ព័ត៌មានជាតិ
កម្ពុជា ជំរុញឱ្យវិនិយោគិនអូម៉ង់មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យវិនិយោគិនអូម៉ង់ ឲ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។

ការជំរុញនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Saleh Mohamed Ahmed Al Suqri ឯកអគ្គរាជទូតតែងតាំងថ្មីនៃប្រទេសអូម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០២ ខែ មីនា ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សំដៅបន្តលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងបង្កើនទំហំពាណិជ្ជកម្មន វិនិយោគទ្វេភាគី នាពេលខាងមុខ។
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈបេសកកម្មការទូតដ៏មានអត្ថន័យជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ កម្ពុជា និងអូម៉ង់នឹងមានលទ្ធភាពពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្ពស់មួយកម្រិតទៀត។
លោកស្រីបានជម្រាបជូនពីកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា ដែលទ្រទ្រង់ដល់ធុរជន និងវិនិយោគិនគ្រប់ទីមជ្ឈដ្ឋាន ជាក់ស្តែងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន កម្ពុជា-កូរ៉េ និងក្របខណ្ឌអាស៊ានបូកដៃគូ និងអសិប(RCEP)។
ជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការ ក៏បានជម្រាបជូនពី “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣” ដែលមានសសរស្តម្ភចំនួន ៣ គឺ ការស្តាឡើងវិញ ការកែទម្រង់ និងការកសាងភាពធន់ ព្រមទាំងសមិទ្ធផលខ្ពស់នៃយុទ្ធនាការចាក់វ៉ាក់សាំង ដែលញ៉ាំងឱ្យមានការបើកសកម្មភាពសេដ្ឋកិច្ច-សង្គមក្នុងគ្រប់វិស័យទូទាំងប្រទេសឡើងវិញ។

លោកស្រីបានបន្ថែមថា« ក្នុងន័យនេះខ្ញុំ សូមលើកទឹកចិត្តវិនិយោគិនអូម៉ង់ចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ការចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងការវិនិយោគលើផលិតផលសក្តានុពលរបស់កម្ពុជា រួមមាន អង្ករ កៅស៊ូ ចេក ស្វាយ គ្រឿងអេឡិចត្រូនិច ទំនិញសម្រាប់ការធ្វើដំណើរ និងវាយនភ័ណ្ឌ។-ល-។»
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីការប្តេជ្ញាខ្ពស់របស់ភាគីអូម៉ង់ ដើម្បីលើកស្ទួយទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ កំពង់ផែអន្តរជាតិ និងសភាពាណិជ្ជកម្ម។
ជាងនេះទៅទៀត លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យមានការជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងធុរជន តាមរយៈការចូលរួមការតាំងពិព័រណ៌នានារបស់ភាគីទាំងពីរ ហើយបានស្នើឱ្យពិនិត្យលទ្ធភាពបង្កើតអនុស្សរណៈ ឬកិច្ចព្រមព្រៀងផ្សេងៗ ទៅតាមវិស័យអាទិភាពនីមួយៗរបស់ប្រទេសទាំងពីរ។
គួរបញ្ជាក់ថាទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូម៉ង់ សម្រេចបានប្រមាណ ៥,៥ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២០និង២០២១ហើយមុខទំនិញភាគច្រើនជាទំនិញវាយនភណ្ឌ ជី និង រ៉ែ៕សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ