ព័ត៌មានជាតិ
សេដ្ឋកិច្ចកម្ពុជា នឹងរងផលប៉ះពាល់កាន់តែខ្លាំងបើសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយពេលយូរ
អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា សង្រ្គាមនៅអឺរ៉ុប បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរ ក្នុងនោះក៏មានកម្ពុជាផងដែរ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញទស្សនៈថា សង្រ្គាមនៅអឺរ៉ុបនេះ គឺជាយុទ្ធសាស្រ្តថ្មី ដែលនាំឲ្យប្រទេសនៅលើពិភពលោករងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចខ្លាំង ដូចជាចិន និងកម្ពុជា ដែលជាប្រទេសនាំផលិតផលទៅអឺរ៉ុបច្រើន។ ប៉ុន្តែក៏មានប្រទេស ដែលចំណេញពីសង្គ្រាមនេះផងដែរ គឺប្រទេសអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។ លោកបណ្ឌិតបន្ថែមថា« សង្គ្រាមនេះ អាមេរិកតែងតែចិញ្ចឹមចិត្ត ហើយគាត់(អាមេរិក) មានភាពវៃឆ្លាតក្នុងការធ្វើសង្រ្គាម ដោយមិនឲ្យសង្គ្រាមកើតនៅក្នុងទ្វីបអាមេរិកទេ…យើងឃើញថា រាល់សង្រ្គាមទាំងអស់ តែងតែបង្កើតឲ្យមានបញ្ហានៅតាមតំបន់ផ្សេងៗ នៅពេលដែលប្រទេសនៅអឺរ៉ុបមានការរីកចម្រើន គឺរុញឲ្យមានសង្គ្រាមនៅអឺរ៉ុប ពេលដែលអាស៊ីមានការរីកចម្រើនរុញឲ្យមានសង្គ្រាមនៅអាស៊ី»។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ សង្កត់ធ្ងន់ថា បញ្ហានៅអឺរ៉ុប គឺជាវិបត្តិដ៏ធំមួយ ដែលនឹងប៉ះពាល់ដល់ទីផ្សាររបស់កម្ពុជា និងចិន ដោយសារ កម្ពុជា បាននាំចេញផលិតផលជាច្រើនទៅកាន់ទីផ្សារអឺរ៉ុប។ លោកបណ្ឌិតបន្តដូចច្នេះថា « បើសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន កើតឡើងរយៈពេលខ្លី នឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជាតិចតួចប៉ុណ្ណោះ ប៉ុន្តែបើសង្រ្គាមនេះអូសបន្លាយរ៉ាំរ៉ៃយូរ នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរកម្ពុជា ហើយក៏ប៉ះពាល់ដល់អឺរ៉ុបទាំងមូលផងដែរ»។
ពាក់ព័ន្ធនឹងវិបត្តិនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផងដែរ បាននិងកំពុងរងផលប៉ះពាល់ ដោយសារតែប្រេងចាប់ផ្ដើមឡើងថ្លៃ ដែលកើតចេញពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ សម្តេចមានប្រសាសន៍ថា «អ្វីដែលយើងបាននិងកំពុងមើលឃើញ ប៉ះពាល់ដល់ពិភពលោកសព្វថ្ងៃ គឺប្រេងឡើងថ្លៃ ព្រោះរុស្ស៊ីក៏ជាប្រទេសផលិតប្រេង មួយដ៏ធំនៅលើពិភពលោក… ប្រេងចាប់ផ្ដើមឡើងថ្លៃ នេះជាផលប៉ះពាល់ដែលចេញមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន»។ ប្រមុខដឹកនាំកម្ពុជា សង្កត់ធ្ងន់ថា វិបត្តិនេះ នឹងក្លាយជាបន្ទុកបន្ថែម ខណៈដែលពិភពលោកកំពុងញាំញីដោយជំងឺកូវីដ-១៩។ សម្តេចតេជោ ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី ០៣ ខែ មីនានេះ មានរយៈពេល៨ថ្ងៃហើយ ដែលផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕
អត្ថបទ៖ ទួន សុផល



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


