អតីតសកម្មជនដ៏ល្បីម្នាក់របស់អតីតក្រុមប្រឆាំង អ្នកនាង ធី សុវណ្ណថា ហើយដែលបានមករួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះ អ្នកនាង ធី សុវណ្ណថា បានចេញមុខបដិសេធជាថ្មី ចំពោះការប្រឌិតចោទប្រកាន់របស់លោក សម រង្ស៉ី ដែលប្រឌិតរឿងដដែលៗ ហើយថា ទង្វើបែបនេះ បង្ហាញពីកំរិតចំណេះដឹងនយោបាយ គ្មានប្រាជ្ញា គ្មានគំនិតថ្មីៗ ដើម្បីធ្វើនយោបាយបន្ត ជាមួយគ្នានេះ អ្នកនាងក៏បានផ្តាំទៅ លោក សម រង្ស៉ី កុំឲ្យចេះតែស្រមើស្រមៃបន្តទៅទៀត។
អ្នកនាង ធី សុវណ្ណថា បានសរសេរលើហ្វេសប៊ុករបស់ខ្លួនយ៉ាងនេះថា “នាងខ្ញុំ សូមបដិសេធម្តងទៀត (ជាលើកទី២) សារជាង៤០០ ទំព័រ ដែលលោក សម រង្សី បានផូសផ្សាយកាលពីយប់ម្សិលមិញ នាងខ្ញុំ បានដាក់ពាក្យប្តឹង តាំងពីឆ្នាំ២០១៦ កាលដែលលោក សម រង្សី ផូសផ្សាយប្រឌិតរឿងដដែលៗបែបនេះ បង្ហាញពីកំរិតចំណេះដឹងនយោបាយ គ្មានប្រាជ្ញាគ្មានគំនិតថ្មីៗ ដើម្បីធ្វើនយោបាយបន្ត។ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាអ្នកបន្តវេន្តដ៏ស័ក្ដិសមបំផុត របស់បក្សប្រជាជន”។
ជាមួយគ្នានោះ អ្នកនាង ធី សុវណ្ណថា បានអំពាវនាវអោយលោក សម រង្សី ជ្រើសអ្នកបន្តវេន ចូលរួមប្រជែងនយោបាយ ហើយថា គួរជ្រើសរើសមនុស្សដែលសាកសមជាអ្នកបន្តវេន មិនគួរផូសវាយប្រហារអ្នកនាងទេ ។ ធី សុវណ្ណថា មើលឃើញថា យុវជនប្រឆាំងជំនាន់ក្រោយជាច្រើននាក់ ទាំងក្នុងស្រុក និងក្រៅស្រុក មានសមត្ថភាពល្អ ឆន្ទៈល្អ និងបានតស៊ូ ស្មោះស្ម័គ្រជាមួយលោក រហូតដល់បច្ចុប្បន្ន លោក សម រង្ស៊ី គួរតែមើលឃើញពួកគាត់ ផូសផ្សាយពីពួកគាត់ផង មិនគួរផូសផ្សាយពីនាងទេ។
អ្នកនាង ធី សុវណ្ណថា បញ្ជាក់ជាថ្មីម្តងទៀតថា ”ខ្ញុំមិនដែលគិត មិនដែលស្រមៃ ទៅគាំទ្រលោក រឺធ្វើយុវជនបន្តវេនពីលោកទេ ឬ ទៅធ្វើជាយុវជនប្រឆាំងដូចមុនទេ ព្រោះខ្ញុំបានយល់ដឹងយ៉ាងច្បាស់ ពីគុណតម្លៃសន្តិភាព បានឃើញប្រទេស កំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ពិសេសបានកំពុងកែទម្រង់ភាពអសកម្ម ជាច្រើន។ សូមលោក បំភ្លេចខ្ញុំចោលចុះ កុំរំលឹកពីខ្ញុំ កុំរំខានខ្ញុំទៀត ខ្ញុំសុំរស់នៅធម្មតា ជីវភាពសាមញ្ញ ខ្ញុំចូលរួមជួយប្រជាជនមូលដ្ឋាន ជួយប្រទេសជាតិតាមលទ្ធភាពតិចតួចរបស់ខ្ញុំ”។
សូមបញ្ជាក់ថា ការឆ្លើយតបរបស់ អ្នកនាង ធី សុវណ្ណថា បានលើកឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះសារនៅលើហ្វេសបុក កាលពីម្សិលមិញ ដោយស្នើឱ្យក្រុមហ៊ុន Line បញ្ជាក់អំពីសារ៤០០ទំព័រ ដែលសារនេះលោក សម រង្ស៉ី បានចោទប្រកាន់ថា ជាសារឆ្លើយឆ្លងរវាង សម្តេចតេជោ ហ៊ុន សែន និងអ្នកនាងធី សុវណ្ណថា ដោយបានចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន ថា បានយកលុយ១លានដុល្លារ ទៅសូកប៉ាន់អ្នកនាង ធី សុវណ្ណថា ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ។
ដោយសារតែការចោទនេះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក សម រង្ស៉ី ដោយផាកពិន័យប្រាក់ចំនួន ១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តជូនដើមបណ្តឹង គឺសម្តេចតេជោ ហ៊ុន សែន ចំនួន៤ពាន់លានរៀល ក្នុងសំណុំរឿងបទបរិហារកេរ្តិ៍នេះ៕
ដោយ ៖ កោះកែវ