Connect with us

ព័ត៌មានជាតិ

លោក លី ធុជ ចុះ​ពិនិត្យ​មើល​ការប្រើប្រាស់​ផ្ទៃដី​ចម្ការ​មីន​បោស​សម្អាត​រួចនៅខេត្តបន្ទាយមានជ័យ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២២ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ដឹកនាំ​គណៈប្រតិភូ​គម្រោង​បោសសម្អាត​មីន និង ចុះ​ពិនិត្យមើល​ការប្រើប្រាស់​ផ្ទៃដី​ចម្ការ​មីន​បោ​សសម្អាត​រួច និង​ជួប​សំណេះសំណាល​ជាមួយ​អ្នកទទួលផល​នៅ​ខេត្តបន្ទាយមានជ័យ ក្នុងនោះ​រួមមាន លោកស្រី Allissar Chaker តំណាង UNDP ប្រចាំ​នៅ​កម្ពុជា​, លោក Ryan Tierney លេខា​ទូត​ទី​១​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា និង​លោកស្រី Yeakyung Ji នាយករង​ប្រចាំ​ប្រទេស​នៃ​ភ្នាក់ងារ KOICA​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទៃ​ដី​បោសសម្អាត​រួច​ត្រូវ​ចុះ​ពិនិត្យ​មាន​ចំនួន ០២​កន្លែង រួមមាន​ទី​១/. លេខ LR/22478 មាន​ផ្ទៃដី ៥៤.៥០៣ ម៉ែត្រក្រឡា ស្ថិត​ក្នុង​ភូមិ​ខ្វាវ​លើ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក មាន​អ្នក​ទទួលផល​ចំនួន ២​គ្រួសារ សរុប​ចំនួន ៩​នាក់ និង​ទី​២/.​លេខ LR/23132 មាន​ផ្ទៃដី ២១.០៥០ ម៉ែត្រក្រឡា ស្ថិតក្នុង​ភូមិ​សុ​ភី​ជើង ឃុំ​សុ​ភី ស្រុក​អូរជ្រៅ មាន​អ្នកទទួលផល​៣​គ្រួសារ សរុប​ចំនួន ១៣​នាក់ ដែល​ផ្ទៃដី​ទាំងពីរ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​យកទៅ​ប្រើប្រាស់​សម្រាប់​ការធ្វើ​ស្រែ និង​ដាំដំឡូង​មី​។

លោក ប៊ឹ​ង ស្រួច សមាជិក​ក្រុមប្រឹក្សាឃុំ​ស្វាយចេក បាន​មានប្រសាសន៍ថា ទីតាំង​បោសសម្អាត​នេះ គឺជា​ទឹកដី​អតីត​សមរភូមិ​ក្តៅ​សំបូរ​ទៅដោយ​គ្រាប់មីន ប៉ុន្តែ​ដោយសារ​តម្រូវ​ការចាំបាច់ និង​ខ្វះ​ដី​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី បានសម្រេច​ឈួ​ស​ឆាយដី​នេះ​ទាំង​ប្រថុយប្រថាន ព្រមទាំង​បាន​រក​ឃើញ​គ្រាប់មីន​ជាច្រើន ហើយ​ត្រូវ​ផ្អាក​វិញ រង់ចាំ​កម្លាំង​បោសសម្អាត រហូតដល់​មានការ​បោសសម្អាត​ត្រឹមត្រូវ​ក្រោម​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​នេះ​។

លោក​បន្ត​ទៀត ទីតាំង​បោសសម្អាត​មីន​នេះ មិន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​គ្រោះថ្នាក់​ឡើយ ដោយសារ​ពួកគាត់​បាន​យល់ដឹង​ច្បាស់​អំពី​ស្ថានភាព​ទីតាំង​នេះ និង​បានទទួល​ការ​យល់ដឹង​បន្ថែម​អំពី​ការ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ពី​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​របស់​យើង​។​

ប្រជាពលរដ្ឋ​ជា​អ្នក​ទទួលផល ពិតជា​មាន​សេចក្តី​សប្បាយរីករាយ​ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​ម្ចាស់ជំនួយ ក្នុងការ​ជួយផ្តល់​សុខ​សុវត្ថិភាព​លើ​ដី​របស់​គាត់ ដែល​អាច​ឲ្យ​បង្កបង្កើនផល​ដោយ​គ្មាន​ការភ័យខ្លាច និង​មាន​ចំណូល​កើនឡើង​សម្រាប់​គ្រួសារ​របស់គាត់។

ក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការប្រើប្រាស់​ផ្ទៃដី​បោសសម្អាត​រួច​ឲ្យ​បាន​ច្រើន​និង​គ្រប់ៗ​គ្នា ដោយ​មិនត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ចោល​ឡើយ ដើម្បី​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​គ្រួសារ និង​ស្របតាម​បំណងប្រាថ្នា​ប្រកបដោយ​ទឹកចិត្ត​សប្បុរស​របស់​ម្ចាស់ជំនួយ​។ លោក​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​មិនត្រូវ​ចូលទៅក្នុង​តំបន់​ណា​ដែល​មិនទាន់​ធ្វើការ​បោសសម្អាត និង​សង្ស័យថា​មាន​មីន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម