ព័ត៌មានជាតិ
«យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ផ្តួចផ្តើមនិងដឹកនាំរៀបចំដោយក្រសួងបរិស្ថាន
ដោយមានការចូលរួមរបស់អង្គការអន្តរជាតិដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ និងប្រព្រឹត្តទៅរយៈពេល ៦ ខែនៅក្នុងបណ្តាខេត្តខាងកើតទន្លេមេគង្គរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ។
នេះគឺជាការប្រកាសឲ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នេះនៅទីស្តីការក្រសួងបរិស្ថាន ដែលមានការចូលរួមពីតំណាងអង្គការដៃគូរួមមានអង្គការមូលនិធិសកលសម្រាប់សត្វព្រៃ (WWF) សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID Green Prey Lang)។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ការបើកយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី៣ ខែមីនាស្របពេលដែលពិភពលោកប្រារព្ធទិវាសត្វព្រៃពិភពលោកផងដែរ និងមានគោលបំណងសំខាន់រួមមាន ការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិត សត្វ និងជីវិតមនុស្ស ពង្រឹងការអនុវត្តច្បាប់ ការផ្លាស់ប្តូរឥរិយាបថពលរដ្ឋឱ្យបង្កើនការប្រតិបត្តិមេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាក់ការជួញដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើនសុវត្ថិភាពដល់សត្វព្រៃគ្រប់ប្រភេទ។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថាស្ថានភាពនៃ ការការពារនិងអភិរក្សធនធានធម្មជាតិដែលជាទីជម្រករបស់សត្វព្រៃនៅកម្ពុជាមានភាពល្អប្រសើរ ដែលបានផ្តល់ជាជម្រក សម្រាប់សត្វព្រៃ និងជាប្រភពទឹក និងចំណីរបស់សត្វព្រៃ តែអ្វីដែលយើងត្រូវគិតគូរបន្ថែមទៀតគឺធ្វើឱ្យតំបន់ការពារធម្មជាតិ កាន់តែមានសុវត្ថិភាពសម្រាប់សត្វព្រៃនិងជីវៈចម្រុះផ្សេង ទៀត។ ឯកឧត្តមបានថ្លែងថា អន្ទាក់គឺកត្តាដែលគំរាមកំហែង ខ្លាំងចំពោះសត្វព្រៃ។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើថា បរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ២០២១ មានចំនួន ៦១៦១១ អន្ទាក់ កើនឡើងប្រមាណជាង២០% បើប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០ អន្ទាក់។ ឯកឧត្តមបានថ្លែងថា អន្ទាក់ដែលត្រូវបានដោះចេញ អន្ទាក់ជាឃាតកលាក់មុខដែលបន្តសម្លាប់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ព្រោះមានប្រភេទអន្ទាក់ឆក់ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទគ្រោះថ្នាក់ផ្សេងៗទៀត។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា យុទ្ធនាការ អន្ទាក់សូន្យនឹងជាផ្នែកមួយនៃការជួយបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយចំនួនអន្ទាក់នៅក្នុង តំបន់ការពារធម្មជាតិ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះដែរ ឯកឧត្តម គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានថ្លែងថាក្នុងយុទ្ធនាការនេះសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋតាមមូលដ្ឋានដែលមានទម្លាប់ដាក់អន្ទាក់ចាប់សត្វព្រៃឱ្យងាកមកគោរពច្បាប់ និងឱ្យពួកគាត់យល់ពីតម្លៃសត្វព្រៃ ហើយរួមគ្នាមកចូលរួមអភិរក្សសត្វព្រៃដែលជាសត្វមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានជាសាកល។ឯកឧត្រមបានថ្លែងថាកម្ពុជាមានច្បាប់សម្រាប់ដាក់ទោសវិន័យហើយនិងសម្រាប់បទល្មើសដាក់អន្ទាក់គឺជាច្បាប់ល្មើសធនធានធម្មជាតិថ្នាក់លេខ៣ដែលក្នុងនេះមានទាំងការផាកពិន័យនិងទោសទណ្ឌ ដោយក្នុងនេះអាចប្រឈមនឹងជាប់ពន្ធនាគារពី១-៥ឆ្នាំ និងពិន័យជាប្រាក់ពី១៥លានដល់១៥០លានរៀល។ ឯកឧត្តមមានប្រសាសន៍ថា ក្នុងយុទ្ធនាការនេះគឺយើងនឹងរួមគ្នាធ្វើឡើងរយៈពេល៦ខែ ហើយក្នុងអំឡុងពេលនេះយើងនឹងឱ្យអាជ្ញាធរមូលដ្ឋាននិងសហគមន៍រួមគ្នាទប់ស្កាត់ក៏ដូចជាអប់រំផ្សព្វផ្សាយឱ្យពួកគាត់យល់ច្បាស់ពីច្បាប់ ពីទោសទណ្ឌនិងរួមទាំងតម្លៃរបស់សត្វព្រៃ។
ជាមួយគ្នានេះលោក សេង ទៀក ប្រធានអង្គការ WWF បានឱ្យដឹងថា បច្ចុប្បន្នអន្ទាក់ដែលត្រូវបានគេដោះនៅតាមតំបន់ការពារធម្មជាតិបានត្រឹមតែ២០ភាគរយប៉ុណ្ណោះហើយចំនួន៨០ភាគរយទៀតមិនទាន់បានដោះដែលជនល្មើសបានដាក់នៅតាមតំបន់ធនធានធម្មជាតិនានានៅប្រទេសកម្ពុជា។ ប្រធានអង្គការ WWFរូបនេះបានលើកឡើងដោយបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ឆ្នាំ ២០២០នៅតាបន់អាស៊ីអាគ្នេយ៍មានអន្ទាក់ប្រមាណ១២លានអន្ទាក់ដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាមឡាវ ថៃនិងកម្ពុជាដែលកំពុងគំរាមកំហែងសត្វព្រៃ។ដោយអន្ទាក់ទាំងនេះគឺជាដមចមធ្វើឱ្យបាត់បង់នូវសត្វកម្រៗក្នុងលោកដូចជា ខ្លា ខ្លារខិន ខ្លាពពកស ឆ្កែព្រៃ ខ្លាឃ្មុំជាដើម។ ប្រធានអង្គការរូបនេះចង់ឱ្យស្ថាប័នពាក់ព័ន្ធអនុវត្តច្បាប់ចំពោះជនល្មើសសម្លាប់សត្វព្រៃកម្រ ក៏ដូចជាភោជនីយដ្ឋានឬតំបន់នានាដែលបានជួញដូរសត្វព្រៃ ដែលទាំងនេះសំដៅធ្វើយ៉ាងណាការពារសត្វព្រៃកម្ពុជាមិនឱ្យបាត់បង់ពូជនៅថ្ងៃខាងមុខ។

ទាក់ទិនក្នុងរឿងនេះដែរ លោក ឈិន សំអាត តំណាងមកគម្រោង USAID ព្រៃឡង់បៃតងបានលើកឡើងថា បើយើងពុំមានវិធានការណាមួយឱ្យជាក់លាក់ទៅលើបញ្ហាអន្ទាក់ដែលត្រូវបានជនល្មើសកំពុងប្រព្រឹត្តិរៀងរាល់ថ្ងៃទេយើងពិតជាទទួលរងផលលំបាកនិងសត្វព្រៃនឹងបាត់បង់បន្តបន្ទាប់ទៀតជាក់ជាពុំខាន។ទន្ទឹមជាមួយគ្នាក៏ត្រូវអនុវត្តច្បាប់និងការផ្សព្វផ្សាយក៏ជាការមួយចាំបាច់ដែលត្រូវធ្វើឡើងដល់សហគមន៍មូលដ្ឋានផងដែរ។

លោកប៊ូវរក្សសក្ស ប្រធានអង្គការ Birdlife in Cambodia បានលើកថា អន្ទាក់ក្រៅពីបានសម្លាប់សត្វជើងជំពាម សត្វព្រៃដទៃទៀតវាក៏បានសម្លាប់សត្វស្លាបជាបន្តបន្ទាប់ផងដែរ។ពួកគេក្រៅពីដាក់អន្ទាក់ នៅរាយមង និងដាក់ឧបករណ៍ដទៃទៀតសម្រាប់សម្លាប់សត្វដ៏កម្រថែមទៀត។ជាក់ស្តែងក្នុងឆ្នាំ ២០២១កន្លងមកសត្វត្រយ៉ងយក្ស៣ក្បាលត្រូវបានជាប់អន្ទាក់ ប៉ុន្តែត្រូវបានក្រុមសង្ក្រោះជួយដោះលែងវាវិញបានទាន់ពេលវេលា។ ដោយឡែក លោក Leremy Parker តំណាងមកពីអង្គការ FFI បានថ្លែងបញ្ជាក់ឱ្យដឹងថា អន្ទាក់គឺជាបញ្ហាមួយដែលយើងតែងជួបប្រទះ ហើយយើងចាំបាច់ត្រូវពង្រឹងតាមសហគមន៍ដើម្បីឱ្យគាត់ដើរល្បាត និងស្តារនៅតាមតំបន់សំខាន់ៗដើម្បីធ្វើយ៉ាងណាកុំឱ្យសម្លាប់សត្វបន្តទៅទៀត។
សូមបញ្ជាក់ថា ពិធីបើកយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញដោយមានការចូលរួមពីអន្តរក្រសួង រដ្ឋបាលខេត្តពាក់ព័ន្ធ នឹងអង្គការដៃគូនានាដែលសហការជាមួយក្រសួងបរិស្ថានក្នុងយុទ្ធនាការអន្ទាក់សូន្យនេះ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ