Connect with us

កីឡា

កំពូលកីឡាករ ៤ នាក់ បានប្រកាសព្យួរស្បែកជើង​ពី​ជម្រើសជាតិនៅ World Cup 2026 នេះ

បានផុស

នៅ

កីឡាករឆ្នើម ៤ នាក់ បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិជាផ្លូវការ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026។

នៅ World Cup 2026 នេះ អាចនឹងក្លាយជាទីបញ្ចប់នៃអាជីពរបស់កីឡាករជាច្រើនជាមួយក្រុមជម្រើសជាតិ ប៉ុន្តែគិតត្រឹមពេលនេះ មានកីឡាករកំពូលៗចំនួន ៤ រូបហើយ ដែលបានប្រកាសជាផ្លូវការ។

កីឡាករបានប្រកាសដំបូងគេ គឺអ្នកចាំទីរបស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ Manuel Neuer។ អ្នកចាំទីរបស់ Bayern Munich វ័យ ៤០ ឆ្នាំរូបនេះ បានប្រកាសព្យួរស្រោមដៃពីក្រុមឥន្ទ្រីដែកកាលពីថ្ងៃទី ២ ខែ កក្កដា កន្លងទៅ បន្ទាប់ពី អាល្លឺម៉ង់ ធ្លាក់ពី World Cup 2026 ត្រឹមវគ្គ ៣២ ក្រុម។ សមិទ្ធផលដ៏ធំបំផុតរបស់អ្នកចាំទីរូបនេះ គឺបានជួយ អាល្លឺម៉ង់ លើកពាន World Cup ១ លើកកាលពីឆ្នាំ ២០១៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់មកទៀត គឺខ្សែបម្រើរបស់ក្រុមជម្រើសជាតិ ក្រូអាត Luka Modric។ ខ្សែបម្រើវ័យ ៤០ ឆ្នាំ មិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែយោងតាមប្រភពពីអ្នកកាសែត Nicolò Schira បានអះអាង ថា កីឡាករបានសម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិហើយ បន្ទាប់ពីជួយក្រុម ក្រូអាត ឡើងត្រឹមវគ្គ ៣២ ក្រុមនៃ World Cup 2026។

ដោយឡែកកីឡាករឆ្នើមម្នាក់ទៀត ក៏ទើបតែប្រកាសចូលនិវត្តន៍ពីជម្រើសជាតិផងដែរ នោះគឺខ្សែប្រយុទ្ធរបស់ ប្រេស៊ីល Neymar Jr.។ Neymar បានសម្រេចចិត្តព្យួរស្បែកជើងពីជម្រើសជាតិ ប្រេស៊ីល បន្ទាប់ពីការប្រកួតចុងក្រោយទល់នឹងក្រុម ន័រវែស នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ចន្ទ ទី ៦ ខែ កក្កដា។ Neymar និង ប្រេស៊ីល បានអស់ភារកិច្ចពី World Cup 2026 ត្រឹមវគ្គនេះហើយ បន្ទាប់ពីចាញ់ ន័រវែស ក្នុងលទ្ធផល ២-១។

ចុងក្រោយ មានកីឡាករកំពូលម្នាក់ទៀត គឺប្រធានក្រុម ព័រទុយហ្គាល់ Cristiano Ronaldo។ Ronaldo បានប្រកាសជាផ្លូវការហើយ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតវគ្គ ១៦ ក្រុមទល់នឹងក្រុម អេស្ប៉ាញ ថា World Cup 2026 គឺជាការបង្ហាញខ្លួនឱ្យព័រទុយហ្គាល់លើកចុងក្រោយរបស់គាត់។

នេះគឺជាដំណឹងដ៏សោកសៅមួយ ដែលអ្នកគាំទ្រទូទាំងពិភពលោកមិនចង់ឮ ប៉ុន្តែពេលវេលាបានឈានមកដល់ទីបញ្ចប់ហើយសម្រាប់ម្ចាស់ពាន Ballon d’Or ៥ សម័យរូបនេះ។ ទោះបីជា ខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំបានប្រកាសបែបនេះក្តី ប៉ុន្តែគាត់មិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេ ថា គាត់នឹងចូលនិវត្តន៍ពីជម្រើសជាតិតែម្តង ឬក្រោយ World Cup 2026 នេះ អាចលេងជាមួយជម្រើសជាតិមួយរយៈទៀត មុនពេលចូលនិវត្តន៍ជាផ្លូវការ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម