Connect with us

ព័ត៌មានជាតិ

អ្នកជំនាញសេដ្ឋកិច្ចថា ការប្រមូលលក់លាមកគោ ជន្លេន លៀស ឱ្យវៀតណាម នឹងប៉ះពាល់ដល់វិស័យកសិកម្ម

បានផុស

នៅ

មុននឹងក្តោបឱកាសលុយមួយពេល ពីការប្រមូលធនធានមានប្រយោជន៍ដូចជា លាមកគោ ជន្លេន និងលៀសជាដើម ក្នុងបរិមាណដ៏លើសលប់លក់ទៅឲ្យវៀតណាម ត្រូវគិតគូរឲ្យបានវែងឆ្ងាយពីផលប៉ះពាល់ទៅថ្ងៃមុខ។
នេះជាការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងវេទិកាពិភាក្សា ក្រោមប្រធានបទ “តើគួរធ្វើបែបណា ដើម្បីឲ្យវិស័យកសិកម្មនៅកម្ពុជា ដើរលឿនដូចប្រទេសជិតខាង” រៀបចំដោយកម្ពុជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតលើកឡើងបែបនេះ ដោយសារថាកន្លងមក បងប្អូនប្រជាកសិករយើងតែងប្រមូលអាចម៍គោលក់ឲ្យទៅឈ្មួញ ឬវៀតណាម ក្នុងតម្លៃទាប ហើយបែរទទួលទិញជីកែច្នៃ (ផលិតចេញពីជីធម្មជាតិ) ក្នុងតម្លៃគុណជា ៣-៤ ទៅវិញ។ លោកថា “វៀតណាមមកទិញអាចម៍គោពីយើង ហើយយកធនធាននោះទៅផលិតជាជី ដើម្បីលក់មកឱ្យយើងវិញ”។

បើតាមប្រសាសន៍របស់លោក ការប្រមូលទិញលាមកគោ ប្រជាពលរដ្ឋទទួលបានតែប្រមាណ ២០០០០ រៀល ប៉ុណ្ណោះក្នុងមួយបាវ តែជីធម្មជាតិ ១បាវនោះ អាចផលិតជាជីកែច្នៃប្រមាណជា ១០បាវ ឯណោះ និងលក់បានក្នុងតម្លៃថ្លៃ ទៀតផង។ លោកថា ប្រជាកសិករ គួរតែគិតពីសារប្រយោជន៍របស់ជីធម្មជាតិ ព្រោះវាឲ្យផលខ្លាំងណាស់ ចំពោះវិស័យកសិកម្ម ពិសេសមិនធ្វើឲ្យខូចដីស្រែ (ដីមិនរឹង មិនខ្សោះជីជាតិ) និងមិនចំណាយថវិកាលើការទិញជីកែច្នៃ។

ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះ ក៏បានលើកឡើងពីក្តីព្រួយបារម្ភ ចំពោះការប្រមូលទិញជន្លេនរបស់ឈ្មួញវៀតណាម ពីបងប្អូនប្រជាពលរដ្ឋ។ លោកថា បើសិនជាបងប្អូនប្រជាពលរដ្ឋ នាំគ្នាជីកយកជន្លេនដោយមិនបានគិតគូរ ពីការរក្សាប្រយោជន៍របស់វា នោះដីកសិកម្មនឹងរងផលប៉ះពាល់នៅថ្ងៃក្រោយមិនខាន ព្រោះជន្លេន ជួយច្រើនដល់ស្ថានភាពដី ធ្វើឱ្យដីផុសល្អ មិនរឹង ជាជំនួយដ៏សំខាន់ដល់ដីកសិកម្ម។

ដោយឡែក ពាក់ព័ន្ធនឹងការនេសាទលៀសវិញ លោកថា បច្ចុប្បន្នបងប្អូនប្រជានេសាទយើង បាននេសាទលៀស ក្នុងទ្រង់ទ្រាយ​ដ៏ធំ ក្រោមជំនួយជាឧបករណ៍របស់ឈ្មួញ ដោយអាចបូមយកលៀសបានក្នុងជម្រៅជ្រៅជាងមុន ដែលនេះមានផលប៉ះពាល់ជាងការបូបខ្សាច់ទ្វេដង។ ក្នុងន័យនេះ លោកចង់សំដៅដល់ផលប៉ះពាល់មច្ឋាជាតិ ដែលអាចកើតមាន​នាពេលខាងមុខ ព្រោះលៀស ជាចំណីត្រីគ្រប់ប្រភេទ បើធនធាននេះកាន់តែតិចតួចទៅ នោះត្រីនឹងបាត់បង់ដូចគ្នា។

ហេតុដូចនេះហើយ លោកស្នើឱ្យប្រជាកសិករ គិតគូរអត្ថប្រយោជន៍រយៈពេលវែង កុំសម្លឹងពីប្រយោជន៍រយៈពេលខ្លី អ្នកជំនាញរូបនេះថា បើទោះបីជាកម្ពុជាជាទឹកដីសុវណ្ណភូមិដ៏កម្រ តែបើបងប្អូនប្រជាពលរដ្ឋ មិនគិតគូរដល់ចំណុចនេះ អ្នកដែលរងគ្រោះគឺកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម