ព័ត៌មានជាតិ
ក្រសួងអប់រំ ៖ បេក្ខជនដែលអនុវត្តខុសគោលការណ៍ នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ និងហាមប្រឡងពី១ទៅ២ឆ្នាំ
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅថ្ងៃ ២៧ ធ្នូ ឆ្នាំ២០២១ ដែលអនុវត្តខុសគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ និងត្រូវហាមឃាត់ការចូលរូមប្រឡងពី១ឆ្នាំទៅ២ឆ្នាំ ឬផ្តន្ទាទោសតាមច្បាប់។
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនដែលធ្លាក់ដោយស្វ័យប្រវត្តិ មានដូចជា បេក្ខជននោះបានប្រព្រឹត្តសកម្មភាពលួចចម្លងតាមរយៈ សៀវភៅឯកសារ ឬសំណៅឯកសារសរសេររូបមន្តលើបន្ទាត់ ឬក្រដាសដោយដែកចារ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើបាតដៃ លើភ្លៅ លើទ្រនាប់ជើងលើកន្សែងជូតមុខក្នុងបន្ទប់ប្រឡង។ ចម្លងសំណៅឯកសារពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃ មកដាក់នៅកន្លែងដែលខ្លួនអង្គុយ អើតមើលសន្លឹកកិច្ចការអ្នកដទៃ ប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងបន្ទប់ប្រឡង អង្គយខុសពីលេខតុ ឬរំកិលមកអង្គុយកៀកអ្នកដទៃ និងរំកិលតុមកអង្គុយជាប់គ្នាខុសពីប្លង់ បង្កលក្ខណៈ ឬផ្តល់ឱកាសឱ្យអ្នកដទៃ ចម្លង និងប្តូរសន្លឹកកិច្ចការគ្នា ប្តូរក្រដាសព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ចម្លងគ្នាជាក់ស្តែង។

ជាមួយគ្នានេះ ការមកដល់មណ្ឌលប្រឡងក្រោយជួងទីពីរ ប្រសិនបើបេក្ខជនជួបប្រទះនឹងឧបទ្ទវហេតុផ្សេងៗដែលអាចអនុគ្រោះបាន ដោយមិនឱ្យលើសពី១៥នាទី ក្រោយជួងទីពីរ អនុរក្សអនុញ្ញាតឱ្យចូលប្រឡង តាមរយៈប្រធានមណ្ឌលដោយមិនបន្ថែមម៉ោងឡើយ។ សន្លឹកកិច្ចការណាដែលមានសញ្ញាសម្គាល់របស់ខ្លួន មានចម្លើយនៃសំណួរណាដែលមានវិចារដូចគ្នាទាំងស្រុង និងចម្លើយសំណួរណាដែលមានខ្លឹមសារដូចទាំងស្រុងទៅនឹងសំណេវិញ្ញាសា។
ចំណែក បេក្ខជនធ្វើសកម្មភាពដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាត ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស ផ្លាស់ទីកន្លែងអង្គុយ ឱ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន និងសរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ ក៏ត្រូវធ្លាក់ដោយស្វ័យប្រវត្តិដែរ។ ការបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ចេញទៅយកឯកសារ ឬចម្លើយពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងវិញក្នុងពេលធ្វើវិញ្ញាសា បង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ដោយគម្រាមកំហែងលើបេក្ខជនដទៃ ដណ្តើមយកសន្លឹកកិច្ចការរបស់អ្នកដទៃមកចម្លង ហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ យកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន និងធ្វើជាមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយ យកលុយឱ្យអនុរក្ស។ បេក្ខជនទាំងនោះ ក៏ត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់។

ដោយឡែក ចំពោះបេក្ខជនធ្វើសកម្មភាព ដូចជា យកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង ឱ្យអ្នកដទៃមកប្រឡងជំនួស ធ្វើឱ្យខូចសម្ភារៈក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា មិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ឬសមត្ថកិច្ចក្នុងមណ្ឌលប្រឡងឬ អ្នកមានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង។ បេក្ខជននោះ ក៏ត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្ទាប់។ ក្នុងករណីចាំបាច់ បេក្ខជននឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បាប់ជាធរមាន។ ចំពោះជនដែលប្រឡងជំនួស ឬបន្លំគ្រប់រូបភាពក្នុងការប្រឡងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃទី២៧ និង២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី៦០ ៣៩៧នាក់ មានមណ្ឌលចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦បន្ទប់។ បេក្ខជន ត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ