Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ស្រុក​បាទី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សេវា​ប្រមូល​សំរាម ដើម្បី​ស្រប​ពេល​ស្រុក​មានការ​អភិវឌ្ឍ​ខ្លាំង

បានផុស

នៅ

តាកែវ ៖ ស្រប​ពេល​ដែល​ភូមិសាស្ត្រ ស្រុក​បាទី ខេត្តតាកែវ មានការ​អភិវឌ្ឍន៍​រីកចម្រើន​ខ្លាំង ក្នុងនោះ​មាន​ទាំង​រោងចក្រ​សហគ្រាស​ប្រមាណ​៣០​បាន​បោះ​ទីតាំង​នៅ​ក្នុង​ស្រុក​មួយ​នេះ រួមទាំង​ផ្សារ​ចំនួន​៤​នៅ​ទីប្រជុំជន​នៅ​លើ​ផ្លូវជាតិ​លេខ​២​និង​ផ្លូវជាតិ​លេខ​៣​ដែល​នាំ​ឲ្យ​មានការ​ពិបាក​ក្នុងការ​គ្រប់គ្រង​សំរាម ប្រភេទ​កាកសំណល់​រឹង​និង​រាវ អាជ្ញាធរ​ស្រុក​បាទី​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ២០២២​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សេវា​ប្រមូល​សំរាម ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ប្រមូល​សំរាម​ក្នុងស្រុក​បាន​ទាន់ពេលវេលា​និង​បង្កើន​សោភណភាព​របស់​ស្រុក។

លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី​បាន​ឲ្យ​ដឹង​ថា ការគ្រប់គ្រង​សំរាម​របស់​រដ្ឋបាល​ស្រុក​ពី​មុន​មក​គឺ​ធ្វើ​ឡើង​ដោយ​មិន​មាន​ភាព​ច្បាស់លាស់ ដោយ​ដោះស្រាយ​បញ្ហា​ឲ្យ​រួច​មួយ​គ្រាៗ​សិន ក៏​ប៉ុន្តែ​ដោយសារ​ស្ថានភាព​ស្រុក​មានការ​រីកចម្រើន​ខ្លាំង ព្រោះ​មាន​រោងចក្រ​សហគ្រាស​ចំនួន​ជាង​៣០ បាន​បោះទីតាំង​វិនិយោគ​នៅ​ក្នុង​ស្រុក​បាទី មាន​ផ្សារ​នៅ​ទីប្រជុំជន​ចំនួន​៤ រួម​និង​កំណើន​ប្រជាពលរដ្ឋ​កើនឡើង ដែល​នាំ​ឲ្យ​មានការ​ពិបាក​ក្នុងការ​ប្រមូល​សំរាម​និង​ដុត​សំរាម ដូច្នោះ​ក្រសួងបរិស្ថាន​បាន​ផ្ដល់​ឡ​ដុត​សំរាម​មួយ​មក​រដ្ឋបាល​ស្រុក ហើយ​រដ្ឋបាល​ស្រុក​បាន​ស្វែងរក​សេវា​ដើម្បី​សហការ​ប្រមូល​សំរាម​យកទៅ​ដុត​ឲ្យ​បាន​ទាន់ពេលវេលា​និង​ការគ្រប់គ្រង​សំរាម​ឲ្យ​បាន​ល្អ​ប្រសើរ​។

លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី​បាន​បន្ត​ទៀត​ថា ក្នុង​មួយថ្ងៃៗ​ស្រុក​បាទី​មាន​សំរាម​ប្រមាណ​២០​តោន ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​រួម​នឹង​សេវា​ប្រមូល​សំរាម​សហការ​គ្រប់គ្រង​បញ្ហា​សំរាម​នៅ​ក្នុង​ស្រុក​ឲ្យ​បាន​ល្អ​ប្រសើរ​។ លើសពីនេះ លោក​អភិបាលស្រុក​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​តាម​ផ្សារ និង​រោងចក្រ​សហគ្រាស សូម​រក្សា​ទុកដាក់ វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ល្អ កុំ​បោះចោល​ពាសវាល​ពាសកាល​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​សោភណភាព​ស្រុក ដោយ​រង់ចាំ​សេវា​ប្រមូល​សំរាម​ទៅ​ដឹកជញ្ជូន​ដល់​កន្លែង​ដើម្បី​យក​ទៅ​ដុត​បំផ្លាញ​ចោល​។

លោក ឡោ ជំនិត សេវា​ប្រមូល​សំរាម​បាន​ថ្លែង​ឲ្យ​ដឹងថា ការប្រមូល​សំរាម​នឹង​ចាប់ផ្ដើម​ពី​ខែ​កក្កដា ឆ្នាំ​២០២២​ទៅ ហើយ​ទីតាំង​ដុត​សំរាម​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​២ ហិតា ដោយ​ដុត​សំរាម​ប្រមាណ​៧​តោន​ក្នុង​មួយថ្ងៃ ហើយ​នៅពេល​ខាងមុខ​លោក​និង​បង្កើន​ទំ​ហំ​ផ្ទៃដី​និង​ទិញ​ឡ​ដុត​សំរាម​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ការ​ដុត​សំរាម​បាន​ទាន់ពេលវេលា​។ ពិសេស​ជា​ទិសដៅ​នៅ​ក្នុង​ការ​ប្រមូល​សំរាម​ដំបូង​គឺ​លោក​នឹង​ចាប់ផ្ដើម​ធ្វើការ​ប្រមូល​សំរាម​នៅតាម​ទីប្រជុំជន​និង​នៅតាម​ផ្លូវជាតិ​និង​ទីសាធារណៈ មុននឹង​ចាប់ផ្ដើម​ប្រមូល​សំរាម​តាម​រោងចក្រ​សហគ្រាស​និង​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​ក្នុងនាម​សេវា លោក​នឹង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ស្រុក​បាទី​ជា​ស្រុក​មួយ​ដែល​គ្រប់គ្រង​សំរាម​បានល្អ​៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម