ព័ត៌មានជាតិ
រដ្ឋមន្ត្រីសាធារណការ បេ្តជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ឱ្យបានទូលំទូលាយ
លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី។ ការប្តេជ្ញារបស់លោកទេសរដ្ឋមន្ត្រីនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ថ្លែងក្នុងជំនួបនាឱកាសនោះ លោកមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការរៀបចំសេចក្តីព្រាងគោល នយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) ក្នុងការចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូន កិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើងស្ថានីយសាកថ្ម Evs ចំនួនប្រាំទីតាំង។ ប្រាំទីតាំងនេះ រួមមាន ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងបណ្តារាជធានី-ខេត្តមួយចំនួន គម្រោងដំឡើងស្ថានីយថ្ម EV នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ២០២២ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ PTT និងគម្រោងដំឡើងស្ថានីយសាកថ្ម EV នៅក្នុងរាជធានីចំនួន១០ទីតាំង ដោយសហការជាមួយវិស័យឯកជនផងដែរ។
ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ។ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ «រាជរដ្ឋាភិបាល មានការបើកចំហរទូលំទូលាយដល់វិនិយោគិនទាំងក្នុងស្រុក ក៏ដូចជា ក្រៅស្រុកវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី»។

នៅក្នុងជំនួបនោះ គណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានសំណូមពរឱ្យក្រសួងជួយពិនិត្យ និងសម្របសម្រួលលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការដំឡើងឧបករណ៍ស្តង់ដាររួម (យថាប្រភេទតែមួយ) ដែលអាចឱ្យរថយន្តដើរដោយថាមពលអគ្គិសនីគ្រប់ប្រភេទទាំងអស់ដោតសាកថ្ម EVs នៅតាមស្ថានីយសាកថ្មណាមួយក៏បាន និងបានស្នើឱ្យមានគោលនយោបាយសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី។
ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យសហព័ន្ធសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅដោះស្រាយបញ្ហាដែលសហព័ន្ធបានលើកឡើងឱ្យបានជោគជ័យ ដើម្បីជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីបានទូលំទូលាយ និងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីវិស័យឯកជន ក៏ដូចជាសាធារណជនជាទូទៅ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


