ព័ត៌មានជាតិ
មន្ត្រីនៅតែទទូចឲ្យអ្នកពាក់ព័ន្ធចូលរួមផ្តល់ជាមតិយោបល់លើសេចក្ដីព្រាងច្បាប់បង្កើត “គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា”
មន្ត្រីជាន់ខ្ពស់ស្ថាប័នសិទ្ធិមនុស្សកម្ពុជា នៅតែទទូចឲ្យអ្នកពាក់ព័ន្ធ ទាំងអស់ចូលរួមផ្តល់ជាមតិយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី “ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា” ដើម្បីធ្វើយ៉ាងណាឲ្យសេចក្ដីព្រាងច្បាប់នេះ មានលក្ខណៈតម្លាភាព និងគ្រប់ជ្រុងជ្រោយ ហើយជាស្ថាប័នឯករាជ្យ ប្រកបដោយវិជ្ជាជីវៈ។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ស្ថាប័នសិទ្ធិមនុស្សកម្ពុជា នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយសហជីពស្តីពី “សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា” ដែលសហការរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នេះ។

កិច្ចពិភាក្សានេះ បានធ្វើឡើងក្រោមអធិបតីភាពលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក Pradeep Wagle តំណាងOHCHR ដោយការចូលរួមពីតំណាងសហភាពសហជីពនៅកម្ពុជាប្រមាណ៣០ នាក់ ប្រព្រឹត្តទៅនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោក កែវ រ៉េមី បានឱ្យដឹងថា ការបង្កើតស្ថាប័នគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា គឺជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងឆន្ទៈលើកស្ទួយសិទ្ធិមនុស្ស ហើយគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាដែលនឹងបង្កើតឡើងនេះ គឺជាស្ថាប័នជាតិឯករាជ្យ អព្យាក្រឹត្យ ក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស។
លោកថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការសហការផ្ដល់ជាបច្ចេកទេសពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Forum-APF) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី។ ច្បាប់នេះមាន៨ ជំពូក និង៣២ មាត្រា បង្កើតឡើងដើម្បីធានាការលើកតម្លៃសិទ្ធិមនុស្ស ដូចដែលអង្គការសហប្រជាជាតិបានកំណត់ និងស្របតាមគោលការណ៍ទីក្រុងប៉ារីស។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះបានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងដើម្បីឱ្យការគោរពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានប្រសិទ្ធិភាព ទើបអនុញ្ញាតឱ្យ គ.ស.ម.ក. ធ្វើសេចក្តីព្រាងច្បាប់នេះឡើង។

ចំណែកលោក Pradeep Wagle បានថ្លែងថា “ក្នុងនាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុលសិទ្ធិមនុស្សប្រចាំកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញ អំពីឆន្ទៈរបស់ការិយាល័យរបស់ខ្ញុំនៅក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារ និងលើកស្ទួយសិទ្ធិមនុស្សសម្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេសកម្ពុជា”។

ដោយឡែក ជេត ជាលី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តដឹកនាំកិច្ចពិគ្រោះយោបល់នេះ និងបានស្នើអង្គសិក្ខាទាំងមូលចូលរួមផ្តល់ជាមតិយោបល់ ក៏ដូចជាធាតុចូលនានាក្នុងន័យស្ថាបនាសេចក្ដីព្រាងច្បាប់នេះឱ្យមានលក្ខណៈតម្លាភាព និងគ្រប់ជ្រុងជ្រោយ ដោយផ្តោតសំខាន់លើខ្លឹមសារ នៃសេចក្ដីព្រាងច្បាប់នេះ សំដៅធ្វើយ៉ាងណាឱ្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាដែលនឹងត្រូវបង្កើតឡើង គឺស្ថាប័នឯករាជ្យប្រកបដោយវិជ្ជាជីវ: និងធានានូវការការពារ លើកកម្ពស់ និងគោរពសិទ្ធិមនុស្ស ចំពោះប្រជាពលរដ្ឋគ្រប់រូបដោយមិនមានការរើសអើង។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំរួចរាល់កាលពីខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបានប្រកាសបើកឱ្យមានការផ្ដល់នូវធាតុចូលពីសាធារណៈជនទូទៅតាមរយៈហ្វេសហ៊ុកផេក៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


