Connect with us

ព័ត៌មានជាតិ

ស្នងការខេត្តកោះកុង ៖ នារីជានគរបាល កម្លាំងកាយមិនស្មើបុរស តែស្មារតីប្រាជ្ញាសុទ្ធតែមុតមាំដូចគ្នា

បានផុស

នៅ

លោកស្នងការនគរបាលខេត្តកោះកុង បានអះអាងថា ថ្វីត្បិតកម្លាំងនគរបាលជានារី ពុំមានកម្លាំងកាយខ្លាំងជាងបុរសក៏ពិតមែន តែខាងផ្នែកស្មារតីប្រាជ្ញា សុទ្ធតែឆ្លាតវៃមុតមាំដូចនឹងបុរស ដែរ។ ការលើកឡើងយ៉ាងដូច្នេះ របស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នៅពេលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២ ចំថ្ងៃអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា លើកទី ១១១។

លោកឧត្តមសេនីយ៍ទោ គង់ មនោ បានបន្ថែមថា កម្លាំងនគរបាលជានារីៗ វ័យដែលទើបតែចូលបម្រើការងារនៅក្នុងខេត្ត គឺសុទ្ធតែទទូលបានការបណ្តុះបណ្តាល ជំនាញយុទ្ធវិធីការពារ និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំសំខាន់ដែលអញ្ជើញបេសកម្ម ក្នុងកម្មវិធីតូចធំទាំងអស់ដោយឥតរុញរាលនោះទេ។ ត្បិតពួកគេជានារីក៏ពិតប្រាកដ ប៉ុន្តែស្មារតីប្រាជ្ញាឆ្លាតវៃមុតមាំដូចនឹងបុរសដែរ។ ទោះយ៉ាងលោក ក៏ស្នើសុំដល់កម្លាំងនគរបាលជានារីវ័យក្មេង បន្តពង្រឹងសមត្ថភាពបន្ថែម ដើម្បីឈានដល់សម្រេចគោលដៅ ដែលខ្លួនពេញចិត្តទៅថ្ងៃមុខ។

បើតាមលោកស្នងការនគរបាលខេត្តកោះកុង សព្វថ្ងៃកម្លាំងនគរបាលនារីបែងចែកជា ២ផ្នែក រួមមានទី១-កម្លាំងនគរ បាលស្រ្តីវ័យចំណាស់ ណែនាំដល់ពួកគាត់ជួយពង្រឹង នូវវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងបរិវេនស្នងការដ្ឋាននគរបាល និងជុំវិញមូលដ្ឋានរស់នៅ។ និងទី២-កម្លាំងនគរ បាលជានារីវ័យក្មេង ត្រូវបានចូលអប់រំបណ្តុះបណ្តាល ផ្នែកយុទ្ធវិធីការពារ សិក្សាជំនាញបច្ចេកវិទ្យា និងផ្នែករដ្ឋបាលជំនាញផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពបន្ថែម មុននឹងចូលបម្រើការងារនៅតាមការិយាល័យនានា។

គួរជម្រាបដែរថា សព្វថ្ងៃ ស្នងការដ្ឋានខេត្តកោះកុង មានកម្លាំងនគរបាលជាស្រ្តីប្រមាណជិត ៧០នាក់ ដែលកំពុងបំពេញកិច្ចការងារ តាមការិយាល័យជំនាញរៀងៗខ្លួន ដោយមិនរាប់បញ្ចូនកងកម្លាំងនគរ បាលវរៈការពារព្រំដែនទឹក ឬផែនអន្តោប្រវេសន៍នោះទេ។

លោកស្រីឧត្តមសេនីយ៍ត្រី ពេជ្រ ស្រីពី ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា ដំណើរការយ៉ាងសកម្មរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី គណៈកម្មាធិការជាតិលើកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក៏ដូចជាយន្តការបញ្ច្រាប យេនឌ័រ នៅគ្រប់កម្រិតគ្រប់វិស័យ បាននឹងកំពុងរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈតួនាទី និងតម្លៃស្រ្តីរួមទាំងសីលធម៌សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា។

លោកស្រី ថ្លែងបន្ថែមថា រាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី គឺបានប្រឹងប្រែងជំរុញលើកកម្ពស់សមភាពយេនឌ័រ ដើម្បីស្រ្តីបានទទួលនូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍​ តាមរយៈការកែប្រែឥរិយាបថសង្គមឲ្យទទួលស្គាល់ ព្រមទាំងចាត់ទុកស្រ្តីជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ សង្គម និងវិស័យកងកម្លាំងប្រដាប់អាវុធ ជាដើម៕

អត្ថបទ៖ សិរីវឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម