ចាប់អារម្មណ៍ដល់មរតកមនុស្សរស់ និងផ្ទេរចំណេះជំនាញដល់អ្នកជំនាន់​ក្រោយ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services