ដោយផ្តើមចេញពីប្រតិកម្មជាមួយលោកឧត្តមសេនីយ៍ ងូ ស៊ុនចៀន មេទ័ពការពារព្រំដែនវៀតណាម ដែលចោទប្រកាន់កម្ពុជាថា ជាប្រភពនាំជំងឺឆ្លងចូលទៅក្នុងប្រទេសរបស់ខ្លូននោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីកុំឱ្យបរទេសណាមួយមើលងាយបាន។
មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និងសាងសង់គន្លងផ្លូវថ្មីវាង នៃក្រុងព្រៃវែង ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចតេជោហ៊ុន សែន បានបញ្ចេញប្រតិកម្មខ្លាំងៗទៅកាន់លោកឧត្តមសេនីយ៍ ងូ ស៊ុនចៀន មេទ័ពការពារព្រំដែនវៀតណាមដែលចោទប្រកាន់កម្ពុជាថា ជាប្រភពនាំជំងឺឆ្លងចូលទៅក្នុងប្រទេសវៀតណាម។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសតូចមួយនេះ មិនត្រូវនរណាប្រមាថមើលងាយជាដាច់ខាត ដូច្នេះយើងត្រូវប្រឹងទាំងអស់គ្នា កុំឲ្យជំងឺកូវីដងើបឡើងវិញ កុំឱ្យអ្នកណាមើលងាយបានឲ្យសោះ។ ត្រូវប្រឹងប្រែងព្យាបាលប្រជាជន ការពារប្រជាជនពីជំងឺឆ្លង មិនថាកូវីដទេ ឬជំងឺដទៃទៀត ពង្រឹងសមត្ថភាពវិស័យសុខាភិបាលរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការធានាសុខភាពរបស់ប្រជាជន។ សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាជន ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំឆ្ពោះទៅរកការផលិតវ៉ាក់សាំង ដែលមកដល់ពេលនេះ ទទួលបានការគាំទ្រពីរដ្ឋាភិបាលចិនហើយ។
គួររំលឹកថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២0កន្លងទៅ មេទ័ពការពារព្រំដែនវៀតណាមបានរៀបចំសន្និសិទស្តីវិធានការការពារការឆ្លងជំងឺកូវីដ១៩ តាមព្រំដែនវៀតណាម-កម្ពុជា។ នៅពេលនេះ លោក ងូ ស៊ុនចៀន បាននិយាយថា បើវៀតណាមមិនធ្វើការប្រុងប្រយ័ត្នទេ ជំងឺឆ្លងពីកម្ពុជានឹងចូលទៅវៀតណាម ដូចជំនន់ទឹកទន្លេមេគង្គ។ សម្តេចតេជោ បានហៅសម្តីបែបនេះថា បានធ្វើឱ្យសម្តេចមានការឈឺចាប់ និងថា មេទ័ពវៀតណាមរូបនេះ មិនត្រូវប្រើប្រាស់ពាក្យសម្តីយ៉ាងនេះមកលើប្រទេសជិតខាងនោះឡើយ។ សម្តេចថា កម្ពុជាតូចមែន តែមិនអនុញ្ញាតឱ្យគេមើលងាយដាច់ខាត។ ដូច្នេះហើយឧត្តមសេនីយ៍ ងូ ស៊ុនចៀន ត្រូវទទួលខុសត្រូវចំពោះការនិយាយរបស់ខ្លួន ហើយត្រូវតែសុំទោសដល់ប្រជាជនកម្ពុជាចំពោះពាក្យសម្តីប្រមាថនេះ។
រហូតមកដល់ពេលនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង ស្របពេលដែលមានប្រជាជនជាង៨៨ ភាគរយបានចាក់វ៉ាក់សាំងរួចរាល់ ខណៈដែលវៀតណាមឆ្លងខ្ទង់ម៉ឺននាក់ក្នុង១ថ្ងៃ៕
ដោយ ៖ កោះកែវ