Connect with us

ព័ត៌មានអន្ដរជាតិ

អស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026

បានផុស

នៅ

ជារឿងដ៏មហស្ចារ្យ ដែលសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសជាផ្លូវការថា ម្ចាស់ជើងឯកពានរង្វាន់ពិភពលោក World Cup 2026 នឹងទទួលបាន «ចិញ្ចៀនជើងឯក» Championship Rings ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៩៦ឆ្នាំនៃព្រឹត្តិការណ៍នេះ។

ចិញ្ចៀនជើងឯក (រូប៖ FIFA)

តាមសេចក្តីប្រកាសលើគេហទំព័រ FIFA ផ្ទាល់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ចិញ្ចៀនទាំងនេះ ជាប្រភេទ Limited-Edition ដែលផលិតឡើង ត្រឹមតែ ២ ០២៦ វង់ប៉ុណ្ណោះ ដោយមានវាយលេខរៀងដាច់ដោយឡែកពីគ្នា ចាប់ពី ១ ដល់ ២ ០២៦។

ចិញ្ចៀនជើងឯក (រូប៖ FIFA)

ចិញ្ចៀននេះ ធ្វើពីមាសទឹកដប់ និងដាំពេជ្រ ដោយផ្នែកម្ខាងមានរូបពានរង្វាន់ FIFA World Cup ចំណែកម្ខាងទៀត មានរូបឡូហ្គោ និងអត្តសញ្ញាណផ្ទាល់ របស់ប្រទេសដែលឈ្នះជើងឯក។

ចិញ្ចៀនជើងឯក (រូប៖ FIFA)

យ៉ាងណា ចិញ្ចៀនដែលច្នៃឡើងជាពិសេសចំនួន ៣០វង់ ត្រូវបានបម្រុងទុក សម្រាប់ផ្តល់ជូនកីឡាករ និងក្រុមការងារគ្រូបង្វឹកនៃក្រុមឈ្នះពាន ខណៈ ១ ៩៩៦វង់ដែលនៅសល់ នឹងត្រូវដាក់លក់ទូទាំងសកលលោក ជាវត្ថុអនុស្សាវរីយ៍ស្របច្បាប់ផ្លូវការ ដែលអនុញ្ញាតឲ្យអ្នកគាំទ្រ អាចមានឱកាសក្លាយជាម្ចាស់របស់វា។

ចិញ្ចៀនជើងឯក (រូប៖ FIFA)

ក្រោយចប់ការប្រកួតភ្លាម, កីឡាករ និងគ្រូបង្វឹកនៃក្រុមឈ្នះជើងឯក នឹងត្រូវទទួលបានចិញ្ចៀនតំណាងជាបណ្តោះអាសន្នសិនប៉ុណ្ណោះ ហើយថ្ងៃក្រោយ ទើបម្ចាស់កម្មសិទ្ធ ត្រូវគេទៅវាស់ខ្នាត ដើម្បីផលិតឲ្យត្រូវទៅតាមទំហំម្រាមដៃ របស់បុគ្គលម្នាក់ៗ។

ចិញ្ចៀនជើងឯក (រូប៖ FIFA)

មកទល់ពេលនេះ ក៏មិនទាន់មានព័ត៌មានជាក់លាក់ អំពីតម្លៃនៃចិញ្ចៀន ដ៏អស្ចារ្យនេះឡើយ។

សូមជម្រាបថា ក្រុម​ម្ចាស់​ការពារ​ជើង​ឯក​ អាហ្សង់ទីន នឹងត្រូវប៉ះ​​​ជា​មួយ អេស្ប៉ាញ នៅវគ្គ​ផ្តាច់​ព្រ័ត្រ FIFA World Cup ២០២៦ នាវេលា​ម៉ោង ២ យប់​អាធ្រាត្រ ថ្ងៃ​អាទិត្យ ទី​១៩ ឈាន​ចូល​ថ្ងៃ​ចន្ទ ទី​២០ ខែ​កក្កដា ឆ្នាំ ២០២៦ នៅ​កីឡដ្ឋាន MetLife ទី​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម